pro-runing-building

អ្នក​ណា​ជា​អតិថិជន​ទិញ​ខុនដូ​ ពិតប្រាកដ​នៅ​ពេល​ការ​ផ្គត់ផ្គង់​មាន​កំណើន​ខ្ពស់

ប្រភព ៖ ភ្នំពេញបុស្តិ៍

អ្នកណាជាអតិថិជនទិញខុនដូនៅកម្ពុជាពិតប្រាកដនៅពេលការផ្គត់ផ្គង់ខុនដូកើនឡើងខ្ពស់ពីមួយឆ្នាំទៅមួយឆ្នាំជាក់ស្តែងឆ្នាំ ២០១៧ នេះខុនដូប្រមាណ ៧០០០ យូនីតទៀតនឹងត្រូវដាក់ចូលក្នុងទីផ្សារ ប៉ុន្តែវប្បធម៌នៃការរស់នៅតាមខុនដូរបស់ប្រជាពលរដ្ឋខ្មែរមិនទាន់ពេញនិយមនៅឡើយ។

លោក ទុយ ប៊ុន ម្ចាស់ភាគហ៊ុននៃគម្រោងក្រុមហ៊ុនលំនៅឋានអឹល (L) កម្ពុជា ភ្នំពេញ ដែលបាននិងកំពុងវិនិយោគខុនដូជាច្រើនគម្រោងដោយផ្តោតលើប្រជាជនមានជីវភាពមធ្យមបានថ្លែងឲ្យដឹងតាមទូរស័ព្ទ កាលពីថ្ងៃចន្ទថា ការលក់ខុនដូនាពេលបច្ចុប្បន្ននេះនៅតែមិនទាន់មានសញ្ញាល្អប្រសើរនៅឡើយទេ «តែយើងនៅតែបន្តលក់ដាច់ជាបណ្តើរ ហើយយើងនៅតែបន្តវិនិយោគគម្រោងថ្មីមួយទៀតដែលគ្រោងចាប់ផ្តើមនៅខែសីហាខាងមុខនេះព្រោះយើងគិតថាទោះជាលក់មិនដាច់ក៏អាចប្រើប្រាស់សម្រាប់ជួលបានផងដែរ។

លោកបន្តថា៖ «គម្រោងរបស់ខ្ញុំនៅតែដើរទៅមុខត្រឹកៗហើយខ្ញុំគិតថា នៅតែមានអ្នកទិញដែលពួកគេជាអ្នកធ្វើការ និងអ្នកចង់រស់នៅក្នុងទីក្រុង»។ លោកបន្តថា៖ «ខ្ញុំផ្តោតលើប្រជាជនមានប្រាក់ចំណូលមធ្យម និងលក់ក្នុងតម្លៃសមរម្យគឺចន្លោះពី ១០០០ ទៅ ១១០០ ដុល្លារក្នុងមួយម៉ែត្រការ៉េហើយគម្រោងថ្មីរបស់យើងនឹងមានតម្លៃទាបជាងនេះទៀតផង»។

ជាមួយនឹងការប្រមើលមើលទៅកាន់អនាគតលោក ទុយ ប៊ុន មិនអាចបញ្ជាក់ឲ្យជាក់លាក់នោះទេ តែលោកមិនមានសុទិដ្ឋិនិយមច្រើនឡើយដោយសារលោកដឹងថាគម្រោងដែលមានតម្លៃប្រហាក់ប្រហែលគម្រោងខុនដូ L បានផ្អាកការសាងសង់ហើយ។

លោកបន្តថាអតិថិជនរបស់លោកភាគច្រើនជាជនជាតិខ្មែរមានកម្រិតជីវភាពមធ្យម ពិសេសអ្នកទើបរៀបការរួចថ្មីៗបានមកទិញគម្រោងរបស់លោកទោះជាពួកគេលំបាកបន្តិចក្តី ប៉ុន្តែពួកគេអាចរស់នៅបានជាក់ស្តែងគម្រោងទី ១ និងទី ២ របស់លោកដែលបានបញ្ចប់ការសាងសង់មានអ្នកមករស់នៅប្រមាណ ៧០ ភាគរយ និងគម្រោងទី ៣ ដែលទើបបញ្ចប់ការសាងសង់មានអ្នកមករស់នៅប្រមាណ ៥០ ភាគរយផងដែរ។

យោងតាមការសិក្សារបស់ក្រុមហ៊ុនអចលនទ្រព្យលំដាប់អន្តរជាតិ CBRE Cambodia បានរកឃើញថាគិតរហូតទៅដល់ដំណាច់ឆ្នាំនេះ ខុនដូចំនួន ៧០០០ យូនីតទៀតនឹងដាក់ចូលទីផ្សារដែលធ្វើឲ្យចំនួនខុនដូដាក់ដំណើរការលើទីផ្សារកើនឡើងដល់ ១២០០០ យូនីត។

នាយិកាក្រុមហ៊ុន CBRE Cambodia អ្នកនាង អាន សុធីតា បានថ្លែងឲ្យដឹងថា ការលក់ខុនដូនៅតែដំណើការសម្រាប់ខុនដូដែលផ្តោតលើប្រជាជនមានជីវភាពមធ្យម ប៉ុន្តែខុនដូដែលមានតម្លៃថ្លៃផ្តោតលើប្រជាជនមានជីវភាពធូរធារខ្លាំងមានការលក់យឺតបន្តិច។

អ្នកនាងបន្តថា៖ «វាមិនមានអ្វីគួរឲ្យបារម្ភនោះទេ បើទោះជាមានការបារម្ភពីការផ្គត់ផ្គង់លើសតម្រូវការក្តី ប៉ុន្តែទីផ្សារជាក់ស្តែងមិនមានបញ្ហានោះទេ»។

នៅពេលសួរពីចំនួនខុនដូលក់ចេញពិតប្រាកដនៅក្នុងគម្រោងថ្មីៗអ្នកនាង ធីតា បានបន្តថា៖ «យើងពិតជាមានការលំបាកក្នុងការប្រមូលទិន្នន័យពីការលក់ដោយសារគម្រោងខុនដូនីមួយៗមិនបង្ហាញពីតម្លាភាពនៃការលក់របស់ពួកគេនោះទេ»។

ទោះជាយ៉ាងណាអ្នកវិនិយោគខុនដូប្រណីតនៅកម្ពុជាមិនមានការព្រួយបារម្ភពីទីផ្សារនោះឡើយ ជាក់ស្តែងលោកឧកញ៉ា សៀ រិទ្ធី អគ្គនាយកក្រុមហ៊ុន World Bridge Land Group ដែលបានវិនិយោគទឹកប្រាក់រាប់រយលានដុល្លារលើគម្រោង The Bridge, The Peak និងគម្រោង KOWLOON Bay បានថ្លែងថាលោកមើលមិនឃើញបញ្ហានោះទេ ប៉ុន្តែវានឹងជាបញ្ហាប្រសិនជាម្ចាស់ខុនដូសាងសង់មិនផ្តោតសំខាន់លើទីតាំងមិនមានគម្រោងផែនការ និងជំនាញច្បាស់លាស់។

លោកបន្តថាខុនដូដែលប្រឈមនឹងបញ្ហាដែលស្ថិតនៅទីតាំងមិនសមស្រប និងមិនមានមូលដ្ឋានទុនវិនិយោគគ្រប់គ្រាន់។

លោកឧកញ៉ាបន្តថា៖ «ខុនដូរបស់ខ្ញុំផ្តោតសំខាន់លើទីតាំងគុណភាពសំណង់ និងមានមូលដ្ឋានទុនវិនិយោគរឹងមាំ ហើយខ្ញុំមិនមែនលក់ផ្ទះតែមួយមុខទេ តែខ្ញុំលក់ Lifestyle»។

យោងតាមការសិក្សា Urban Living Solution បានរកឃើញថានៅឆ្នាំ ២០៣០ ចំនួនប្រជាពលរដ្ឋរស់នៅទីក្រុងភ្នំពេញនឹងកើនដល់ ៤ លាននាក់ដែលនឹងធ្វើឲ្យបែបផែននៃការរស់នៅក្នុងទីក្រុងភ្នំពេញ មានការផ្លាស់ប្តូរហើយចំនួនយុវជនវ័យក្មេងដែលមានភាពស៊ីវិល័យនឹងរស់នៅតាមខុនដូច្រើន ដោយសារកត្តាប្រជាសាស្ត្រការកកស្ទះចរាចរណ៍ក្នុងទីក្រុងការរីកចម្រើនបច្ចេកវិទ្យា ដែលធ្វើឲ្យជីវិតពួកគេកាន់តែមានភាពងាយស្រួលក្នុងការរស់នៅ។

លោក ទូច សំណាង អគ្គនាយករងក្រុមហ៊ុន OCIC ដែលជាក្រុមហ៊ុនវិនិយោគខុនដូធំៗជាច្រើនគម្រោងនៅទីក្រុងភ្នំពេញបានថ្លែងថាពិតណាស់ស្ថានភាពទីផ្សារបច្ចុប្បន្ននេះមិនមានអ្វីគួរឲ្យបារម្ភនោះទេ ព្រោះខុនដូដែលមានទីតាំងល្អនៅតែលក់បានផ្ទុយទៅវិញគម្រោងនៅឆ្ងាយៗមានការពិបាកលក់បន្តិច។

លោកបន្តថាអតិថិជនទិញខុនដូសព្វថ្ងៃនៅតែជាជនបរទេសភាគច្រើន ពិសេសជនជាតិចិន និងចិនតៃវ៉ាន់នៅតែនាំមុខជនជាតិខ្មែរ ប៉ុន្តែនិន្នាការនៃការទិញខុនដូរបស់ប្រជាជនខ្មែរក៏កើនឡើងដែរ។

លោកបន្តថា៖ «ប្រសិនជាស្ថានភាពនយោបាយដូចសព្វថ្ងៃនេះមិនមានបញ្ហានោះទេ ប៉ុន្តែអ្វីដែលជាការបារម្ភនៅតែបារម្ភ ព្រោះប្រជាជនខ្មែរគិតពីស្ថានភាពពេលបោះឆ្នោតមកដល់នៅពេលខាងមុខ»។

អគ្គនាយកក្រុមហ៊ុន Khmer Fondation Appraisal លោកឧកញ៉ា នួន រិទ្ធី នៅតែមានសុទិដ្ឋិនិយមពីទីផ្សារខុនដូ និងអាផាតមិននៅកម្ពុជាដោយលោកបានថ្លែងថាខុនដូដែលបានបញ្ចប់ការសាងសង់នាពេលបច្ចុប្បន្នមានប្រមាណ ៣០ ភាគរយនៃខុនដូសរុប និងមានគម្រោងជាច្រើនទៀតនឹងចាប់ផ្តើមនៅពេលអនាគត ដោយសារពួកគេគិតថាទីផ្សារនៅតែមានសក្តានុពលហើយទីផ្សារបច្ចុប្បន្ន គឺការផ្គត់ផ្គង់ និងតម្រូវការកំពុងមានតុល្យភាពគ្នាទោះជាការលក់មានភាពយឺតយ៉ាវបន្តិចបន្តួចក្តី។

លោកបន្តថា៖ «ខ្ញុំគិតថាមិនមានអ្វីគួរឲ្យបារម្ភទេ ដោយសារស្ថិរភាពនយោបាយ ស្ថិរភាពសង្គម កំណើនសេដ្ឋកិច្ចប្រចាំឆ្នាំដែលកម្ពុជាសម្រេចបាន»។

លោកបន្តថា៖ «កម្ពុជាមិននៅឯកោទេ គឺកម្ពុជាជាផ្នែកមួយនៃសហគមន៍សេដ្ឋកិច្ចអាស៊ាន កម្ពុជានៅតែមានសក្តានុពល និងកំពុងមានការកើនឡើងនូវអ្នកវិនិយោគដែលពេលពួកគេមកដល់ពួកគេត្រូវការកន្លែងស្នាក់នៅ ហើយខុនដូជាជម្រើសរបស់ពួកគេ»។

បើតាមលោកឧកញ៉ា នួន រិទ្ធី បច្ចុប្បន្នខុនដូដែលបានដាក់ជួលតម្លៃចន្លោះពី ៣៥០ ទៅ ៤០០ ដុល្លារក្នុងមួយខែអ្នកជួលភាគច្រើនជាជនជាតិខ្មែរ។ តម្លៃចាប់ពី ៥៥០ ទៅ ១៥០០ ដុល្លារជាជនបរទេស និងតម្លៃចាប់ពី ២០០០ ទៅ ៥០០០ ដុល្លារក្នុងមួយខែគឺជាមន្ត្រីទូត និងថ្នាក់ដឹកនាំក្រុមហ៊ុនបរទេសដែលជាអ្នកជួលស្នាក់នៅ។

លោកបន្តថា៖ «ទោះជាការលក់យឺតបន្តិចក្តី ប៉ុន្តែខ្ញុំនៅតែមានសុទិដ្ឋិនិយមសម្រាប់អនាគត»៕

Leave a Reply