2-3-plan1

អ្នក​ភ្នំពេញ​ត្រូវការ​សួនច្បារ​ច្រើន រីឯ​អ្នក​ឯកទេស​ថា ​រដ្ឋ​ត្រូវ​គិត​ពី​មាត្រា​សាស្ត្រ​នគរូបនីយកម្ម

Sorry, this entry is only available in Khmer. For the sake of viewer convenience, the content is shown below in the alternative language. You may click the link to switch the active language.

ប្រភព : ភ្នំពេញប៉ុស្ដិ៍

កំណើនប្រជាសាស្ត្រនៅទីក្រុងភ្នំពេញពិតជាទាមទារឲ្យមានការអភិវឌ្ឍបន្ថែមនូវសំណង់លំនៅដ្ឋាន ហេដ្ឋារចនាសម្ព័ន្ធទូទៅ ទីធ្លា និងសួនច្បារសាធារណៈនានាទន្ទឹមនឹងពេលនេះចំនួនប្រជាជនកាន់តែច្រើនក៏មានការយល់ដឹងអំពីសុខភាពផ្ទាល់ខ្លួនដោយពួកគេតែងតែនាំគ្នាដើរហាត់ប្រាណនៅតាមសួនច្បារសំខាន់ៗដូចជា សួនច្បារវិមានឯករាជ្យ សួនច្បារមាត់ទន្លេ ពហុកីឡដ្ឋានជាតិអូឡាំពិក សួនច្បារមុខក្រសួងការពារជាតិ និងនៅតាមទីធ្លាសាលារៀនជាដើម។

សម្ទុះកើនឡើងទាំងនេះក៏ជាសញ្ញាណអំពាវនាវឲ្យអាជ្ញាធរក្រុងបង្កើតសួនច្បារសាធារណៈបន្ថែមឲ្យបានច្រើនកន្លែង ជាពិសេសនៅតាមទីតាំងដែលទីក្រុងនេះទើបត្រូវបានពង្រីកបន្ថែម។

លោក ម៉េត មាសភក្តី មន្ត្រីអ្នកនាំពាក្យសាលារាជធានីភ្នំពេញបានឲ្យដឹងនាអំឡុងពេលជាច្រើនឆ្នាំចុងក្រោយនេះថាអាជ្ញាធរក្រុងបានរៀបចំបង្កើតឲ្យមានសួនច្បារថ្មីធំៗជាច្រើនកន្លែងដូចជា «នៅតាមមាត់ទន្លេចតុមុខ មាត់ទន្លេសាបត្រើយខាងកើត មាត់ទន្លេសាបត្រើយខាងលិចត្រង់បរិវេណសួនប្រជាធិបតេយ្យថ្មី និងការកែលម្អសួនច្បារចាស់ៗជាច្រើនទីតាំងឲ្យមានសោភ័ណភាពថែមទាំងបំពាក់នូវសម្ភារឧបករណ៍សម្រាប់ហាត់កីឡា និងបង្គន់អនាម័យផងដែរ»។

លោកបន្តថា៖ «ទាំងនេះគឺជាការឆ្លើយតបរបស់សាលារាជធានីភ្នំពេញចំពោះសុខុមាលភាពដល់មហាជនទូទៅ និងជាការលើកស្ទួយសោភ័ណភាពទីក្រុងរបស់យើងទាំងអស់គ្នាផងដែរ»។

បច្ចុប្បន្ននេះ «នៅទូទាំងរាជធានីភ្នំពេញរបស់យើងគឺមានសួនច្បារប្រមាណ ៧០ ទីតាំង ហើយគណៈអភិបាលក៏ជំរុញឲ្យមានការបង្កើតទីសួនសាធារណៈបន្ថែមថ្មីៗជាច្រើននៅតាមបណ្តាខណ្ឌថ្មីៗនៅតាមជាយរាជធានី» នេះបើតាមប្រសាសន៍របស់លោក មាសភក្តី។

ទោះជាយ៉ាងណាមន្ត្រីអ្នកនាំពាក្យរូបនេះពុំបានបង្ហាញពីទំហំ ឬផ្ទៃក្រឡាជាក់ស្តែងរបស់សួនច្បារនៅក្នុងរាជធានីភ្នំពេញទេ ហើយក៏ពុំបញ្ជាក់ពីតម្លៃទឹកប្រាក់ប៉ុន្មានដែលអាជ្ញាធរបានធ្វើការវិនិយោគទៅលើសួនច្បារសាធារណៈទាំងនោះដែរ។

ក្នុងនាមប្រជាពលរដ្ឋម្នាក់រស់នៅក្នុងទីក្រុងភ្នំពេញដែលធ្លាប់ដើរហាត់ប្រាណជាច្រើនកន្លែងនៅតាមទីធ្លាសាធារណៈ និងពេលខ្លះបាននាំសហការីរបស់ខ្លួនដើររើសសំរាមសម្អាតសួនច្បារ និងទីរមណីដ្ឋានទេសចរណ៍នានាលោក ហូយ វណ្ឌី ក៏ជាសហគ្រិនជោគជ័យនៅក្នុងវិស័យសេវាកម្មទេសចរណ៍ជិត ២ ទសវត្សរ៍មកហើយ។

លោកបានថ្លែងថា៖ «តាមពិតទៅទីក្រុងភ្នំពេញមានភាពស្រស់ស្អាតទាក់ទាញអំណោយផលពីទីតាំងភូមិសាស្ត្រ និងធម្មជាតិច្រើនណាស់ព្រោះជាទីក្រុងមានប្រជុំទៅដោយទន្លេធំៗ ៤ ផ្សេងគ្នា និងមានកូនភ្នំតូចមួយទៀតផង ប៉ុន្តែយើងពុំទាន់បានទាញយកសក្តានុពលទាំងនេះបានពេញលេញនៅឡើយទេ»។

«បើពិនិត្យទៅតាមសួនច្បារសាធារណៈ ប្រជាជនមួយចំនួនលោកខ្វះទម្លាប់ល្អក្នុងការទុកដាក់កាកសំណល់ ឬសំរាមនៅតាមទីសាធារណៈអ៊ីចឹងហើយបានជានៅតាមសួនច្បារមួយចំនួនឃើញមានសំរាម និងថង់ប្លាស្ទីកហើរពាសវាលពាសកាលគួរឲ្យខ្មាសភ្ញៀវទេសចរបរទេសណាស់» នេះបើតាមប្រសាសន៍របស់លោក វណ្ឌី។ «ទន្ទឹមនឹងការចូលរួមធ្វើឲ្យសួនច្បារនៅក្នុងទីក្រុងភ្នំពេញ ស្រស់ស្អាត អាជ្ញាធរក៏គួរតែធានាឲ្យសួនច្បារ និងទីសាធារណៈទាំងនោះមានសុវត្ថិភាពផងដែរ បើមិនអ៊ីចឹងទេទាំងអ្នកដើរហាត់ប្រាណ និងភ្ញៀវទេសចរគឺមិនទៅទីកន្លែងមានសំរាម មានក្លិនស្មោកគ្រោកប៉ះពាល់ដល់សុខភាព និងអសុវត្ថិភាពសម្រាប់ពួកគេទេ»។2-3-plan2_0

លោក ជា សុខងី ជាអាជីវកររស់នៅទីក្រុងភ្នំពេញបានមានថ្លែងឲ្យដឹងថា៖ «ឥឡូវនេះរូបខ្ញុំ និងមិត្តភក្តិបួនដប់នាក់ពុំសូវបានដើរហាត់ប្រាណនៅតាមសួនច្បារដូចគេទេ ព្រោះមានប្រជាជនកាន់តែច្រើននាំគ្នាដើរហាត់ប្រាណស្ទើរតែចង្អៀតគ្នាណែននៅតាមសួនច្បារសំខាន់ៗទាំងសួនច្បារវិមានឯករាជ្យ ពហុកីឡដ្ឋានជាតិអូឡាំពិក សួនច្បារមុខព្រះបរមរាជវាំង និងសួនមាត់ទន្លេជាដើម ដូច្នេះពួកយើងជ្រើសរើសយកការជិះកង់នៅជាយៗក្រុងវិញទើបមានខ្យល់អាកាសល្អប្រសើរជាង»។

លោកបន្តថាពេលខ្លះក្រុមរបស់គាត់ទៅជិះកង់នៅតំបន់កាំកូស៊ីធី សួនច្បារត្រើយខាងកើតម្តុំអូតែលសុខា ឬ «ពេលចុងសប្តាហ៍ខ្លះយើងត្រូវជិះកង់តាមផ្លូវជាតិលេខ ៦A ដល់ស្ពានព្រែកតាមាក់ ឬក៏ទៅក្រុងតាខ្មៅជាដើម»។ នេះបើតាមសម្តីរបស់លោក សុខងី។ «យើងសំណូមពរឲ្យសាលាក្រុងបង្កើតសួនច្បារថ្មីៗឲ្យបានច្រើនទីតាំងថែមទៀតដើម្បីសម្រួលដល់ការហាត់ប្រាណរបស់ប្រជាជនផង និងជួយឲ្យការរស់នៅរបស់អ្នកទីក្រុងមានភាពស្រស់ស្រាយល្អបើមានសួនច្បារពណ៌បៃតងកាន់ច្រើន»។

លោក ច្រឹក សុខនីម អគ្គនាយកក្រុមហ៊ុន Century21 Cambodia បានឲ្យដឹងថាជាទូទៅនៅតាមបណ្តាប្រទេសជឿនលឿននៅពេលមានគម្រោងសាងសង់អគារចម្រុះធំៗមានកម្ពស់ច្រើនជាន់នោះអាជ្ញាធរពាក់ព័ន្ធរបស់ពួកគេបានកំណត់អនុញ្ញាតឲ្យច្បាប់សាងសង់សំណង់តែនៅលើផ្ទៃដីតិចជាងពាក់កណ្តាលនៃផ្ទៃដីសរុបហើយទុកឲ្យនៅសល់ដីទំនេរសម្រាប់ជាចំណត ជាទីធ្លាសាធារណៈ និងជាសួនបៃតង។

លោកបញ្ជាក់ថា៖ «ច្បាប់របស់គេតឹងរ៉ឹងច្បាស់លាស់គឺរាល់ផ្ទៃក្រឡាសំណង់មានត្រឹមតែ ៣០ ទៅ ៤០ ភាគរយនៃផ្ទៃដីសរុបតែប៉ុណ្ណោះព្រោះអាជ្ញាធររបស់គេយល់ថាសួនច្បារបៃតងទីធ្លាសាធារណៈទាំងនោះពុំអាចបង្កើតបាននៅក្នុងអគារ ឬក្រោមដីបានទេ»។

លោកបានបង្ហាញទស្សនៈផ្ទាល់ខ្លួនថាចំពោះច្បាប់សាងសង់របស់កម្ពុជាពុំបានចែងច្បាស់លាស់ថា តើគម្រោងអគារធំខ្ពស់ៗបម្រើជាពហុមុខងារត្រូវរក្សាទុកផ្ទៃដីទំនេរប៉ុន្មានភាគរយនោះទេ? ដោយគ្រាន់តែនិយាយពីការរក្សាទុកចន្លោះគម្លាតពីព្រំដីត្រឹមតែកន្លះម៉ែត្រតែប៉ុណ្ណោះ។ «តាមការពិនិត្យជាក់ស្តែងកន្លងមកយើងឃើញគម្រោងសំណង់ធំៗជាច្រើនដែលកំពុងសំរុកការសាងសង់នៅទីក្រុងភ្នំពេញគឺពុំមានលៃលកទុកផ្ទៃដីនៅទំនេរសម្រាប់ជាសួនច្បារសាធារណៈនោះទេ» នេះបើតាមប្រសាសន៍របស់លោក សុខនីម។ «បើសំណង់ខ្ពស់ៗរីកចម្រើនកាន់តែខ្លាំងនោះទីក្រុងភ្នំពេញនាពេលអនាគតគួរតែបង្កើតឲ្យមានសួនច្បារច្រើនបន្ថែមទៀតជាពិសេសសួនច្បារគួរតែត្រូវបានបង្កើតឲ្យមាននៅតាមគ្រប់បណ្តាខណ្ឌនានាទាំងអស់នៅតាមជាយក្រុងផងដែរ»។

លោក អ៊ុក សុវណ្ណរិទ្ធិ អតីតសាស្ត្រាចារ្យផ្នែកស្ថាបត្យកម្ម និងនគរូបនីយកម្ម នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បច្ចុប្បន្នរស់នៅទីក្រុងប៉ារីស ប្រទេសបារាំង បានពន្យល់ថា៖ «ការរីកចម្រើនផ្នែកសំណង់ធំៗព្រោងព្រាតនៅទីក្រុងភ្នំពេញនាពេលបច្ចុប្បន្ននេះបានវិវឌ្ឍគួរឲ្យព្រួយបារម្ភទៅវិញទេសម្រាប់ទស្សនៈរបស់ខ្ញុំ»។

លោកបន្តថាទៅថ្ងៃអនាគតអ្នករស់នៅក្នុងក្រុងនេះអាចប្រឈមនឹងបញ្ហាសុខភាពរាងកាយក៏ច្រើន និងសុខភាពផ្លូវចិត្តក៏កាន់តែយ៉ាប់យ៉ឺនដែរ ដោយសារ «សំណង់ធំៗកាន់តែច្រើននាំដល់ការកើនឡើងដង់ស៊ីតេមនុស្សប្រមូលផ្តុំការរស់នៅកាន់តែខ្ពស់មានយានយន្តជាមធ្យោបាយធ្វើដំណើរក៏កាន់តែច្រើនបង្កការកកស្ទះក៏កាន់តែធ្ងន់ធ្ងរព្រោះហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅដដែល រីឯទីធ្លាសាធារណៈ ឬសួនច្បារពណ៌បៃតងមួយចំនួនមិនត្រឹមតែនៅដដែលទេ តែថែមទាំរួមតូចទៅទៀតដោយសារការរំលោភផ្សេងៗ ដូច្នេះបរិយាកាសទូទៅក៏កាន់តែអាប់អួរទៅដែរ»។

«សាលាក្រុង ឬរដ្ឋាភិបាលគួរតែគិតគូរអំពីមាត្រាសាស្ត្រនគររូបនីយកម្មឲ្យបានត្រឹមត្រូវល្អិតល្អន់» នេះបើតាមប្រសាសន៍របស់លោកសាស្ត្រាចារ្យ សុវណ្ណរិទ្ធិ។ «លម្ហនេត្រាទស្សន៍នៃទស្សនីយភាពទីក្រុងត្រូវគិតគូរអំពីបរិស្ថាន និងលំហូរខ្យល់នៃបរិយាកាសហើយត្រូវតែបង្កើតសួនច្បារបៃតងឲ្យបានច្រើនទីតាំងដើម្បីជួយផ្តល់ជាទីលានចម្រោះ ឬបន្សុតអុកស៊ីហ្ស៊ែនក្នុងខ្យល់ធម្មជាតិឲ្យបានប្រសើរឡើង»។

លោកសាស្ត្រាចារ្យ សុវណ្ណរិទ្ធិ បានបន្ថែមថា៖ «ទន្ទឹមនឹងនោះរដ្ឋាភិបាលក៏ត្រូវតែគិតគូរលៃលករក្សាទុកជាទីតាំងទំនេរ ឬអំពីវិធានទប់ទល់ករណីកើតមានហានិភ័យជាយថាហេតុផ្សេងៗទាំងការបង្កមហន្តរាយដោយធម្មជាតិ និងបង្កដោយកត្តាមនុស្សផងដែរ ដើម្បីសង្គ្រោះជីវិតមនុស្ស និងទ្រព្យសម្បត្តិមានតម្លៃផ្សេងៗ»៕

2-3-plan3_0

2-3-plan4

Leave a Reply