UNDP ជំរុញកម្ពុជាកែច្នៃសំរាមដើម្បីបរិស្ថាននិងសេដ្ឋកិច្ច
Posted On : វិច្ឆិកា, 16, 2018 | By សំឡេងទីក្រុង

កម្មវិធី​អភិវឌ្ឍន៍​អង្គការ​​សហប្រជាជាតិ​ហៅ​កាត់​ថា UNDP បាន​ជំរុញ​ដល់​ប្រទេស​កម្ពុជា​ក្នុង​ការ​កែ​ច្នៃ​សំរាម​យក​មក​ប្រើ​ប្រាស់​ឡើង​វិញ ដើម្បី​កាត់​បន្ថយ​ការ​ប្រើប្រាស់​ធនធាន​ធម្មជាតិ​ដ៏​ច្រើន​លើស​លប់ និង​ជួយ​ថែ​រក្សា​ដល់​បរិស្ថាន​សកល​លោក​ផង​ដែរ។

ថ្លែង​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​បន្ទាប់​ពី​បើក​វេទិកា​ទស្សន​ទាន សេដ្ឋកិច្ច​ចក្រា ជា​ដំណោះ​ស្រាយ​ថ្មី​សម្រាប់​ការ​គ្រប់គ្រង​សំណល់​រឹង​នៅ​ព្រឹក​នេះ​ នាយក​ប្រចាំ​ប្រទេស​នៃ​UNDP ប្រចាំ​កម្ពុជា​លោក នីក ប៊ែរេសហ្វត មាន​ប្រសាសន៍​ថា ការ​កែ​ច្នៃ​កាក​សំណល់​ឲ្យ​ទៅ​ជា​ប្រភព​ថាមពល​កើត​ឡើង​វិញ​នេះ​មាន​សារសំខាន់​ណាស់​ដល់​ការ​អភិវឌ្ឍន៍​ដែល​មាន​ចិរភាព និង​បរិស្ថាន​ដល់​មនុស្ស​ជំនាន់​ក្រោយ​របស់​កម្ពុជា។

នាយក​ប្រចាំ​ប្រទេស​នៃ​UNDP ប្រចាំ​កម្ពុជា​លោក នីក ប៊ែរេសហ្វត ផ្ដល់បទសម្ភាសន៍ក្រោយកិច្ចប្រជុំថ្នាក់ជាតិ ស្ដីពី ដំណើរឆ្ពោះទៅរកសេដ្ឋកិច្ចចក្រា៖ ដំណោះស្រាយគ្រប់គ្រងសំណល់រឹងប្រកបដោយភាពច្នៃប្រឌិត ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨។ (រូបភាព៖ ហ៊ី ឆាយ)

លោក​ថា៖ « វា​ត្រូវ​ចំណាយ​លុយ​ច្រើន​ណាស់​ក្នុង​ការ​គ្រប់​គ្រង​ដី​ចាក់​សំរាម ហើយ​ពេល​ដែល​ដី​ចាក់​សំរាម​នោះ​កាន់​តែ​ធំ​ឡើង​វា​គ្រោះថ្នាក់​ណាស់​នៅ​ពេល​សំរាម​ទាំង​នោះ​ត្រូវ​បាន​ហូរ​ចូល​ទៅ​ក្នុង​ទឹក ហើយ​ពេល​នោះ​ហើយ​ការ​សម្អាត​កាន់​តែ​មាន​តម្លៃ​កាន់​ថ្លៃ​ក្នុង​ការ​សម្អាត។ វា​គ្រោះថ្នាក់​ណាស់! ជា​ពិសេស​ទៅ​កាន់​ក្មេង​ៗ និង​អ្នក​ងាយ​រងគ្រោះ។ អ្នក​រក​ស៊ី​ និង​រដ្ឋាភិបាល​ត្រូវ​តែ​ពិនិត្យ​មើល​ពី​រឿង​នេះ​ចាប់​ផ្ដើម​ពី​ឥឡូវ ក្នុង​ការ​កាត់​បន្ថយ ​កាក​សំណល់ និង​កែច្នៃ​មក​ប្រើ​ឡើងវិញ ដើម្បី​សន្សំ​សំចៃ ដោយ​យើង​អាច​ប្រើ​ប្រាស់​មធ្យោបាយ​នេះ » ។

វិធាន​ការ​ថ្មី​របស់ ​UNDP ដែល​លើក​ឡើង​​នេះ​គឺ​ធ្វើ​យ៉ាងណា​ទៅ​រក​ប្រភព​ថាមពល​កកើត​ឡើង​វិញ​ ដែល​នឹង​ជួយ​កសាង​នូវ​មូលដ្ឋាន​សេដ្ឋកិច្ច ធនធាន​ធម្មជាតិ និង​ធន​ធាន​សង្គម។

អគ្គលេខាធិការ​រង​នៃ​អគ្គលេខាធិការដ្ឋាន ក្រុម​ប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចិរភាព​លោក ឯ វុទ្ឍី មាន​ប្រសាសន៍​ថា​ វេទិកា​នៅ​ថ្ងៃ​នេះ​គឺ​ជា​ចំណុច​ចាប់​ផ្ដើម​របស់​កម្ពុជា​ក្នុង​ការ​បោះ​ជំហាន​ចូល​ក្នុង​ការ​អភិវឌ្ឍន៍​មួយ​ដែល​ប្រកប​ដោយ​ចិរភាព និង​បរិស្ថាន​ស្អាត។

អគ្គលេខាធិការ​រង​នៃ​អគ្គលេខាធិការដ្ឋាន ក្រុម​ប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចិរភាព​លោក ឯ វុទ្ឍី ផ្ដល់បទសម្ភាសន៍ក្រោយកិច្ចប្រជុំថ្នាក់ជាតិ ស្ដីពី ដំណើរឆ្ពោះទៅរកសេដ្ឋកិច្ចចក្រា៖ ដំណោះស្រាយគ្រប់គ្រងសំណល់រឹងប្រកបដោយភាពច្នៃប្រឌិត ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨។ (រូបភាព៖ ហ៊ី ឆាយ)

លោកថា៖ « កាល​ណា​យើង​ផ្លាស់​ចេញ​ពី​ធម្មតា ទៅ​ជា​ការ​ប្រើ​ប្រាស់​សំរាម​ឡើង​វិញ​នោះ គឺ​យើង​អាច​គ្រប់​គ្រង​សំណល់​បាន​ល្អ សំណល់​ដែល​ពី​មុន​នៅ​ពាសវាលពាសកាល​យើង​អាច​យក​មក​ច្នៃ​វា​បាន។ មួយ​ទៀត​វា​មិន​សំដៅ​លើ​ផលិត​កម្ម​មួយ​ទេ​វា​ក៏​សំដៅ​លើ​ការ​ប្រើប្រាស់​ដែរ។ អញ្ចឹង​ឥរិយាបថ​របស់​យើង​ម្នាក់ៗ​ ក៏​ត្រូវ​ចេះ​ច្នៃ​សំរាម​មក​ប្រើ​ឡើង​វិញ​ផង​ដែរ ចំពោះ​ទំនិញ​ដែល​មិន​ប៉ះពាល់​ដល់​បរិស្ថាន។ គឺ​វា​ផ្លាស់​ប្តូរ​រយៈពេល​ប្រើ​ប្រាស់​របស់​អ្នក​ប្រើប្រាស់​ផង​ដែរ អញ្ចឹង​ទាំង​អ្នក​ប្រើ​ប្រាស់ អ្នក​ផលិត​គឺ​ប្រែប្រួល​ទាំង​អស់ »។

ប្រធាន​គម្រោង​ធ្យូង​អនាម័យ SGF កម្ពុជា​ដែល​ជា​ក្រុម​ហ៊ុន​ផលិត​ធ្យូង​ចេញ​ពី​កាក​សំណល់​សំរាម​ លោក ហ្វ្រាន់​ឆេសខូ ការ៉ឈឺ មាន​ប្រសាសន៍​ថា ការ​កែច្នៃ​ផលិតផល​ដែល​អាច​ផលិត​ឡើង​វិញ​នេះ​វា​មាន​សារៈសំខាន់​ដល់​បរិស្ថាន និង​ចំណេញ​ថវិកា​ផង​ដែរ។

លោក​មាន​ប្រសាសន៍​ថា៖ «ខ្ញុំអាច​ប្រាប់​អ្នក​បាន​ពី​ចំនួន​ដែល​សំណល់​សរីរាង្គ​ដែល​យើង​កែ​ច្នៃ​ឡើង​វិញ​ជា​រៀងរាល់​ខែ ដែល​មាន​ចំនួន​ប្រមាណ ១៥០​តោន វា​ច្រើន​ណាស់ ​វា​ប្រហែល​ត្រូវ​ការ​ឡាន​ដឹក​សំរាម​១២​ដើម្បី​ដឹក​នូវ​ចំនួន​នេះ។  ហើយ​ចំនួន​នេះ​ពួក​យើង​ផលិត​បាន​ធ្យូង​ប្រមាណ​១០០ ដល់​១១០​តោន​សម្រាប់​ប្រជាជន​កម្ពុជា» ។

​ក្រសួង​បរិស្ថាន​បាន​ឲ្យ​ដឹង​ថា ការ​ចោល​សំណល់​រឹង​នៅ​ទីលាន​ចាក់​សំរាម​ក្នុង​ទី​ក្រុង​ទាំង​អស់​នៃ​ប្រទេស​កម្ពុជា​បាន​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស​ពី​៣១៨ ០០០ (បី​សែន​មួយ​ម៉ឺន​ប្រាំបី​ពាន់) តោន​ក្នុង​១ឆ្នាំ​២០១៤ មក​ដល់​ ១លាន​៥សែន​តោន​ក្នុង​មួយ​ឆ្នាំ នា​ឆ្នាំ​២០១៧ ខណៈ​រាជធានី​ភ្នំពេញ​មាន​ប្រមាណ​ជាង​ ២ ៣០០តោន​ជា​រៀង​រាល់​ថ្ងៃ​៕

ប្រភព៖ VOD 

Related Posts

សំឡេងទីក្រុង!

សំឡេងទីក្រុង!