express-logo-for-hotnews

បច្ចុប្បន្ន កម្ពុជា​ពឹងផ្អែក​លើ​វិស័យ​អ្វី​ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ ?

ប្រភព ៖ កោះសន្តិភាព

ក្នុងបរិបទនៃការអភិវឌ្ឍប្រទេស ក៏ដូចជាជំរុញកំណើនសេដ្ឋកិច្ចជាតិមួយរយៈកាលកន្លងមក កម្ពុជាតែងពឹងផ្អែកលើវិស័យកសិកម្មជាស្នូលដ៏សំខាន់ ប៉ុន្ដែសព្វថ្ងៃនេះ កម្ពុជាបានប្រែខ្លួនបន្តិចម្តងៗចេញពីការលែងពឹងផ្អែកទាំងស្រុងលើវិស័យកសិកម្មទៀតហើយ ។ ដូច្នេះ ដើម្បីជំរុញសេដ្ឋកិច្ចជាតិ តើកម្ពុជាងាកមកពឹងផ្អែកលើវិស័យអ្វី ?

មន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្មបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាបានឈានផុតពីប្រទេសពឹងផ្អែកទាំងស្រុងទៅលើវិស័យកសិកម្ម មកពឹងផ្អែកលើឧស្សាហកម្ម ព្រោះវិស័យនេះចាប់ផ្តើមមានកំណើនខ្ពស់ ហើយពាណិជ្ជករកម្ពុជាត្រូវចេះចាប់យកឱកាសលើវិស័យនេះ ។

លោក ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម និងសិប្បកម្ម មានប្រសាសន៍ក្នុងមហាសន្និបាតប្រព័ន្ធទំនាក់ទំនងធុរកិច្ចអន្តរជាតិ ប៊ី អិន អាយ កាលពីថ្ងៃទី២ កញ្ញាថា ៖«ចាប់ពីឆ្នាំ២០១៣ រហូតមកដល់សព្វថ្ងៃនេះ គឺកំណើននៅក្នុងវិស័យឧស្សាហកម្មបានកើនខ្ពស់ជាងវិស័យកសិកម្មហើយ មានន័យថា កម្ពុជាយើងបានចាកផុតពីប្រទេសដែលពឹងផ្នែកទាំងស្រុងទៅលើវិស័យកសិកម្ម ក្លាយទៅជាប្រទេសពឹងផ្អែកលើវិស័យកសិ-ឧស្សាហកម្ម » ។

លោក ហេង សុខគង់ លើកឡើងថា ៖«នៅពេលប្រទេសមួយបានឈានផុតពីប្រទេសកសិកម្ម បានន័យថា ប្រទេសនោះមានកំណើនសេដ្ឋកិច្ចខ្ពស់គួរសម ជាពិសេស បានចាកផុតពីប្រទេសអភិវឌ្ឍន៍តិចតួចកាលនៅឆ្នាំ២០១៥។ នេះជាបរិយាកាសថ្មីមួយទៀតដែលប្រទេសកម្ពុជាមិនត្រូវពឹងផ្អែកទាំងស្រុងទៅលើកសិកម្មទេ ត្រូវឈានចាប់យកចំណុចមួយៗ ដែលជាឱកាសនៃវិស័យឧស្សាហកម្មមានកំណើនខ្ពស់ » ។

express-logo-for-hotnws

ទន្ទឹមនឹងវិស័យឧស្សាហកម្មរីកចម្រើននាំមុខវិស័យកសិកម្ម លោករដ្ឋលេខាធិការបញ្ជាក់ថា៖« កាលពីឆ្នាំ២០១៣ វិស័យឧស្សាហកម្ម យើងមានកំណើនជាង២០% ប៉ុន្តែមកដល់ឆ្នាំ២០១៦កន្លងទៅ បានឈានមកដល់២៩%  តែកំណើននេះបើយើងប្រៀបធៀបនឹងប្រទេសដទៃ គឺនៅទាប ។ ប៉ុន្តែបើយើងក្រឡេកទៅមើលគោលដៅកំណត់នៅឆ្នាំ២០២៥ គឺត្រឹមតែ៣០% ប៉ុណ្ណោះ ។ អីចឹង យើងបានមកកៀកមែនទែននៃកំណើនទិសដៅដែលបានដាក់ចេញនៅក្នុងវិស័យឧស្សាហកម្ម » ។

ស្របពេលកម្ពុជាឈានចូលជាប្រទេសពឹងផ្អែកទៅលើវិស័យឧស្សាហកម្ម លោក ហេង សុខគង់ បន្តថា បច្ចុប្បន្ន កម្ពុជាមានសហគ្រាសធុនតូច និងមធ្យមនៅទូទាំងប្រទេសសរុបជាង៥២ម៉ឺន ចាប់ពីកម្រិតតូចបំផុតរហូតដល់មធ្យម និងរោងចក្រធំៗជាង១.៦០០រោងចក្រ ហើយបានផ្តល់ការងារដល់ពលរដ្ឋកម្ពុជាប្រមាណ១,៨លាននាក់។ សហគ្រាសធុនតូច និងមធ្យម របស់កម្ពុជាទាំងនេះបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិទាំងមូល ។

សេដ្ឋវិទូ លោក ង៉ែត ជូ មានប្រសាសន៍ថា ៖« វិស័យកសិកម្មនៅតែរួមចំណែកសំខាន់ទាក់ទងនឹងវិស័យសេដ្ឋកិច្ច ព្រោះយើងនៅមានចំនួនពលរដ្ឋច្រើននៅឡើយដែលពឹងផ្អែកលើវិស័យនេះ ។ បើយើងនៅក្នុង GDP វិញ ធាតុផ្សំនៃផលិតផលក្នុងស្រុក វិស័យកសិកម្មនៅតែរួមចំណែកជាង២០%នៃ GDP ទាំងមូល ។ អីចឹង បើថាយើងមកផ្តោតលើវិស័យឧស្សាហកម្មវិញ ខ្ញុំគិតថា ដូចជាមិនទាន់ដល់ពេលទេ ព្រោះឧស្សាហកម្មយើងនៅមានកម្រិតទាប » ។

លោកបន្តថា ៖« ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិបន្ត យើងគួរផ្តោតទៅលើការកែច្នៃផលិតផលកសិកម្ម ព្រោះនាពេលបច្ចុប្បន្ន យើងផ្តោតលើការលក់វត្ថុធាតុដើម ហើយការកែច្នៃនេះជារឿងសំខាន់ ។ ត្រូវរៀបចំវិស័យទេសចរណ៍ឱ្យមានលក្ខណៈទំនើបដើម្បីទាក់ទាញភ្ញៀវទេសចរស្នាក់នៅបានយូរ ។ លើសពីនេះ ដើម្បីឱ្យកម្ពុជាដើរទាន់ស្ថានការណ៍ពិភពលោក ក៏ដូចជាការប្រកួតប្រជែង គឺត្រូវធ្វើទំនើបកម្មកាត់ដេរសម្រាប់ជំរុញផលិតភាពប្រកួតប្រជែងនាពេលអនាគត » ។

យ៉ាងណាមិញ ក្រោមការដឹកនាំរបស់សម្តេចតេជោ រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយឧស្សាហកម្ម (២០១៥-២០២៥) ដើម្បីជាមគ្គុទេសក៍ជំរុញការអភិវឌ្ឍវិស័យឧស្សាហកម្មនៅកម្ពុជា ដែលនឹងរួមចំណែកដល់ការរក្សាកំណើនសេដ្ឋកិច្ចខ្ពស់ប្រកបដោយចីរភាព និងបរិយាប័ន្ន តាមរយៈការធ្វើពិពិធកម្មសេដ្ឋកិច្ច ការពង្រឹងភាពប្រកួតប្រជែង និងការលើកកម្ពស់ផលិតភាព ។

បើយោងតាមគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មឆ្នាំ២០១៥-២០២៥ បានបញ្ជាក់ថា ដើម្បីសម្រេចចក្ខុវិស័យនេះ គឺរាជរដ្ឋាភិបាលកំណត់នូវគោលដៅ៣សំខាន់គឺ៖

១-បង្កើនចំណែកនៃវិស័យឧស្សាហកម្មក្នុង ផសស ឲ្យបានដល់៣០%នៅឆ្នាំ២០២៥ (២៤,១% នៃផសស នៅឆ្នាំ២០១៣) ដែលវិស័យកម្មន្តសាលត្រូវកើនឡើងពី១៥,៥% នៃ ផសស នៅឆ្នាំ២០១៣ ទៅដល់២០%នៅឆ្នាំ២០២៥ ។

២-ជំរុញពិពិធកម្មមុខទំនិញ ដោយបង្កើនការនាំចេញទំនិញកម្មន្តសាល មិនមែនវាយនភ័ណ្ឌឲ្យបាន១៥% នៃបរិមាណនាំចេញសរុបនៅឆ្នាំ២០២៥ ទន្ទឹមនឹងជំរុញការនាំចេញទំនិញកែច្នៃកសិកម្មឲ្យបាន១២% នៃបរិមាណនាំចេញសរុបនៅឆ្នាំ២០១៥ ។

៣-កំណត់គោលដៅនៅឆ្នាំ២០២៥ ឲ្យសហគ្រាសធុនតូចចំនួន៨០% និងសហគ្រាសធុនមធ្យម៩៥% បានចុះបញ្ជីជាផ្លូវការ ហើយសហគ្រាសធុនតូច៥០% និងសហគ្រាសធុនមធ្យម៧០% មានបញ្ជិកាគណនេយ្យ និងតារាងតុល្យការត្រឹមត្រូវ ។

ហេតុដូច្នេះ បានជារាជរដ្ឋាភិបាលសម្រេចដាក់ចេញនូវយុទ្ធសាស្ត្រគន្លឹះធំៗចំនួន៤ ដែលគន្លឹះសំខាន់មួយនោះ គឺការកៀងគរ និងទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស និងវិនិយោគឯកជនក្នុងស្រុក ដោយផ្តោតលើឧស្សាហកម្មធំៗ, ការអភិវឌ្ឍទីផ្សារ និងការអភិវឌ្ឍ/ផ្ទេរបច្ចេកវិទ្យាជាដើម ៕

Leave a Reply