ប័ណ្ណកម្មសិទ្ធិ​ចេញ​ដោយ​អាជ្ញាធរ​មូលដ្ឋាន មាន​ហានិភ័យ​ខ្ពស់​សម្រាប់​អ្នក​ផ្ដល់​ឥណទាន
Posted On : កក្កដា, 25, 2017 | By Thak Sreyleak

ប្រភព ៖ កោះសន្តិភាព

ទន្ទឹមនឹងវិស័យសំណង់កាន់តែរីកចម្រើន និងតម្រូវការលំនៅឋានស្នាក់នៅកំពុងមានសន្ទុះ បានជំរុញឱ្យក្រុមហ៊ុនអភិវឌ្ឍន៍ផ្នែកអចលនទ្រព្យជាច្រើនបានសម្រុកសាងសង់គម្រោងបុរី, ផ្ទះល្វែង និងអគារស្នាក់នៅរួមសម្រាប់ឆ្លើយតបនឹងតម្រូវការទីផ្សារ ។

ផ្អែកលើតម្រូវការកើនឡើងនេះ បានធ្វើឱ្យក្រុមហ៊ុនអភិវឌ្ឍន៍មួយចំនួនដែលមិនមានទុនបង្វិលគ្រប់គ្រាន់ បានយកប័ណ្ណកម្មសិទ្ធិអចលនទ្រព្យទៅដាក់នៅធនាគារ ឬនៅតាមស្ថាប័នផ្សេងៗ ដើម្បីទទួលបានឥណទានយកទៅបញ្ចប់គម្រោងរបស់ខ្លួន តែប័ណ្ណកម្មសិទ្ធិអចលនទ្រព្យដែលចេញអាជ្ញាធរមូលដ្ឋាន គឺមានហានិភ័យខ្ពស់សម្រាប់អ្នកផ្តល់ឥណទាន ឬអ្នកឱ្យខ្ចីលុយ ព្រោះប័ណ្ណប្រភេទនេះចេញមានចំនួនច្រើនចំពោះអចលនទ្រព្យតែមួយ ។

បើតាមរបាយការណ៍យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុឆ្នាំ២០១៦-២០២៥ របស់រាជរដ្ឋាភិបាលដែលចេញផ្សាយកន្លងមក នៅកម្ពុជាឥណទានភាគច្រើន ត្រូវបានធានាដោយអចលនទ្រព្យ ហើយជាទូទៅ អ្នកឱ្យខ្ចី គឺជាអ្នករក្សាទុកឯកសារប័ណ្ណកម្មសិទ្ធិនោះ ។ ប័ណ្ណកម្មសិទ្ធិអចលនទ្រព្យ និងអចលនទ្រព្យមានពីរប្រភេទ គឺ១-ប័ណ្ណកម្មសិទ្ធិរឹង ជាប័ណ្ណដែលចេញដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និង២-ប័ណ្ណកម្មសិទ្ធិទន់ ជាប័ណ្ណចេញដោយអាជ្ញាធរមូលដ្ឋាន ។

ចំពោះប័ណ្ណកម្មសិទ្ធិទន់ ដែលចេញដោយអាជ្ញាធរមូលដ្ឋាន គឺមានហានិភ័យខ្ពស់ជាងប័ណ្ណកម្មសិទ្ធិរឹង ដោយសារប័ណ្ណប្រភេទនេះអាចត្រូវបានចេញចំនួនច្រើនចំពោះអចលនទ្រព្យតែមួយ ហើយអាចយកទៅធានាជាមួយអ្នកខ្ចីច្រើន ដោយអ្នកឱ្យខ្ចីផ្សេងទៀតមិនបានដឹង ។

លើសពីនេះទៀត ឥណទានដែលធានាដោយប័ណ្ណកម្មសិទ្ធិទន់ ត្រូវបានគិតការប្រាក់ខ្ពស់ជាងឥណទានដែលមានវត្ថុធានាជាប័ណ្ណកម្មសិទ្ធិរឹង ហើយដំណើរការនៃការទទួលបានប័ណ្ណកម្មសិទ្ធិរឹង គឺត្រូវប្រើប្រាស់រយៈពេលយូរ ។ ម្យ៉ាងទៀត ការចុះបញ្ជីចលនទ្រព្យដែលប្រើប្រាស់សម្រាប់ទទួលបានឥណទានពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ នៅមិនទាន់បានដំណើរការពេញលេញនៅឡើយ ដែលធ្វើឱ្យមានហានិភ័យចំពោះការផ្តល់ឥណទាន និងធ្វើឱ្យលទ្ធភាពប្រើប្រាស់ជាវត្ថុបញ្ចាំនៅមានកម្រិត ។

លោក ម៉ិល សុគីម អ្នកជំនាញវិស័យហិរញ្ញវត្ថុនៃធនាគារពិភពលោក បានថ្លែងក្នុងសិក្ខាសាលា ស្ដីពីការគ្រប់គ្រងហានិភ័យតាមរយៈប្រព័ន្ធចែករំលែកព័ត៌មានឥណទាន កាលពីថ្ងៃទី២០ កក្កដា ថា ប្រទេសកម្ពុជានៅពឹងផ្អែកខ្លាំងទៅលើអចលនទ្រព្យដូចជា ប្លង់ផ្ទះ ឬប្លង់ដី ទើបអាចខ្ចីឥណទានបាន ដែលជាចំណុចមួយនៅមានកង្វះខាត ។ លោកថា ៖« នៅប្រទេសជឿនលឿន គេអាចយកសម្ភារផ្សេងៗដូចជា មុខរបរ ឬអាជីវកម្មច្បាស់លាស់ រោងចក្រផលិតកម្មដែលមានលិខិតបញ្ជាទិញផលិតផលពីបរទេស គឺពួកគេអាចយករបស់ទាំងនោះទៅដាក់បញ្ចាំបាន ដោយសារតែប្រទេសគេមានច្បាប់ ប៉ុន្ដែនៅស្រុកខ្មែរយើងពុំទាន់មានច្បាប់នេះនៅឡើយ ។ ទោះបីយ៉ាងណា យើងកំពុងតែជំរុញធ្វើយ៉ាងណា ឲ្យមានច្បាប់ដើម្បីអនុញ្ញាតឲ្យធនាគារអាចទទួលយកចលនទ្រព្យធ្វើជាវត្ថុបញ្ចាំបាន » ។

លោក ហុង សុខឡេង ប្រធាននាយកដ្ឋាន ពាណិជ្ជកម្មខា្នតធំនៃធនាគារកាណាឌីយ៉ា បានឲ្យដឹងនៅថ្ងៃទី២១ កក្កដា ថា ការផ្តល់ឥណទានក្នុងផ្នែកអចលនទ្រព្យរបស់ធនាគារកាណាឌីយ៉ាមានលក្ខណៈធម្មតា មិនមានការថមថយ ហើយក៏មិនរឹតបន្ដឹងអ្វីដែរ ប៉ុន្ដែមានការត្រួតពិនិត្យទៅលើអតិថិជនមានភាពច្បាស់លាស់កម្រិតណា ។

លោកថា ៖« ជារួម យើងផ្តល់ឥណទានខ្នាតធំៗស្ទើរតែ១០០%គឺត្រូវមានទ្រព្យធានា ហើយទ្រព្យធានាទាំងនោះ ទាល់តែមានប្លង់រឹង ប៉ុន្តែសម្រាប់ឥណទានខ្នាតតូចដូចជាSMEs ក៏មានប្លង់ទន់មួយចំនួនដែរ បើទោះបីការយកប្លង់ទន់ធ្វើជាវត្ថុធានា និងដឹងថាមានហានិភ័យហើយនៅតែធ្វើ ពីព្រោះនៅលើទីផ្សារគេធ្វើអីចឹងដែរ បើយើងអត់ធ្វើ គឺដើរអត់ទាន់ទីផ្សារ និងពិបាកក្នុងការប្រកួតប្រជែង » ។

បើតាមលោក អុិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា នៅដំណាច់ឆ្នាំ២០១៦ អេស៊ីលីដាបានផ្តល់ឥណទានទំហំទឹកប្រាក់២១០លានដុល្លារក្នុងវិស័យលំនៅឋាន ។ ទោះបីយ៉ាងណា លោកថា ការផ្ដល់ឥណទានក្នុងវិស័យនេះ ត្រូវពិនិត្យដោយអនុវត្តទៅតាមលក្ខខណ្ឌនៃការផ្ដល់ឥណទាន ដើម្បីបង្ការហានិភ័យណាមួយដែលអាចកើតឡើង ។

លោក សន សៀប នាយកក្រុមហ៊ុន ឃី រៀល អីុស្ទេត (Key Real Estate) មានប្រសាសន៍ដែរថា តាមការសង្កេត អ្នកអភិវឌ្ឍន៍ខ្លះគាត់ប្រើប្រាស់ទុនខ្លួនឯងក្នុងការសាងសង់ និងអ្នកខ្លះទៀត ប្រមូលធនធានពីមិត្តភក្តិបងប្អូន ពីដៃគូ ឬពីធនាគារ ។ លោកបន្តថា ៖« តាមធម្មតា អ្នកសាងសង់ មុននឹងចាប់ផ្តើម គាត់ត្រូវដាក់គម្រោង និងធ្វើជាប្លង់រឹង សុំទៅក្រសួងអនុញ្ញាតច្បាប់ឱ្យសាងសង់ ហើយគម្រោងហ្នឹង មុនចាប់ផ្តើម ត្រូវធ្វើប្លង់រឹង បំបែកក្បាលដី បើសិនបុរី ។ មួយទៀតបើសាងសង់ជាខុនដូ ក៏ត្រូវបំបែកកម្មសិទ្ធិទៅជាសហកម្មសិទ្ធិដែរ »។

តាមរបាយការណ៍អង្កេតដោយការិយាល័យឥណទានកម្ពុជា ហៅកាត់ថា CBC ដែលមានតួនាទីត្រួតពិនិត្យទិន្នន័យ និងចែករំលែកព័ត៌មានឥណទានដល់ស្ថាប័នហិរញ្ញវត្ថុនានាដែលជាសមាជិកចំនួន១៣៩ស្ថាប័ន បានបង្ហាញថា ឆ្នាំ២០១៧នេះ កម្ចីអចលនទ្រព្យកើនឡើង៤៧% ក្នុងនោះតំបន់ទំនាបកណ្ដាលកើនឡើងខ្លាំងក្នុងត្រីមាសទី១ ឆ្នាំនេះ ដោយកើនឡើង៨៧% បើធៀបនឹងត្រីមាសទី៤ឆ្នាំមុន មានកំណើន១៩%ប៉ុណ្ណោះ ៕

9332e35f-90cc-4e56-adc1-99897439d632

86cda373-7d74-4c48-a8cd-1302109bdf71

សំឡេងទីក្រុង!

សំឡេងទីក្រុង!