30-6-039

រដ្ឋាករទឹកស្វ័យតក្រុងភ្នំពេញចាប់ផ្តើមចេញវិក្កយបត្របង់ថ្លៃទឹកនៅរៀងរាល់មួយខែម្តង

ក្រោយពីអនុវត្តលើគោលការណ៍បញ្ចុះតម្លៃថ្លៃទឹកស្អាតដែលប្រមុខរាជរដ្ឋាភិបាលដាក់ឲ្យ ជូនបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងរាជធានីភ្នំពេញនិងក្រុងតាខ្មៅខេត្តកណ្ដាលរួចមក រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញក៏បានចាប់ផ្ដើមរៀបចំអនុវត្តប្ដូរវិក្កយបត្រថ្មីគឺការចេញវិក្កយបត្របង់ថ្លៃទឹកនៅរៀងរាល់មួយខែម្ដងវិញ ខណៈដែលកាលពីមុនអតិថិជនធ្លាប់តែទទួលវិក្កយបត្របង់ថ្លៃទឹកពីរខែម្ដង។

នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧ ឯកឧត្តម សុឹម ស៊ីថា អគ្គនាយករដ្ឋាករទឹករាជធានីភ្នំពេញបានអោយដឹងថារដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានប្រកាសអនុវត្តចាប់តាំងពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៧មក លោកបានបន្ថែមទៀតថាការប្ដូរវិក្កយបត្រគឺនឹងធ្វើឲ្យប្រសើរឡើងជាងការចេញវិក្កយបត្រចំនួនពីរខែម្ដងព្រោះបច្ចុប្បន្ននេះ ការប្រើប្រាស់របស់ប្រជាពលរដ្ឋក៏មានការកើនឡើងជាបន្តបន្ទាប់ ហើយជាងនេះទៅទៀតក៏អាចជៀសវាងនូវការភ្លាំងភ្លេចរបស់អតិថិជនផងដែរ។

គួរបញ្ជាក់ផងដែរថា គិតមកដល់ពេលនេះរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញមានសមត្ថភាពអាចផលិតទឹកស្អាតបានចំនួន៥៦ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ និងបានតបណ្ដាញចូលផ្ទះប្រជាពលរដ្ឋបានចំនួនជាង៣១ម៉ឺនខ្នងផ្ទះ ដែលជាទឹកមានគុណភាពខ្ពស់និងមានតម្លៃថោកសមរម្យ រដ្ឋាករទឹករាជធានីភ្នំពេញ នឹងប្ដេជ្ញានឹងជំរុញអោយមានវិស័យទឹកស្អាតនៅរាជធានីភ្នំពេញអោយបាន១០០ភាគរយ នៅក្នុងឆ្នាំ២០៣០។

វីដេអូប្រភពពីហ្វេសប៊ុក ៖ BTV Cambodia

Leave a Reply