សេវាកម្មតាក់ស៊ីលើទឹក: ជម្រើសមួយដើម្បីជៀសវាងការកកស្ទះចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ

នៅពេលមនុស្សនិយាយអំពី “ហេដ្ឋារចនាសម្ព័ន្ធនៃការដឹកជញ្ជូន” ពួកគេទាំងអស់សុទ្ធតែបានលើកឡើងពីមធ្យោបាយដឹកជញ្ជូនតាម ផ្លូវល្បឿនលឿន ផ្លូវថ្នល់ ផ្លូវដែក កំពង់ផែជាដើម។ មិនសូវមានមនុស្សច្រើនទេដែលបានដឹងថាតាមផ្លូវទឹកវាមានសក្តានុពលខ្លាំងក្នុងការលើកកម្ពស់ការប្រកួតប្រជែងលើផ្នែកសេដ្ឋកិច្ចរបស់កម្ពុជា។ តាមភូមិសាស្រ្តទន្លេមេគង្គបានហូរឆ្លងកាត់ប្រទេសកម្ពុជាប្រហែល ៤៨០ គីឡូម៉ែត្រ ពីព្រំប្រទល់ឡាវនៅភាគខាងជើងមកទីក្រុងភ្នំពេញ និងទៅវៀតណាមនាប៉ែកខាងត្បូងដែលមានទទឹងជាមធ្យមប្រមាណ ១,៥ គីឡូម៉ែត្រនិងតភ្ជាប់ជាមួយទន្លេសំខាន់ៗផ្សេងទៀតដូចជាទន្លេបាសាក់និងទន្លេសាប។

ផ្លូវទឹកទាំងនោះជាប្រព័ន្ធផ្លូវទឹកបែបធម្មជាតិដ៏សំខាន់ ដែលប្រទេសកម្ពុជាត្រូវបានប្រទាន។ តាមរយៈការធ្វើឱ្យប្រសើរឡើងនូវសកម្មភាពតាមផ្លូវទឹក វានឹងត្រូវបានគេប្រើប្រាស់ដោយមានអត្ថប្រយោជន៍ក្នុងតម្លៃទាប ក្នុងការដឹកជញ្ជូនផលិតផលកសិកម្ម ទំនិញ ផលិតផលនាំចេញ និងធនធានផ្សេងទៀតពីខេត្តក្រុងនានាទៅកំពង់ផែភ្នំពេញ។ ប្រសិនបើរដ្ឋាភិបាលកម្ពុជាលើកទឹកចិត្តដល់សកម្មភាពដឹកជញ្ជូនបែបនេះវានឹងអាចកាត់បន្ថយការដឹកជញ្ជូនចរាចរណ៍ធ្ងន់ៗ ពីតាមបណ្តាខេត្តនានាទៅរដ្ឋធានី។

ការដឹកជញ្ជូនតាមផ្លូវទឹកនៅតែដើរតួនាទីជាមធ្យោបាយដឹកជញ្ជូនដែលមានសារៈប្រយោជន៍ខ្លាំងបំផុតបំផុត​។​ ចំពោះសេដ្ឋកិច្ចសម្រាប់ប្រទេសដែលមានឧបសគ្គផ្នែកខាងភស្តុភារ មធ្យោបាយតាមផ្លូវទឹកអាចធ្វើឱ្យមានការប្រសើរឡើងនូវការតភ្ជាប់និងគាំទ្រដល់ការដឹកជញ្ជូនទំនិញ។ រាជរដ្ឋាភិបាលដោយមានម្ចាស់ជំនួយពីអន្តរជាតិបានគ្រោងសាងសង់បណ្តាញកំពង់ផែនៅតាមដងទន្លេមេគង្គដើម្បីសម្របសម្រួលដល់អ្នកដំណើរនិងការដឹកទំនិញ។

បច្ចុប្បន្ននេះរដ្ឋាភិបាលកម្ពុជាកំពុងណែនាំសេវាដឹកជញ្ជូនអ្នកដំណើរតាមផ្លូវទឹកតាមដងទន្លេមេគង្គ ទន្លេសាបនិងទន្លេបាសាក់មកកាន់រាជធានីភ្នំពេញ។ ទោះបីប្រជាជនកម្ពុជាមានការនិយមខ្លាំងក្នុងការប្រើម៉ូតូឬរថយន្តផ្ទាល់ខ្លួនក៏ដោយប៉ុន្តែតាក់ស៊ីផ្លូវទឹកអាចទាក់ទាញចំណាប់អារម្មណ៍របស់ពួកគាត់ ហើយវាអាចផ្លាស់ប្តូរផ្នត់គំនិតរបស់ពួកគាត់ ជាពិសេសក្នុងចំណោមក្មេងៗជំនាន់ក្រោយ ក្នុងការគាំទ្រការដឹកជញ្ជូនសាធារណៈ។ មិនត្រឹមតែកាត់បន្ថយការដឹកជញ្ជូនតាមផ្លូវទឹកទេការដឹកជញ្ជូនអ្នកដំណើរតាមផ្លូវទឹកនឹងក្លាយជាដំណោះស្រាយជំនួសមួយដើម្បីបន្ធូរការកកស្ទះចរាចរណ៍នៅក្នុងរដ្ឋធានី។

រដ្ឋាភិបាលកំពុងបើកដំណើរការសេវាកម្មដឹកជញ្ជូនអ្នកដំណើរតាមផ្លូវទឹកនាមុនពេលចូលឆ្នាំខ្មែរឆ្នាំ ២០១៨ ។ សេវាកម្មផ្លូវទឹកនឹងរត់ក្នុងចម្ងាយ ២៥ គីឡូម៉ែត្រក្នុងរយៈពេលប្រហែល ៣៤ នាទីជាមធ្យម។ ស្ថានីយបណ្តែតទឹកចំនួន៦កំពុងតែសាងសង់ហើយវានឹងត្រូវបានប្រើប្រាស់ជាស្ថានីយ៍ចំណត។ យោងតាមបណ្តាញហ្វេសប៊ុករបស់ក្រសួងសាធារណការនិងដឹកជញ្ជូនបានឱ្យដឹងថា ស្ថានីយចំណតតាមផ្លូវទឹកនឹងត្រូវបានពង្រីកបន្ថែមដល់ទៅ១៥ស្ថានីយទៀត។ ស្ថានីយ៍ដឹកជញ្ជូននីមួយៗនឹងត្រូវបានតភ្ជាប់គ្នាជាមួយនឹងចំណតរថយន្ដក្រុងដើម្បីធ្វើឱ្យកាន់តែងាយស្រួលដល់អ្នកដំណើរ។ សម្រាប់ដំណាក់កាលដំបូងគិតត្រឹមពាក់កណ្តាលខែមេសាឆ្នាំនេះសេវាកម្មតាក់ស៊ីតាមទឹកនឹងផ្តល់សេវាដឹកជញ្ជូនតាមរយៈការចេញដំណើរពីព្រែកព្នៅទៅក្រុងតាខ្មៅខេត្តកណ្តាលតាមរយៈស្ថានីយលើទឹកចំនួន៦ដំបូង។

យោងតាមក្រសួងសាធារណការនិងដឹកជញ្ជូនបានឱ្យដឹងថាទូកចំនួន២០គ្រឿងនឹងត្រូវបានប្រើប្រាស់ដើម្បីបម្រើដល់អ្នកដំណើរចំនួន៤ជើងជារៀងរាល់ថ្ងៃ។ ទូកនេះមានសមត្ថភាពអាចផ្ទុកអ្នកដំណើររហូតដល់ទៅ៩០នាក់ហើយបំពាក់ជាមួយនឺងម៉ាស៊ីនត្រជាក់និងប្រព័ន្ធសុវត្ថិភាព ព្រមទាំងអាចធ្វើដំណើរបាន៣០គីឡូម៉ែត្រក្នុងមួយម៉ោង។ ប្រសិនបើការធ្វើដំណើរតាមផ្លូវទឹកនេះបានដំណើរការ អ្នកធ្វើការទូទៅ និងកម្មកររោងចក្រមួយចំនួនដែលស្ថិតនៅមិនឆ្ងាយពីច្រាំងទន្លេនឹងអាចទាញយកប្រយោជន៍ពីសេវាកម្មនេះ។ ទោះជាយ៉ាងណាក៏ដោយរហូតមកដល់ពេលនេះមិនមានព័ត៌មានលម្អិតស្តីពីកាលវិភាគ​ ហើយនិងតម្លៃក្នុងការជិះតាក់ស៊ីតាមផ្លូវទឹកសម្រាប់ការបើកដំណើរការដំបូងនៅឡើយទេ … ល។

រដ្ឋាភិបាលកម្ពុជាត្រូវតែប្រើប្រាស់ឱ្យអស់សក្តានុពល នូវប្រព័ន្ធផ្លូវទឹកធម្មជាតិនេះ។ ក្នុងរយៈពេលវែងជាងនេះ​​   រដ្ឋាភិបាលនឹងពង្រីកសេវាដឹកជញ្ជូនតាមផ្លូវទឹកសម្រាប់ទាំងមនុស្សនិងទំនិញ និងសម្រាប់វិស័យទេសចរណ៍ផងដែរ។ នៅក្នុងដំណាក់កាលបន្ទាប់ ក្រសួងសាធារណការនិងដឹកជញ្ជូននឹងចាប់ផ្តើមការដឹកជញ្ជូនទំនិញដែលតភ្ជាប់ទៅកំពង់ផែរាជធានីភ្នំពេញសម្រាប់ការដឹកជញ្ជូនផលិតផលកសិកម្ម។ ការធ្វើដំណើរតាមទូកគឺមានល្បឿនលឿនជាងបីដងនៃការធ្វើដំណើរតាមផ្លូវគោកពីព្រោះគ្មានការកកស្ទះចរាចរណ៍នៅលើផ្លូវទឹកទេ។ វាជាការគិតគូរដ៏វែងឆ្ងាយចំពោះការដឹកជញ្ជូនតាមផ្លូវទឹកនាពេលអនាគត។ ការដឹកជញ្ជូនតាមផ្លូវទឹកដើរតួនាទីយ៉ាងសំខាន់ក្នុងការកាត់បន្ថយការកកស្ទះចរាចរណ៍តាមដងផ្លូវពីបណ្តាខេត្តនានាមករាជធានីភ្នំពេញ​ ក្នុងទីក្រុង​ផ្ទាល់ និងដើម្បីកាត់បន្ថយយានយន្តធុនធ្ងន់ដែលបណ្តាលឱ្យខូចខាតផ្លូវនិងគ្រោះថ្នាក់ចរាចរណ៍។

Leave a Reply

Your email address will not be published. Required fields are marked *