11-7-006

​តូតាល់​ និង​​​ស៊ីប៉ា ​បន្ត​ភាព​ជា​ដៃ​គូ​ស្តីពី​ «សុវត្ថិ​ភាព​ចរាចរណ៍​ផ្លូវ​គោក​ និង​ការ​អាន»

ប្រភព ៖ ភ្នំពេញបុស្តិ៍
ក្រុមហ៊ុនតូតាល់កម្ពុជា និងអង្គការស៊ីប៉ា បានបន្តភាពជាដៃគូ ផ្សព្វផ្សាយចំណេះដឹងដល់សិស្សានុសិស្ស និងប្រជាពលរដ្ឋពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅតាមភូមិ អនុវិទ្យាល័យ និង វិទ្យាល័យ នៅរាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ និងតាកែវទៀត។ នេះបើតាមកាឲ្យដឹងក្នុងពិធីបើកយុទ្ធនាការអប់រំលើកទី ២ ស្តីពី «វិថីឆ្ពោះទៅកាន់សុវត្ថិភាព» ព្រឹកថ្ងៃពុធនេះ។

យុទ្ធនាការអប់រំលើកទី ២ នេះ នឹងត្រូវអនុវត្ត នៅក្នុងសាលារៀនចំនួន ២៤ និងភូមិចំនួន ២០ ដែលមានអ្នកទទួលផលជាង ៦ ០០០ នាក់ (កុមារ សិស្សានុសិស្ស និងយុវជន) តាមរយៈបណ្ណាល័យចល័ត «សុវត្ថិភាព»។

លោក ហុក សុទ្ធិ នាយកអង្គការស៊ីប៉ា បានថ្លែងថា បណ្ណាល័យចល័ត នេះមានគោលបំណងក្នុងការផ្សព្វផ្សាយការអាននៅក្នុងតំបន់គោលដៅ និងរៀបចំសកម្មភាពលើកកម្ពស់ការយល់ដឹងពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅក្នុងតំបន់ផ្សេងៗរបស់បណ្ណាល័យចល័តអង្គការស៊ីប៉ាទាំង ៨។

លោកបន្ដថា៖ «ស៊ីប៉ា នឹងធ្វើការជាមួយក្រុមហ៊ុនតូតាល់កម្ពុជា និងដៃគូផ្សេងៗ ដើម្បីរៀបចំកម្មវិធី «សប្តាហ៍សុវត្ថិភាពចរាចរណ៍ផ្លូវគោក» នៅខែ វិច្ឆិកា ផងដែរ» ។

ក្រុមហ៊ុនតូតាល់ និងអង្គការស៊ីប៉ាបានធ្វើការជាមួយគ្នាតាំងពីឆ្នាំ ២០១៦ ស្របពេលជាមួយការសម្ពោធយុទ្ធនាការអប់រំលើកទី ១ ស្តីពី «វិថីឆ្ពោះទៅកាន់សុវត្ថិភាព» ជាមួយនឹងការគាំទ្រពីមន្ទីរអប់រំ យុវជន និងកីឡា។

លោក Asif IQBAL អគ្គនាយកក្រុមហ៊ុន Total Cambodia បានថ្លែង ថា៖ «តាមរយៈភាពជាដៃគូជាមួយអង្គការស៊ីប៉ារយៈពេល ៤ ឆ្នាំនេះ ពួកយើងសង្ឃឹមនឹងចូលរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងជាមួយការបើកបរមិនគោរពច្បាប់ និងបន្តការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក»។

យោងតាមទិន្នន័យរបស់ក្រសួងមហាផ្ទៃក្នុងកន្លះឆ្នាំដំបូងនេះ មានគ្រោះថ្នាក់ចរាចរណ៍ចំនួន ១៨៨៣ ករណី ដែលកើនឡើង ០,៨% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបង្ហាញថា គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅតែជាបុព្វហេតុចម្បងនៃការស្លាប់នៅកម្ពុជា៕

Leave a Reply