យុវជននិងឥទ្ធិពលនៃវប្បធម៌បរទេសនៅកម្ពុជា
Posted On : ឧសភា, 17, 2018 | By Vantha

ប្រទេសកម្ពុជាជាប្រទេសមួយដែលមានវប្បធម៌ និងអរិយធម៌រុងរឿងជាប្រវត្តិសាស្រ្តដែលមានរយៈពេលជាច្រើនសតវត្សណាស់មកហើយ។ ក្នុងកំឡុងសម័យអាណាចក្រខ្មែរចាប់ពីសតវត្សទី៩ និងទី១៤ ប្រទេសកម្ពុជាបានស្ថិតក្នុងសម័យកាលមាសហើយបានក្លាយជាចក្រភពដ៏មានឥទ្ធិពល រុងរឿង​ រីកចំរើន ដែលគ្របដណ្ដប់លើទឹកដីដ៏ធំនៃអាស៊ីអាគ្នេយ៍។

បច្ចុប្បន្ននេះប្រាសាទដ៏អស្ចារ្យដែលត្រូវបានកសាងឡើងក្នុងកំឡុងពេលនោះ ជាពិសេសមានដូចជាប្រាសាទអង្គរវត្ត ប្រាសាទបាយ័នជាដើម គឺជានិមិត្តរូបនៃអំណាច​ វប្បធម៌ដ៏រុងរឿង អរិយធម៌ ភាពវិសេសវិសាលនៃសិល្បៈស្ថាបត្យកម្ម និងសិល្បៈនៃការតុបតែងរបស់កម្ពុជា។ ឥទ្ធិពលនៃវប្បធម៌សម័យអង្គរនៅតែមានវត្តមានដល់សព្វថ្ងៃនេះ ព្រោះវាជាតំណាងឱ្យមោទនភាព និងជាតិនិយមនៃប្រទេសកម្ពុជានាពេលបច្ចុប្បន្ន។

ជាអកុសល ប្រទេសកម្ពុជាសព្វថ្ងៃកំពុងខិតខំដើម្បីថែរក្សាអត្តសញ្ញាណខ្លួនឯង និងមនសិការជាតិលើមោទនភាពនៃវប្បធម៌ និងអរិយធម៌របស់ខ្លួន។ ជាការពិតណាស់ប្រទេសកម្ពុជាកំពុងស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់នៃការបំភ្លេចវិញ្ញាណនៃវប្បធម៌ប្រពៃណី និងការយល់ច្រឡំនៃវប្បធម៌មុនរបស់ខ្លួន។

 

ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះវប្បធម៌បរទេស ជាពិសេសប្រទេសលោកខាងលិច ប្រទេសកូរ៉េ និងថៃបានជះឥទ្ធិពលយ៉ាងខ្លាំងដល់យុវវ័យរបស់កម្ពុជា តាមរយៈការផ្សាយតាមបណ្តាញទូរទស្សន៍យ៉ាងទូលំទូលាយ។ ជាឧទាហរណ៍យុវវ័យកម្ពុជាបានចាប់ផ្តើមយ៉ាងងាយក្នុងការទទួលយកស្ទីលកូរ៉េ និងថៃ សំដៅទៅម៉ូដសំលៀកបំពាក់​ ម៉ូដសក់ ការតុបតែងមុខ ការរាំ ម្ហូបអាហារ និងសូម្បីតែកាយវិការ។ ក្នុងករណីនេះក្មេងៗ និងយុវវ័យកំពុងភ្លេចអត្តសញ្ញាណរបស់ពួកគេថាជាខ្មែរ ពីព្រោះពួកគេបានបំបែកវប្បធម៌ និងរបៀបរស់នៅរបស់ខ្លួនទៅទទួលវប្បធម៌ដែលមានឥទ្ធិពលថ្មីពីប្រទេសផ្សេងៗ។ លើសពីនេះទៅទៀតប្រពៃណីបរទេស ជាពិសេសបុណ្យណូអែល ទិវានៃក្តីស្រឡាញ់ បុណ្យចូលឆ្នាំចិនជាដើម ត្រូវបានទទួលយកយ៉ាងទូលំទូលាយពីសំណាក់យុវវ័យ និងមនុស្សចាស់ៗខ្មែរ។ សំណួរដ៏សំខាន់មួយត្រូវបានចោទថា តើនឹងមានអ្វីកើតឡើងប្រសិនបើការអនុវត្តបែបនេះឆ្លងពីជំនាន់មួយទៅជំនាន់មួយទៀត? សម្រាប់ផលវិបាករយៈពេលវែង វាមិនមែនជាសញ្ញាល្អសម្រាប់វប្បធម៌កម្ពុជាទេព្រោះវប្បធម៌របស់យើងអាចនឹងមិនមានទៀតទេ។ ទោះជាយ៉ាងណាក៏ដោយភាគច្រើននៃអ្នកដែលទទួលឥទ្ធិពលខ្លាំងពីវប្បធម៌បរទេសមិនដឹងថាសកម្មភាពរបស់ពួកគេអាចនាំឱ្យបាត់បង់អត្តសញ្ញាណខ្លួននោះទេ។

ការស្វែងយល់ខាងវប្បធម៌ក្នុងចំណោមក្មេងជំនាន់ក្រោយ នឹងជំរុញការអភិរក្សវប្បធម៌ និងប្រឆាំងការពារនៃការហូរចូលពីឥទ្ធិពលវប្បធម៌បរទេស។ ខ្ញុំស្នើសុំឱ្យអាជ្ញាធរក្រុងនឹងខេត្តនានាបង្ហាញជាសាធារណៈនូវអគារប្រវត្តិសាស្រ្ត និងរចនាសម្ព័ន្ធប្រវត្តិសាស្ត្រដ៏ល្បីល្បាញ សិល្បះនៃការរចនា ម្ហូបអាហារ របៀបរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ និងទំនៀមទំលាប់សម្រាប់ភ្ញៀវទេសចរនិងសហគមន៍ផ្ទាល់។ វាជាគំនិតច្នៃប្រឌិតមួយដើម្បីដាក់បញ្ចូលគ្នារវាងសិល្បៈប្រពៃណីជាមួយនឹងគំនិតច្នៃប្រឌិតថ្មីដោយការណែនាំពីគំនិតប្រពៃណីជាមួយនឹងរបស់ផ្សេងៗដូចជាតន្ត្រី រាំ ភាពយន្ត និងបច្ចេកវិទ្យា។ ជាឧទាហរណ៍ជនជាតិខ្មែរស្លៀកពាក់កន្សែងរឺជាទូទៅគេស្គាល់ថាជាក្រមា រួមជាមួយសំពត់វែងឬសំពត់។ ដោយការបង្ហាញជាសាធារណៈនេះ អ្នកគ្រប់គ្នានឹងដឹងអំពីប្រពៃណីនិងវប្បធម៌ប្រជាប្រិយ ដែលមិនដែលស្គាល់និងដើម្បីអភិរក្សបេតិកភណ្ឌវប្បធម៌របស់យើង។ ពិតណាស់របាំបុរាណ និងការប្រារព្ធពិធីបុណ្យគឺជាពន្លឺនៅក្នុងពិភពសិល្បៈខ្មែរ។ អាជ្ញាធរសាធារណៈជាពិសេសក្រសួងវប្បធម៌និងវិចិត្រសិល្បៈគួរចាប់ផ្តើមការសម្តែងប្រពៃណីឬវប្បធម៌នៃល្ខោនយីកេ – ឬល្ខោននិយាយ រាំរបាំបុរាណ​ ល្ខោនស្បែកធំ ឬការសម្តែងល្ខោនស្រមោល … ល។ ​ក្នុងគោលបំណងដើម្បីទាក់ទាញចំណាប់អារម្មណ៍របស់យុវវ័យ។ លើសពីនេះទៅទៀតរដ្ឋាភិបាលគួរតែលើកទឹកចិត្តដល់ការបញ្ចាំងការសម្តែងវប្បធម៌របស់ខ្លួន កម្មវិធីផ្សេងៗរបស់ខ្មែរនិងខ្សែភាពយន្តនៅតាមស្ថានីយ៍ទូរទស្សន៍។

យុវជនជំនាន់ក្រោយអាចដើរតួយ៉ាងសំខាន់ក្នុងការគ្រប់គ្រងឥទ្ធិពលនៃវប្បធម៌បរទេស និងលើកកម្ពស់វប្បធម៌នឹងអត្តសញ្ញាណផ្ទាល់ខ្លួនទៅកាន់ពិភពលោក។ សុភាសិតខ្មែរមួយបានពោលថា: “វប្បធម៌ស្លាប់ជាតិរ​លាយ វប្បធម៌ពន្លរាយជាតិថ្កើងថ្កាន ” ។ សុភាសិតនេះមានគោលបំណងក្នុងការលើកទឹកចិត្តដល់ប្រជាជនកម្ពុជាឱ្យប្រកាន់ខ្ជាប់ និងថែរក្សាអត្តសញ្ញាណរបស់ខ្លួនជាប្រជាជាតិរួបរួមមួយ។ ជាការពិតណាស់ការទទួលយក និងការយល់ដឹងអំពីវប្បធម៌បរទេសមិនមែនមានន័យថាអាក្រក់ទាំងអស់នោះទេ។ យើងគួរតែធ្វើតាមដោយការត្រិរិះពិចារណាយ៉ាងច្បាស់លាស់។ មនុស្សអាចទទួលអត្ថប្រយោជន៍ពីឥទ្ធិពលវប្បធម៌សម្រាប់ចំណុចវិជ្ជមាន​ ប្រសិនបើអាចធ្វើបានធ្វើឱ្យការអនុវត្តថ្មីរបស់យើងផ្ទាល់ វានឹងមិនប៉ះពាល់ដល់វប្បធម៌របស់យើង៕

Related Posts

សំឡេងទីក្រុង!

សំឡេងទីក្រុង!