2a3df911-ce09-47cf-b3f0-d1bfd5dea873

អគារ​ប៊ូ​ឌី​ង បាន​បាត់​រូបរាង​ទាំងស្រុង​ហើយ

ប្រភព ៖ កោះសន្តិភាព

អគារប៊ូឌីង បានបាត់រូបរាងទាំងស្រុងពីក្រសែភ្នែករបស់យើងទាំងអស់គ្នាហើយ ចាប់ពីល្ងាចថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧នេះ ក្រោយពីមានគ្រឿងចក្រជាច្រើនគ្រឿងបានធ្វើសកម្មភាពវាយកម្ទេចចោលយ៉ាងសស្រាក់ស្រាំក្នុងរយៈពេលតែ១ខែ ដោយចាប់តាំងពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧កន្លងមកនេះនោះ។ គួរបញ្ជាក់ថា អគារប៊ូឌីង(ស) គឺជាអគារដ៏ធំមួយដែលត្រូវបានសាងសង់ឡើងកាលពីឆ្នាំ១៩៦២ និងមកដល់ពេលបច្ចុប្បន្នមានអាយុកាលជិត៦០ឆ្នាំទៅហើយ ហើយត្រូវបានអ្នករាល់គ្នាបានស្គាល់ និងនាំគ្នាហៅថា (ប៊ូឌីងៗ) ដែលមានទីតាំងនៅតាមបណ្តោយផ្លូវព្រះសុធារស ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ របស់យើងនោះ។

បុរសអ្នកមើលការខុសត្រូវម្នាក់បានប្រាប់ឱ្យដឹងថា ការវាយកម្ទេចអគារប៊ូឌីងនេះដែរ គឺបានធ្វើឡើងចាប់តាំងពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧ មកម្លេះ ដោយធ្វើឡើងទៅតាមគម្រោងរបស់ក្រុមហ៊ុនក្នុងរយៈពេលត្រឹមតែ៣ខែប៉ុណ្ណោះ ធ្វើយ៉ាងណាធ្វើការវាយកម្ទេចតួអគារទាំងស្រុង និងធ្វើការដឹកកម្ទេចយកចេញឲ្យអស់ពីបរិវេណនេះ។ ការកម្ទេចនេះដែរ ដោយចាប់ពីពេលបើកដំណើរការដំបូងកម្លាំងរបស់លោកបានធ្វើការសម្អាតជាមុនសិន ដោយបានធ្វើការប្រមូលសំរាមយ៉ាងច្រើនចេញពីទីនេះ ប្រមាណរហូតទៅដល់ជាង១០០ឡានឯណោះ ដឹកចេញ និងមានក្លិនស្អុយយ៉ាងខ្លាំងផងដែរ។ លោកក៏បានប្រាប់បន្តទៀតថា ក្រោយពីកម្លាំងរបស់លោកធ្វើការប្រមូលសំរាមដឹកចេញសម្អាតទីនេះរួចហើយ កម្លាំងរបស់លោកក៏បានដឹកគ្រឿងចក្រចូលមកជាច្រើនគ្រឿង រថយន្តដឹកទឹក និងមនុស្សយ៉ាងច្រើននាក់ ដើម្បីមកធ្វើការវាយកម្ទេចតួអគារនេះទៅតាមគោលការណ៍របស់ក្រុមដែលបានដាក់ឲ្យ។

ដោយកម្លាំងរបស់លោកចាប់ផ្តើមសកម្មភាពចាប់តាំងពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧ កន្លងមកនេះ ពោលគឺបានធ្វើឡើងតែក្នុងរយៈពេលមួយខែប៉ុណ្ណោះ នេះបើរាប់ទាំងថ្ងៃសម្រាកក្នុងថ្ងៃសៅរ៍ ឬអាទិត្យ កន្លងមកនេះ ហើយនឹងត្រូវបញ្ចប់ក្នុងល្ងាចថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧នេះតែម្តង។ គួរបញ្ជាក់ថា អគារប៊ូឌីង(ស) នេះដែរកាលពីមុនជាអគារដ៏ធំមួយ និងមានប្រជាពលរដ្ឋរស់នៅយ៉ាងច្រើនកុះកររហូតទៅដល់ជិត១ពាន់គ្រួសារឯណោះ មករស់នៅជាច្រើនឆ្នាំ និងមានសភាពអ៊ូអរយ៉ាងខ្លាំង តែមករហូតមកដល់ពេលនេះគឺបានបាត់រូបរាងទាំងស្រុងទៅហើយ ហាក់បីដូចជាបាត់បង់របស់អ្វីមួយយ៉ាងដូច្នោះ។

ក្រោយពីមានការដោះដូររវាងប្រជាពលរដ្ឋដែលរស់នៅក្នុងអគារប៊ូឌីងនេះ ប្រមាណចំនួន៤៩៣គ្រួសារ ជាមួយនឹងក្រុមវិនិយោគមកពីប្រទេសជប៉ុនមួយឈ្មោះ អារ៉ាកាវ៉ា តាមរយៈលោកទេសរដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រួចរាល់ក្នុងតម្លៃ១.៤០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េរួចមក។ ការបាត់បង់នូវរូបរាងអគារប៊ូឌីង(ស) ទាំងស្រុងនាពេលនេះដែរ បានធ្វើឲ្យអតីតអ្នកមានទីលំនៅ និងធ្លាប់រស់ក្នុងអគារខាងលើនេះ រួមទាំងអ្នកធ្វើដំណើរឆ្លងកាត់តំបន់ខាងលើនេះផងដែរ មានការអាឡោះអាល័យយ៉ាងខ្លាំង និងហាក់បីដូចជាមានការបាត់បង់នូវអ្វីមួយយ៉ាងដូច្នោះដែរ។ ទោះបីជាយ៉ាងណាការបាត់បង់នូវរូបរាងអគារប៊ូឌីងនេះ ដែលយើងគ្រប់គ្នាធ្លាប់បានឃើញ និងបានស្គាល់ថា ជាអគារប៊ូឌីង នៅពេលក្រោយនឹងមានអគារពាណិជ្ជកម្មដ៏ធំស្កឹមស្កៃថ្មីសន្លាងមួយទៀតមកឈរបង្អួតរាងយ៉ាងសង្ហាជំនួសអគារចាស់នេះវិញមិនខាន៕

248460f8-3736-4273-bdf5-d13eba406fb8

eede62e7-d661-45ae-b894-f68bc7b8be37

6bdec1a0-ce4b-4b14-a308-c26ec2ef8f01

Leave a Reply