យុទ្ធនាការតាមប្រព័ន្ធអ៊ីនធីណែតស្តីពីសំរាមរបស់សំឡេងទីក្រុងកម្ពុជា
Posted On : វិច្ឆិកា, 20, 2015 | By Chamroeun Soy

សេចក្តីផ្តើម
សំរាមបានក្លាយជាបញ្ហាប្រឈមមួយនៅក្នុងរាជធានីភ្នំពេញ ស្របពេលដែលទីក្រុងនេះទទួលនូវកំណើនសេដ្ឋកិច្ច ការពង្រីកទីក្រុង លំហូរចូលនៃប្រជាពលរដ្ឋ និងកំណើនទ្វេដងកាកសំណល់ក្នុងទីក្រុង ។ ការគ្រប់គ្រងសំរាមប្រកប
ដោយប្រសិទ្ធិភាពចាំបាច់ត្រូវមានការចូលរួមចំណែកពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសគឺបងប្អូនប្រជាពលរដ្ឋនៅក្នុងទីក្រុង ។

បញ្ហាប្រឈមស្តីពីសំរាម
ប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញកំពុងមានការព្រួយបារម្ភអំពីការទុកដាក់សំរាម និងការរស់ក្នុងកន្លែងដែលព័ទ្ធជុំវិញ
ដោយសំរាម ។ ការរស់នៅក្បែរគំនរសំរាម បង្កឲ្យមានផលប៉ះពាល់សុខភាព និងសុខុមាលភាពប្រជាជនក្នុងរយៈពេលវែង រីឯក្លិនស្អុយនៃសំរាមធ្វើឲ្យមនុស្ស ជាពិសេសកុមារតូចៗ មានអារម្មណ៍ធុញ ប៉ះពាល់ផ្លូវដង្ហើម និងអាចបង្កឲ្យកុមារមាន
ជំងឺរាគរួស រីកធំធាត់យឺតជាងវ័យ ។ល។
នៅតាមចិញ្ចើមផ្លូវ ទោះផ្លូវតូចក្តី ធំក្តី មានគំនរសំរាមជាច្រើន មិនមានការវេចខ្ចប់ត្រឹមត្រូវ គ្មានការបែងចែកប្រភេទសំរាម រាយគ្មានសណ្តាប់ធ្នាប់ ដែលធ្វើឲ្យបាត់សោភ័ណ្ឌភាពទីក្រុង និងជះក្លិនក្រៃដល់អ្នកដំណើរ ។ ការណ៍នេះជាលទ្ធផលនៃ
ឥរិយាបទអវិជ្ជមានរបស់ម្ចាស់សំរាម និងការប្រមូលសំរាមគ្មានកាលវិភាគត្រឹមត្រូវរបស់ក្រុមហ៊ុនស៊ិនទ្រីដែលទទួលបន្ទុក
ផ្តាច់មុខប្រមូលសំរាមនៅក្នុងទីក្រុង ។ ភាគីពាក់ព័ន្ធត្រូវរួមចំណែកក្នុងការដោះស្រាយបញ្ហាសំរាមទាំងអស់គ្នាដោយ
ការទទួលខុសត្រូវខ្ពស់បំផុត ។

យុទ្ធនាការតាមប្រព័ន្ធអ៊ីនធីណែតស្តីពីសំរាមរបស់សំឡេងទីក្រុងកម្ពុជា
ពិតណាស់ថាការចូលរួមជាវិជ្ជមាន និងប្រកបដោយអត្ថន័យពីប្រជាពលរដ្ឋ គឺជាកម្លាំងចលករឈានទៅដល់ការកាត់
បន្ថយបញ្ហាប្រឈមធ្ងន់ធ្ងរដែលកើតចេញពីសំរាម ។ នាពេលថ្មីៗនេះ នៅតាមប្រព័ន្ធផ្សព្វផ្សាយ ទាំងជាតិ និងអន្តរជាតិ ស្ថានីយទូរទស្សន៍ និងសារគមនាគមន៍បើកទូលាយបានផ្តោតការយកចិត្តទុកដាក់ពី បញ្ហាសំរាមដែលកំពុងកើតឡើង និងផលប៉ះពាល់នាពេលអនាគត នៅក្នុងរាជធានីភ្នំពេញ ។

ដោយមើលឃើញពីឥរិយាបទអវិជ្ជមានរបស់ម្ចាស់សំរាមមួយចំនួន សំឡេងទីក្រុងបានរៀបចំយុទ្ធនាការមួយដែលអប់រំ
ប្រជាពលពីឥរិយាបទសាមញ្ញៗ និង ងាយៗជាការដាស់ស្មារតីអ្នកទីកុ្រងអំពីបញ្ហាសំរាម ។

ចូលអ្នកសួរខ្លួនឯងនូវសំនួរដូចខាងក្រោម៖
តើអ្នកធ្លាប់យកសំរាមទៅចោលក្នុងធុងសំរាមទេ? តើអ្នកវេចខ្ចប់សំរាមរបស់អ្នកបានត្រឹមត្រូវមុនពេលក្រុមហ៊ុន
ប្រមូលសំរាមមកយកដែរឫទេ? តើអ្នកធ្លាប់ឃើញគំនសំរាម នៅក្បែរកន្លែងដែលអ្នករស់នៅ ឫទេ? តើអ្នកដឹងទេថា អ្នកអាចរួមចំណែកក្នុងការដោះស្រាយបញ្ហាសំរាមក្នុងទីក្រុងបាន?

សកម្មភាពសំខាន់ៗក្នុងយុទ្ធនាការតាមប្រព័ន្ធអ៊ីនធឺណែត
១. ផ្សព្វផ្សាយរូបភាពគំនសំរាមដែលក្រុមការងារចុះថតតាមទីតាំងនានា ឬរូបភាពដែលទទួលបានពីបណ្តាញរាយការណ៍
ប្រជាពលរដ្ឋនៅក្នុងហ៊្វេសបុក និងគេហទំព័រផ្លូវការរបស់សំឡេងទីក្រុងកម្ពុជា Urban Voice Cambodia ដោយចូលទៅកាន់ https://www.facebook.com/UrbanVoiceCam ឬ www.urbanvoicecambodia.net ។
២. ផ្សព្វផ្សាយសេចក្តីជូនដំណឹងអាជ្ញាធរពាក់ព័ន្ធ ដែលមានដូចជាសាលារាជធានីភ្នំពេញ ក្រសួងមហាផ្ទៃ ។ល។ ដើម្បីឲ្យ
សាធារណៈជនទទួលព័ត៌មានទូលំទូលាយអំពីសំរាម ។
៣. ពង្រឹកបណ្តាញផ្សព្វផ្សាយយុទ្ធនាការស្តីពីសំរាមក្នុងទីក្រុងឲ្យបានសកម្ម ដើម្បីធានាថាសារអប់រំពីសំរាមអាចជ្រៀប
ដល់ប្រជាពលរដ្ឋបានច្រើន ជាពិសេសនៅក្នុងបណ្តាញសង្គមហ៊្វេសបុក និងក្រុមថេឡេក្រាមសំឡេងទីក្រុងកម្ពុជា ។
៤. ការរចនាផ្ទាំងផ្សព្វផ្សាយអប់រំសាមញ្ញ ខ្លីៗ ដើម្បីផ្សព្វផ្សាយតាម ហ្វ៊េសបុក ម៉ូតូរឺម៉កកង់បី និងមធ្យោបានផ្សេងៗទៀត ។
៥. ការធ្វើជាផ្ទាំងផ្សព្វផ្សាយខ្លីៗ ពីរបៀបនៃការដំឡើងកម្មវិធីថេឡេក្រាមនៅលើទូរស័ព្ទឆ្លាតវៃ ឬកុំព្យូទ័រ ។

តើអ្នកចង់ចូលរួមនៅក្នុងយុទ្ធនាការស្តីពីសំរាមក្នុងទីក្រុងដែរឫទេ?
អ្នកអាចចូលរួមនៅក្នុងយុទ្ធនាការនេះបានដោយគ្រាន់តែផ្ញើររបាយការណ៍សំរាមដែលអ្នកឃើញ ឬនៅក្បែរសហគមន៍របស់អ្នក មកកាន់ពួកយើងឥឡូវនេះ!

ដើម្បីធ្វើការផ្ញើររបាយការណ៍របស់អ្នក, សូមផ្ញើរមកកាន់
អ៊ីម៉ែល urbanvoicecambodia@gmail.com , គេហទំព័រ www.urbanvoicecambodia.net ឬ ផើ្ញរសារតាមរយៈទូរស័ព្ទមកកាន់លេខ ០៩៧ ២៦៤ ០០៥៦។

សម្គាល់ ៖ របាយការណ៍របស់អ្នក ចំបាច់ត្រូវត្រូវមាន រូបថត, ទីតាំង (អាស័យដ្ឋាន) និងស្ថានភាពនៃបញ្ហាសំរាម នៅតំបន់របស់អ្នក ។

 

 

Related Posts

សំឡេងទីក្រុង!

សំឡេងទីក្រុង!