29-6-023

គម្រោង​អគារ​ពហុ​មុខងារ Parkway នឹង​លេច​ជា​រូបរាង​នៅ​តំបន់​ទួល​គោក

ប្រភព ៖ ភ្នំពេញបុស្តិ៍

បណ្តុំអគារពហុមុខងារកម្ពស់៣៥ជាន់ថ្មីមួយនឹងផុសឡើងខ្ពស់នៅក្នុងតំបន់ទួលគោក ត្រង់ម្តុំខាងកើតអង់តែនទូរទស្សន៍ជាតិ ដែលវានឹងផ្តល់ជាលំនៅឋានជាផ្ទះហាង និងខុនដូ, ផ្សារទំនើប,ការិយាល័យ និងឈានទៅដល់មានទាំងមជ្ឈមណ្ឌលកម្សាន្តផងដែរ។

ខណៈពេលបច្ចុប្បន្នផ្នែកគ្រឹះខាងក្រោមដីទាំងអស់របស់គម្រោងនេះត្រូវបានស្ថាបនារួចរាល់អស់ហើយ ហើយក្រុមការងារសំណង់កំពុងចាប់ផ្តើមដំណើរការសាងសង់ចំណតក្រោមដីចំនួនពីរជាន់ជាមុន ដើម្បីឈានទៅបញ្ចប់ការដ្ឋានក្រោមដីទាំងអស់នៅដំណាច់ឆ្នាំនេះ មុននឹងចាប់ផ្តើមការដ្ឋានផ្នែកខាងលើ នេះបើតាមក្រុមអ្នកគ្រប់គ្រងគម្រោង Parkway បានផ្តល់ជាព័ត៌មាន។

លោក សូ សុខថេង (Sour Sok Theng) នាយកគ្រប់គ្រងគម្រោង Parkway បានឲ្យដឹងថា គម្រោងនេះស្ថិតក្រោមកិច្ចសហប្រតិបត្តិការរវាងវិនិយោគិនក្នុងស្រុក និងអន្តរជាតិ ដែលស្ថិតក្នុងតួលេខវិនិយោគចាប់ពីរយលានដុល្លារឡើងទៅ ប៉ុន្តែ«ខ្ញុំសុំរក្សាតួលេខជាសម្ងាត់សម្រាប់ការវិនិយោគដុល ព្រោះយើងមានការអភិវឌ្ឍជាជំហានៗ និងមានការកែប្រែខ្លះៗ» ដើម្បីតម្រូវឲ្យត្រូវនឹងទីផ្សារទៅថ្ងៃខាងមុខ។

លោកបានបន្តថា ៖ «រហូតមកទល់រាល់ថ្ងៃនេះពួកយើងកំពុងចាប់ផ្តើមសម្រុកការងារសាងសង់ជាជំហានៗទៅតាមកាលវិភាគរបស់ខ្លួនយ៉ាងត្រឹមត្រូវ គឺលុះណាតែគម្រោងនេះលេចចេញជារូបរាងបានច្រើនជាមុនសិន ទើបយើងចាប់ផ្តើមផ្សព្វផ្សាយការលក់យូនីតនៃគម្រោងនេះ»។

«យើងចង់ឲ្យអតិថិជនទាំងអ្នកក្នុងស្រុក និងជនបរទេស ពួកលោកបានមើលឃើញពីសំណង់របស់យើងអំពីអ្វីដែលនឹងមាននៅក្នុងគម្រោងនេះ មុននឹងការសម្រេចចិត្តទិញយូនីតរបស់យើង» នេះបើតាមការបញ្ជាក់របស់លោក សុខថេង។ ក្រុមហ៊ុនមានឆន្ទៈក្នុងការស្ថាបនាទីនេះឲ្យក្លាយជាសហគមន៍បៃតងនៅក្នុងទីក្រុងភ្នំពេញ ព្រោះ«នៅលើផ្ទៃដីមួយភាគធំ ក៏ត្រូវបានរក្សាទុកជាសួនច្បារសាធារណៈរីឯរៀងរាល់សំណង់ ២ជាន់ឡើងលើនឹងមាន រក្សាទុកជាទីកន្លែងបៃតងមួយផ្នែកសម្រាប់សាធារណជន»។

ទោះជាយ៉ាងណាកាលពីពេលថ្មីៗនេះ ក្រុមហ៊ុនវិនិយោគគម្រោង Parkway នេះធ្លាប់បានធ្វើសន្និសិទសារព័ត៌មានប្រកាសពីគម្រោងវិនិយោគរបស់ខ្លួន ដែលស្ថិតនៅលើផ្ទៃដីទំហំជាងមួយហិកតា ដោយគ្រោងនឹងបោះទុន ១០០ លានដុល្លារអាមេរិក ដោយពហុភាគីកម្ពុជា-ចិន ដើម្បីសាងសង់អគារខ្ពស់ៗចំនួន៣ ដើម្បីធ្វើឲ្យទីនោះក្លាយជាតំបន់រស់នៅ ផ្សារទំនើប និងមជ្ឈមណ្ឌលកម្សាន្ត រួមទាំងរោងភាពយន្ត និងកន្លែងសម្រាកលម្ហែផងដែរ។

ទោះបីជានាយកគ្រប់គ្រងរូបនេះបដិសេធមិនប្រាប់ពីតម្លៃឯកតានៃការលក់លំនៅឋាន ឬជួលផ្សារ ឬក៏ការិយាល័យធ្វើការទាំងនោះក្នុងតម្លៃប៉ុន្មានដុល្លារក្នុងមួយម៉ែត្រការ៉េ ក៏ពិតមែន ប៉ុន្តែលោកបានព្រលយឲ្យដឹងខ្លះៗថា «នៅជំហានដំបូងយើងចាប់ផ្តើមជាមួយលំនៅឋានចំនួន ២០០ ទៅ ៣០០ យូនីត រួមទាំងផ្សារទំនើបជាបថមសិន។

យូនីតនីមួយៗរបស់ Parkway នឹងចាប់ផ្តើមពីទំហំ ៤៥ ម៉ែត្រការ៉េ រហូតដល់ទំហំ ២០០ ម៉ែត្រការ៉េ យើងសាងសង់វាសម្រាប់អតិថិជនអ្នកមានជីវភាពកម្រិតមធ្យម និងខ្ពស់» នេះបើតាមសម្តីរបស់លោក សុខផេង។

«ទីផ្សារគោលដៅរបស់យើងគឺប្រជាជនក្នុងស្រុកជាចម្បង និងជនបរទេសផងដែរ» នេះបើតាមការបញ្ជាក់របស់លោក សុខថេង។ បើគិតទៅគម្រោងនេះនឹងជាបណ្តុំសហគមន៍ចម្រុះថ្មីមួយនៅតំបន់ទួលគោក «គម្រោង Parkway នឹងមានអគារធំៗបី ក្នុងនោះអគារទី១ កម្ពស់ ៣៥ជាន់, ទី២ កម្ពស់ ២៨ជាន់ និងទី៣ កម្ពស់២៦ជាន់ ការវិនិយោគនេះគឺជាគម្រោងចម្រុះមុខងារ និងក៏សម្រាប់សហគមន៍ចម្រុះជាតិសាសន៍ដែរ»។

លោកបន្តថា ទន្ទឹមនឹងនោះសម្រាប់«អតិថិជនក្នុងស្រុក យើងក៏កំពុងចចារជាមួយគ្រឹះស្ថានហិរញ្ញវត្ថុដើម្បីឲ្យសហការជួយផ្តល់ឱកាសឲ្យអ្នកជាអនាគតម្ចាស់លំនៅឋាននៅ Parkway អាចបង់រំលស់រហូតដល់រយៈពេល១០ ទៅ២០ឆ្នាំ»។

29-6-024

លោក គីម ហ៊ាង ប្រធានសមាគមអ្នកវាយតម្លៃ និងទីភ្នាក់ងារអចលវត្ថុកម្ពុជា បានថ្លែងដោយប្រយោគដដែលៗថា ការវិនិយោគលើវិស័យអចលទ្រព្យនៅកម្ពុជានៅតែមានឱកាសរីកចម្រើន ប្រសិន «បើក្រុមហ៊ុននោះ គាត់មានទុនគ្រប់គ្រាន់ក្នុងការសាងសង់ដើម្បីលក់ ប៉ុន្តែកុំឲ្យតែពួកគាត់លក់គម្រោងដើម្បីយកលុយទៅសាងសង់ នោះជួបបញ្ហាហើយ» ព្រោះអ្នកទិញនាពេលបច្ចុប្បន្ននេះពួកគាត់មានការយល់ដឹងច្រើន។

ឆ្នាំនេះកាលដើមខែមិថុនាកន្លងទៅថ្មីៗនេះ នៅកម្ពុជា មានការរៀបចំបោះឆ្នោតឃុំ-សង្កាត់ «ថ្វីបើតាមធម្មតាការបោះឆ្នោតមុនៗធ្វើឲ្យតម្លៃអចលនទ្រព្យមានការធ្លាក់ចុះ ឬក៏ការលក់ដូរមានសភាពទ្រឹងមែន ប៉ុន្តែការបោះឆ្នោតឆ្នាំ២០១៧នេះ តម្លៃដីនៅថេរដដែល និងមានតែកើនឡើងថ្លៃផង រីឯការទិញលក់អចលនទ្រព្យក៏មានសកម្មភាពលក់ដូរបាន ជាហូរហែរ អត់មានថមថយដូច កាលពីបោះឆ្នោតមុនៗទេ» នេះ បើតាមសម្តីរបស់លោក ហ៊ាង។

ដោយបានស្គាល់ទីតាំងភូមិសាស្ត្រ និងទីផ្សារច្បាស់លាស់ លោកពន្យល់ថា បច្ចុប្បន្ននៅតំបន់គម្រោង Parkway កំពុងសាងសង់នោះ ក៏មានភាពទាក់ទាញដោយសារមានសហគមន៍អ្នករស់នៅតំបន់ទួលគោកភាគច្រើនជាអ្នកមានជីវភាពធូធារ រួមទាំងមានក្រុមជនជាតិចិនមួយចំនួនក៏និយមរស់នៅតំបន់នោះដែរ «ដូច្នេះ វានឹងមានឱកាសល្អ ហើយទៅថ្ងៃអនាគតនៅពេល ដែលតំបន់ភ្នំពេញស៊ីធីសេនធ័រ (អតីតបឹងកក់) មានការអភិវឌ្ឍរីកចម្រើន វាក៏នឹងជះឥទ្ធិពលល្អដល់ទីនោះថែមទៀតដែរ» នេះបើតាមប្រសាសន៍របស់លោក ហ៊ាង។ «ប៉ុន្តែដោយសារតំបន់ទួលគោក ជាតំបន់កម្រិត C ដូច្នេះម្ចាស់គម្រោងគួរផ្តោតទីផ្សារទៅអតិថិជនមានជីវភាពកម្រិតមធ្យមជាចម្បង»។

លោក ច្រឹក សុខនីម អគ្គនាយកក្រុមហ៊ុន Century 21 Cambodia បានថ្លែងថា បើពិនិត្យទៅតាមទីផ្សារជួលការិយាល័យធ្វើការនាពេលបច្ចុប្បន្ននេះ នៅម្តុំនោះ គឺអាចជួលបានតែក្នុង«កម្រិត C គឺក្នុង ១ម៉ែត្រការ៉េ តម្លៃជុំវិញ ១៥ ដុល្លារ ប៉ុណ្ណោះ ប៉ុន្តែវាអាចល្អជាងនេះសម្រាប់ទៅថ្ងៃអនាគតខាងមុខ»។

«ខ្ញុំពុំសូវបានដឹងអំពីគម្រោង Parkway ថ្មីនោះទេ ប៉ុន្តែប្រវត្តិរបស់ក្រុមហ៊ុននោះធ្លាប់បានសាងសង់សំណង់អគារ Park Squaw ដ៏ធំច្រើនជាន់នៅតាមមហាវិថីម៉ៅសេទុង តាំងពីអំឡុងទសវត្សរ៍ឆ្នាំ ១៩៩០ មកម្ល៉េះ បើគិតទៅពួកគាត់ គឺជាអ្នកមានបទពិសោធ ចាស់ ទុំផ្នែកអចលនទ្រព្យតែម្តង» នេះបើតាមប្រសាសន៍របស់លោក សុខនីម៕

Leave a Reply