20638017_782419491938805_5990525309731497488_n

រដ្ឋបាល​រាជធានី​ភ្នំពេញ​ដាក់​ចេញ​វិធាន​ការ​រៀប​ចំ​សណ្តាប់​ធ្នាប់​នៅ​តាម​ដងផ្លូវ​ចំនួន ១១​ខ្សែ

ប្រភព : RFI

រដ្ឋបាលរាជធានីភ្នំពេញ ថ្ងៃទី០៨ សីហាម្សិលមិញនេះ បានចេញសេចក្តីណែនាំមួយដល់សាធារណជន ឲ្យបានដឹងពីយុទ្ធនាការ ក្នុងការរៀបចំសណ្តាប់ធ្នាប់ និងរបៀបរៀបរយ ដើម្បីដោះស្រាយបញ្ហាចរាចរណ៍នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។ ការប្រកាសនេះបានធ្វើឡើង បន្ទាប់ពីសាលាក្រុងបានសម្រេចតាមរយៈកិច្ចប្រជុំមួយ ក្នុងការរៀបចំសណ្តាប់ធ្នាប់សាធារណៈ លើកំណាត់ផ្លូវគំរួចំនួន ១១ខ្សែ កាលពីពាក់កណ្តាលខែកក្កដា កន្លងទៅនេះ។

នៅក្នុងលិខិតរបស់ខ្លួន កាលពីថ្ងៃអង្គារម្សិលមិញ សាលាក្រុងភ្នំពេញបានដាក់ចេញនូវវិធានការមួយចំនួន ទាក់ទងនឹងការរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវ ចំពោះប្រជាពលរដ្ឋ គណៈបញ្ជាការឯកភាពខណ្ឌ និងស្នងការដ្ឋាននគរបាល ក៏ដូចជាបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់សោភ័ណភាពរាជធានីភ្នំពេញទាំងមូល។

វិធានការទាំងនោះរួមមាន ណែនាំកុំអោយប្រជាពលរដ្ឋចតយានយន្តនៅលើទូ្រងផ្លូវ ហាមដាច់ខាតមិនអោយធ្វើការហ៊ុំព័ន្ធការដ្ឋានលើចិញ្ចើមផ្លូវលើសពីមួយភាគបី ចំណែកឯការធ្វើអាជីវកម្មវិញ គឺអាចប្រើប្រាស់ចំណែកចិញ្ចើមផ្លូវត្រឹម ឬមិនអោយលើសមួយភាគបី ដោយទុកចំណែកផ្លូវពីរភាគបីសម្រាប់ថ្មើរជើង និងបម្រើអោយការងារសណ្តាប់ធ្នាប់និងចរាចរណ៍។

លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលាក្រុងភ្នំពេញ បានបញ្ជាក់ប្រាប់វិទ្យុបារាំង នៅព្រឹកថ្ងៃទី៩ សីហាថា យុទ្ធនាការរក្សាសណ្តាប់ធ្នាប់នេះ នឹងត្រូវចាប់ផ្តើមអនុវត្តក្នុងរយៈពេល ២សបា្តហ៍ ក្រោយពីការចេញសេចក្តីប្រកាស។ ក្នុងករណីប្រជាពលរដ្ឋមិនគោរពតាមការណែនាំ នោះសាលាក្រុងនឹងចាត់វិធានការរដ្ឋបាល ពោលគឺ បើសិនជានៅតែមានការចតយានយន្តលើទ្រូងផ្លូវ អាជ្ញាធរនឹងប្រើប្រាស់ឡានស្ទូច ដើម្បីស្ទូចយកយានយន្តទាំងនោះ ទៅទុកនៅស្នងការ ឬនៅអធិការដ្ឋាន និងឲ្យនគរបាលធ្វើការព្រមាន។ បើតាមលោក ភក្តី នេះគឺជាជម្រើសចុងក្រោយ បន្ទាប់ពីសាលាក្រុងបានសំណូមពរ ឲ្យប្រជាពលរដ្ឋគោរពតាមការណែនាំ។

សូមជំរាបថា ការសម្រេចបានយុទ្ធនាការដោះស្រាយចរាចរណ៍ និងរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវនេះ ធ្វើឡើងក្រោយពីកិច្ចប្រជុំគណបញ្ជាការឯកភាព កាលពីថ្ងៃទី១៩ កក្កដា ឆ្នាំ ២០១៧ ដោយសម្រេចជ្រើសយកផ្លូវចំនួន ១១ខ្សែ ដែលជាមហាវិថីសំខាន់ ធ្វើជាអាទិភាពគំរូ។ ផ្លូវទាំង ១១ខ្សែនោះ រួមមាន៖ មហាវិថីសហព័ន្ឋរុស្ស៊ី មហាវិថីព្រះមុនីវង្ស មហាវិថីកម្ពុជាក្រោម មហាវិថីម៉ៅសេទុង មហាវិថីព្រះសីហនុនិងមហាវិថីនេរុហ៍ មហាវិថីព្រះនរោត្តម មហាវិថីព្រះមុនីរេត វិថីឧកញ៉ាទេពផន មហាវិថីហ្សាលដឺហ្គោល ផ្លូវលេខ២៧១និងផ្លូវលេខ៧០ និង តិរវិថីព្រះស៊ីសុវត្ថិ។ យ៉ាងណាមិញ នេះគឺជា ដំណាក់កាលដំបូង ដែលសាលាក្រុងត្រូវអនុវត្តលើផ្លូវអាទិភាពទាំង១១ខ្សែ តែអាជ្ញាធរនឹងបន្តអនុវត្តទៅដល់គ្រប់ផ្លូវទាំងអស់ក្នុងរាជធានីភ្នំពេញ៕

Leave a Reply