white-building-02

តម្លៃ អាយុ​កាល និង​គុណភាព​នៃ​សំណង់​អគារ​ប៊ូល​ឌីង ​ស​ នឹង​ត្រូវ​ចងចាំ​យ៉ាង​ដូច​ម្តេច​បន្ទាប់​ពី​ការ​វាយ​កម្ទេច​ទាំង​ស្រុង

ប្រភព ៖ ភ្នំពេញបុស្តិុ៍

មុនពេលសាងសង់អគារថ្មីណាមួយទាំងផ្នែកស្ថាបត្យកម្ម តម្លៃ អាយុកាល និងគុណភាពរបស់សំណង់ គឺជាកត្តាសំខាន់ដែលត្រូវបានម្ចាស់គម្រោងធ្វើការសិក្សាយ៉ាងហ្មត់ចត់។

កាលណានិយាយពីតម្លៃនៃអគារ ជាពិសេសអគារប៊ុលឌិងស គឺទាក់ទងរហូតដល់តម្លៃជាប្រវត្តិសាស្ត្រ ដែលបានកសាងក្នុងទសវត្សរ៍ទី៦០ នៃសម័យសង្គមរាស្ត្រនិយម ដែលជាសម័យកាលរីកចម្រើននៃស្ថាបត្យកម្មសំណង់អគារសំខាន់ៗជាច្រើន។

តាមគោលការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សហការជាមួយក្រុមហ៊ុនរបស់ជប៉ុន Arakawa ហើយបានកំណត់កាលបរិច្ឆេទរើចេញរបស់ប្រជាជនពីអគារស្ថាបត្យកម្មប៊ុលឌិងស បន្ទាប់ពីទទួលសំណងរួចរាល់កាលពីខែមិថុនាកន្លងផុតនេះ។

សិល្បករសម្តែងរបាំបុរាណ និងសហសម័យដែលធ្លាប់បានរស់នៅអគារប៊ុលឌិងស ជាន់ទី៤ អ្នកស្រី យន ដាវី បានប្រាប់ថា ៖ «អគារប៊ុលឌិងស ជាកន្លែងកំណើតរបស់ខ្ញុំ ដែលមានអនុស្សាវរីយ៍ច្រើន និងជាកន្លែងដែលខ្ញុំធ្លាប់បានឆ្លងកាត់មករហូតដល់សព្វថ្ងៃ។ វាជាកន្លែងដែលធ្វើឲ្យខ្ញុំមានសុភមង្គល»។

ស្ត្រីអ្នករបាំរូបនេះ បានឲ្យដឹងថា ៖ «នៅពេលដែលខ្ញុំចាកចេញមករស់នៅកន្លែងថ្មី ខ្ញុំមានអារម្មណ៍ថាបាត់បង់អ្វីៗគ្រប់យ៉ាង ដែលធ្លាប់មានពីមុនមក ដូចជាញាតិមិត្តជិតខាងដែលធ្លាប់មានចំណងមិត្តភាពចាស់ និងការប្រាស្រ័យទាក់ទងគ្នាក្នុងវិស័យការងារ»។

ទោះបីជាអគារប៊ុលឌិងសមានសោភ័ណមិនស្អាត ប៉ុន្តែសំណង់នៅរឹងមាំ។ អ្នកស្រី ដាវី បានប្រាប់ថា ការរស់នៅទីតាំងថ្មីមានលក្ខណៈខុសគ្នាពីព្រោះ កាលរស់នៅអគារប៊ុលឌិងស គឺរស់នៅក្នុងអគារតែមួយអាចមើលមុខគ្នាឃើញ ជជែកគ្នាលេងនៅមុខផ្ទះប្រកបដោយខ្យល់អាកាសល្អ ហើយពេលខ្លះឡើងទៅរាំលេងនៅខាងលើតំបូលអគារជាមួយគ្នាដោយមិនមានការព្រួយបារម្ភពីគុណភាពសំណង់ឡើយ។

អ្នកស្រី ដាវី បន្ថែមទាំងអារម្មណ៍អាឡោះអាល័យថា ៖ «ទោះបីជាខ្ញុំបានចាកចេញពីអគារនេះមែន ខ្ញុំមិនអាចបើកភ្នែកឈរមើលការវាយកម្ទេចចោលអគារនេះទេ ពីព្រោះខ្ញុំអាចនឹងយំខ្លាំងដោយការនឹកពីអនុស្សាវរីយ៍ជិត៣ទសវត្សរ៍កន្លងមកនេះ»។

white-building_0

អ្នកស្រី ដាវី តែងតែជិះកាត់អគារប៊ុលឌិងសជារៀងរាល់ថ្ងៃដើម្បីទៅកន្លែងធ្វើការ ប៉ុន្តែមិនចង់ឃើញអគារនេះមានសភាពស្ងាត់ជ្រងំដូច្នេះទេ ពីព្រោះមិនសប្បាយចិត្តនឹងចាកចេញ ហើយមានតែការថតរូបទុកជាអនុស្សាវរីយ៍ និងរក្សារូបផ្ទះដែលធ្លាប់រស់នៅក្នុងរូបថតប៉ុណ្ណោះឯង។

គាត់បានពោល កោតសរសើរពីរចនាប័ទ្ម គុណភាពរឹងមាំ និងទម្រង់របស់អគារប៊ុលឌិងស ដែលមានលក្ខណៈល្អប្រសើរជាងអគារមួយចំនួនក្នុងសម័យថ្មី ហើយបើសិនជារាជរដ្ឋាភិបាលអាចអភិរក្សសំណង់ស្ថាបត្យកម្មចាស់នេះបាន វានឹងអាចទាញប្រយោជន៍រកប្រាក់ចំណូលសម្រាប់ជាតិ និងដើម្បីបង្ហាញដល់ក្មេងជំនាន់ក្រោយ។

ការអភិវឌ្ឍអគារសម័យទំនើបនាបច្ចុប្បន្ននេះ តាមទម្រង់ដើមអាចជាការប្រសើរ។ អ្នកស្រី ដាវី បានបន្ថែម «បើយើងបំបាត់អគារចាស់បុរាណចោល វាហាក់ដូចជាយើងបំបាត់ប្រវត្តិសាស្ត្រដែលក្មេងជំនាន់ក្រោយមិនធ្លាប់បានឃើញផ្ទាល់»។

លោក សំបូរ ម៉ាណារ៉ា សាស្ត្រាចារ្យប្រវត្តិសាស្ត្រនៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ និងសាកលវិទ្យាល័យបញ្ញាសាស្ត្រ មានប្រសាសន៍ថា អគារប៊ុលឌិងសបានសាងសង់ស្របពេលនឹងការសាងសង់អគារផ្សេងៗទៀត ដូចជាសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ អគារនៃវិទ្យាស្ថានតិចណូ និងអគារជាច្រើនទៀតនៅក្នុងទសវត្សរ៍ទី៦០ ដែលស្ថិតក្នុងជំនាន់ព្រះបាទនរោត្តមសីហនុ ប៉ុន្តែអគារប៊ុលឌិងសនេះ មិនមានការថែទាំដូចនឹងអគារដទៃទៀតនោះទេ។

លោកបានឲ្យដឹងថា អគារប៊ុលឌិងស គឺជាអគារដែលមានបញ្ហាច្រើនក្នុងសម័យកាលមុនៗ ដោយសារអគារនេះត្រូវបានបំផ្លិចបំផ្លាញផ្នែកខ្លះក្នុងសម័យសង្គ្រោម ហើយក្រោយមកទៀត គឺត្រូវបានតាំងទីលំនៅដោយប្រជាជនច្រើនលើសពីកម្រិតនៃការគាំទ្ររបស់សំណង់អគារ ដែលខុសពីលក្ខខណ្ឌបច្ចេកទេស។

លោកសាស្ត្រាចារ្យប្រវត្តិសាស្ត្ររូបនេះបានឲ្យដឹងថា ៖ «រាល់រចនាសម្ព័ន្ធដែលត្រូវឲ្យឈ្មោះថា គ្រឿងបំពាក់សម្រាប់អគារដើម្បីឲ្យមានភាពស្ថិតស្ថេរនោះ ក៏មានការខូចខាតនៅក្នុងសម័យកាលនោះដែរ។ ផ្ទុយទៅវិញអគារស្ថាបត្យកម្មដទៃទៀត ដែលបានសាងសង់ក្នុងសម័យដូចគ្នា បានទុកចោលដោយមិនមានការប្រើប្រាស់ និងមិនត្រូវបានបំផ្លាញដូចអគារអគារប៊ុលឌិងសនោះទេ»។

ស្របពេលដែលអគារប៊ុលឌិងសនឹងត្រូវបាត់រូបរាងពីរាជធានីភ្នំពេញ ក្នុងពេលឆាប់ៗ អគារនេះនឹងត្រូវបានចាត់ទុកជាអគារប្រវត្តិសាស្ត្រដូចអគារមហោស្រពសិល្បៈ អគារប្រផេះ ដែលត្រូវបានឆេះភ្លើងខ្ទេចខ្ទាំ កាលពីទសវត្សរ៍មុនដោយបន្សល់់ទុកតែស្លាកស្នាមរូបថតតែប៉ុណ្ណោះ។

លោកប្រាប់ថា អគារប៊ុលឌិងសនឹងបន្សល់ទុកនូវតែស្លាកស្នាមរូបថតក្នុងពេលបន្តិចទៀតដូចគ្នា ពីព្រោះអគារនេះបានទ្រុឌទ្រោម ហើយត្រូវបានអ្នកសិក្សាជនជាតិជប៉ុនបង្ហាញថា វាអាចប៉ះពាល់ដល់ប្រជាពលរដ្ឋ និងសោភ័ណភាពទីក្រុងបើទុកសំណង់នេះនៅបន្តទៅអនាគត។

ទោះបីជាអគារប្រវត្តិសាស្ត្រនេះត្រូវបានផ្តល់តម្លៃដោយអាយុកាលកកើត លោកក៏បានបង្ហាញទស្សនៈដែរថា ៖ «វាបាត់សោភ័ណទៅហើយ ក្នុងទីក្រុងនៅពេលដែលយើងមិនបានថែរក្សាវាឲ្យបានល្អ ហើយវាអាចមានហានិភ័យពីរ ទី១-ទាក់ទងនឹងភាពមាំរបស់អគារ ទី២-ការធ្វើឲ្យប៉ះពាល់ដល់តម្លៃនៃការវិវឌ្ឍរបស់សម័យកាលឥឡូវនេះ ដែលយើងគួរមានអគារថ្មីខ្ពស់ៗ ស្អាតៗ ល្អៗក្នុងន័យអភិវឌ្ឍន៍»។

white-building-01

ក្នុងន័យប្រវិត្ថសាស្ត្រ ការឲ្យតម្លៃដល់អាយុកាល គឺមានតម្លៃណាស់បើអគារមានភាពរឹងមំា និងការថែរក្សាបានល្អច្បាស់លាស់ ប៉ុន្តែអកុសលសង្គ្រាម និងវិបត្តិផ្សេងៗ បានធ្វើឲ្យមនុស្សមិនបានយកចិត្តទុកដាក់គិតពីការថែរក្សាសំណង់អគារទាំងនោះទេ។

ដោយតម្លៃនៃការអភិរក្សថែរក្សាទាក់ទងនឹងសោភ័ណភាពនៃរបស់ដែលត្រូវធ្វើការអភិរក្ស លោកសាស្ត្រាចារ្យបានពន្យល់អំពីតម្លៃរបស់អគារ និងតម្លៃនៃការអភិរក្ស តើការអភិរក្សផ្តល់នូវតម្លៃអ្វីខ្លះ? តើការអភិរក្សមានតម្លៃកម្រិតណា? អ្វីដែលសំខាន់នោះ គឺតម្លៃសោភ័ណភាព ដែលត្រូវធ្វើឲ្យទីក្រុងមួយនេះទៅជាទីក្រុងស្អាត និងល្អដើម្បីលើកមុខមាត់របស់ប្រទេសជាមួយប្រទេសដទៃ។

លោកបន្តថា ៖ «យើងក៏បានឃើញជាក់ស្តែងដែរ អគារប៊ុលឌិងសមានសភាពចាស់ទ្រុឌទ្រោម ខ្វះសោភ័ណភាពមានដានខ្មៅ ប្រេះស្រាំ ដែលមិនផ្តល់នូវសោភ័ណដល់ទីក្រុងឡើយ ដោយសារការរស់នៅទាំងអស់នោះមិនបានបំពេញបានទាំងផាសុកភាព និងការទ្រទ្រង់របស់អគារឲ្យបានត្រឹមត្រូវទៅតាមបច្ចេកទេស»។

នៅប្រទេសគេដទៃ ក៏មានការថែរក្សាអគារស្ថាបត្យកម្មបុរាណ ដែលនៅសេសសល់ ហើយប្រទេសកម្ពុជា ក៏មានការថែរក្សាអគារបុរាណ ដែលនៅល្អនៅជុំវិញ ប៉ុន្តែការបាត់សោភ័ណ និងភាពទ្រុឌទ្រោមជាចំណុចដែលត្រូវធ្វើការស្រាវជ្រាវសម្រាប់សម័យកាលបច្ចុប្បន្ន និងអនាគត។

លោកសាស្ត្រាចារ្យបានពោលទាំងមានជំនឿថា ៖ «បន្តិចទៀតនឹងមានអគារខ្ពស់របស់ក្រុមហ៊ុនជប៉ុន ដែលជំនួសជាថ្មីដើម្បីចូលរួមចំណែកធ្វើឲ្យប្រទេសរបស់យើងលេចធ្លោឡើង ដែលគួរឲ្យស្ងប់ស្ងែងណាស់សម្រាប់មនុស្សសម័យបច្ចុប្បន្ន និងមនុស្សជំនាន់ក្រោយ ហើយក្មេងៗជំនាន់នោះនឹងនិយាយថា ប្រទេសមានការរីកចម្រើនដោយមើលឃើញអគារច្រើនជាងសម័យមុន ប៉ុន្តែយើងត្រូវប្រុងប្រយ័ត្នពីភាពរឹងមំានៃអគារថ្មីផងដែរ»។

ការបោះបង់នូវប្រវត្តិដែលមានបញ្ហាដែលផ្សារភ្ជាប់ជាមួយនឹងអគារចាស់ៗ វាខុសពីប្រវិត្ថនៃនយោបាយ វប្បធម៌ដែលត្រូវថែរក្សាប៉ុន្តែអគារអាចបំបាត់បាននៅពេលដែលមានការបង្កើតអគារថ្មីមាន រចនាប័ទ្មដែលប្រសើរក្នុងន័យអភិវឌ្ឍន៍។

លោកបន្តថា ៖ «អ្វីដែលយើងគួរស្តាយ គឺស្តាយប្រាសាទ ដែលមានរូបភាពល្អត្រឹមត្រូវហើយមិនត្រូវជំនួសដោយអគារទេ ដូច្នេះយើងគួរនាំគ្នាគិតពីស្នាដៃនៃការកសាងប្រាសាទ ដែលមានសភាពទ្រុឌទ្រោម ឲ្យមានសភាពដើម ដើម្បីបង្ហាញពីរចនាប័ទ្មចម្រុះរបស់វប្បធម៌ខ្មែរសម័យបុរាណស្របនឹងសម័យទំនើប»។

បើយោងតាមលោក សន សៀប នាយកក្រុមហ៊ុន ឃី រៀលអេស្ទេត បានមាន ប្រសាសន៍ថា ការវាយអគារប៊ុលឌិងស ដើម្បីជំនួសដោយអគារថ្មី ជាធម្មតាសោភ័ណភាពនៅតំបន់នោះវានឹងកើនឡើងដែរ។ នៅពេលដែលអគារថ្មីដែលបានគ្រោងដោយក្រុមហ៊ុនរបស់ជប៉ុន Arakawa កើតឡើងតម្លៃអចលនទ្រព្យនៅតំបន់ទន្លេបាសាក់ និងទីតាំងជិតៗនោះកាន់តែមានសក្តានុពល ពីព្រោះកាលណាតំបន់នោះស្អាត សម្បូរអ្នកចង់ទៅរស់នៅ។ ដូច្នេះធ្វើឲ្យអ្នកវិនិយោគកាន់តែចង់ទៅអភិវឌ្ឍតំបន់នោះ និងតំបន់ក្បែរនោះបន្ថែម។

តាមទីផ្សារអចលនទ្រព្យ តំបន់ដែលមានការអភិវឌ្ឍហើយ និងមានតម្លៃដីខ្ពស់ស្ថិតក្នុងខណ្ឌចំនួន៤ គឺខណ្ឌដូនពេញ ខណ្ឌ៧មករា ខណ្ឌចំការមន និងខណ្ឌទួលគោក ដែលជាតំបន់ពាណិជ្ជកម្ម។

តំបន់ទន្លេបាសាក់ ក៏ដូចជាតំបន់បឹងកេងកង ដែលជាតំបន់អភិវឌ្ឍន៍រួចហើយ តម្លៃដីមានការកើនឡើងមានតិចតួចខណៈតម្លៃរបស់វាមានខ្ពស់ស្រាប់ពី១៥០០ ទៅ៣៥០០ដុល្លារជាមធ្យម ទៅតាមទីតាំងដី ហើយមានអ្នកអភិវឌ្ឍន៍ច្រើនចាប់ផ្តើមសាងសង់អគារខ្ពស់សម្រាប់បំពេញតម្រូវការ។

លោកបង្ហាញពីមូលហេតុថា ដោយសារកំណើនប្រជាជនមានច្រើនចូលមករស់នៅទីក្រុងភ្នំពេញ តំបន់ដែលមានការអភិវឌ្ឍហើយ មានមនុស្សរស់នៅកកកុញ ដូច្នេះដីដែលមានតម្លៃថ្លៃចាប់ផ្តើមសាងសង់ខុនដូ ឬការចេញមកនៅតាមតំបន់ជាយក្រុងដូចជាខណ្ឌសែនសុខ ដែលមានគម្រោងធំនៅក្បែរនោះ។

លោកបានឲ្យដឹងថា ៖ «ក្នុងរយៈពេលមួយឆ្នាំទៅពីរឆ្នាំខាងមុខ តម្លៃដីអាចកើនឡើងមិនច្រើនចន្លោះពី៥ទៅ១០ភាគរយប៉ុណ្ណោះ ដោយសារដីនៅទីនោះបានអភិវឌ្ឍរួចហើយ ហើយតំបន់ដែលអាចកើនឡើងជាគំហុកបាន គឺតំបន់កំពុងអភិវឌ្ឍន៍ ឬស្ថានភាពរបស់ទីក្រុងមិនទាន់មានការអភិវឌ្ឍច្រើន។

ភ្នំពេញប៉ុស្តិ៍អចលទ្រព្យ បានទាក់ទងអ្នកតំណាងរបស់ក្រុមហ៊ុនជប៉ុន Arakawa មួយរូបដែលសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា គម្រោងសំណង់ថ្មីដែលនឹងត្រូវសាងសង់ជំនួស អគារប៊ុលឌិងស នឹងធ្វើការសម្រេចចិត្តពីភាគីខាងជនជាតិជប៉ុន ថាតើនឹងគោរពតាមគម្រោងចាស់ដែលនឹងសាងសង់អគារ២១ ជាន់ដដែល ឬយ៉ាងណា។

លោកបន្តថា ៖ «ការវាយកម្ទេចអគារប៊ុលឌិងស នឹងត្រូវចំណាយពេលពី ៣ទៅ៤ខែយ៉ាងយូរ មុនពេលចាប់ផ្តើមសំណង់អគារថ្មីរបស់ក្រុមហ៊ុនជប៉ុន»។

គួរបញ្ជាក់ដែរថា គ្រួសារចំនួន ៤៩៣គ្រួសារដែលរស់នៅក្នុងអគារប៊ុលឌិងស ដែលត្រូវបានសាងសង់ឡើងក្នុងឆ្នាំ ១៩៦៣នេះ បានព្រមព្រៀងចេញទាំងអស់ពីអគារ បន្ទាប់ពីទទួលសំណងពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងតម្លៃ ១៤០០ដុល្លារក្នុងមួយម៉ែត្រការ៉េ៕

Leave a Reply