ក្រុមអង្គការបារម្ភថា ការបោះពុម្ពសន្លឹកឆ្នោតបំរុងច្រើនពេកអាចប្រើប្រាស់មិនត្រឹមត្រូវ​
Posted On : ឧសភា, 5, 2017 | By Thak Sreyleak

ប្រភព ៖ VOD

ក្រុមអង្គការចំនួន៩ស្ថាប័ន បានបង្ហាញការព្រួយបារម្ភថា ការដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប. បោះពុម្ពសន្លឹកឆ្នោតបំរុងច្រើនពេក នឹងអាចយកទៅប្រើប្រាស់មានភាពមិនប្រក្រតី។

អង្គការទំាងនោះរួមមាន អង្គការសីលការ អង្គការខុមហ្វ្រែល អង្គការនិកហ្វិច អង្គការអាដហុក អង្គការសង់ត្រាល អង្គការ PDP និងអង្គការ CLEC ជាដើម។

ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រុមអង្គការទំាងនោះចុះថ្ងៃទី២ឧសភា មានខ្លឹមសារថា គ.ជ.ប បោះពុម្ពសន្លឹកឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នំា២០១៧ មានចំនួន៩លាន ៤សែនសន្លឹកជាង(៩.៤២៦.៦០០សន្លឹក) រាប់ទំាងសន្លឹកឆ្នោតបំរុង ខណៈពលរដ្ឋមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតត្រឹមតែចំនួនជិត៨លាននាក់(៧.៨៦៥.០៣៣នាក់)។ ការបោះពុម្ពសន្លឹកឆ្នោតលើសនេះមានរហូតដល់ជាង១លានកន្លះសន្លឹក(១.៥៦១.៥៦៧សន្លឹក)
ស្មើ១៩.៨៥% នៃអ្នកមានឈ្មោះក្នុងបញ្ជី ដោយចំណាយអស់ថវិកាប្រហែល៣៣ម៉ឺនដុល្លារអាមេរិក។

សេចក្តីថ្លែងការណ៏ដដែលបានឲ្យដឹងទៀតថា គ.ជ.ប. បោះពុម្ពសន្លឹកឆ្នោតបំរុងច្រើនពេក ធ្វើឲ្យការប្រើប្រាស់ថវិកាខ្ជះខ្ជាយ អាចមានហានិភ័យក្នុងការប្រើប្រាស់សន្លឹកឆ្នោតដែលបំរុងទុកនោះមិនត្រឹមត្រូវ។

នាយកប្រតិបត្តិអង្គការណិចហ្វិច លោក សំ គន្ធាមី បានពន្យល់តាមបន្ថែមលើខ្លឹមសារសេចក្តីប្រកាសព័ត៌មានជុំវិញការបោះពុម្ពសន្លឹកឆ្នោតលើសលប់ដូចនេះថា «ចំនួនសន្លឹកឆ្នោតដែលបំរុងវាច្រើនពេក លើសពីតម្រូវការ ដ៏ហើយការប្រើប្រាស់ ការផ្តល់តាមការិយាល័យមួយៗ វាចំនួនច្រើនពី៥០ទៅ៩៩សន្លឹកយ៉ាងតូច ចំនួនសន្លឹកឆ្នោតវាច្រើន នៅសល់ ហើយជាទូទៅអ្នកទៅបោះឆ្នោតនៅការិយាល័យមួយៗ មិនដែលបោះគ្រប់ទេ។ ឧទាហរណ៍ថា ការិយាល័យមួយមាន ៧៥០នាក់ មិនដែលមាន៧៥០នាក់ ទៅបោះឆ្នោតគ្រប់គ្នាទេ វានៅសល់ច្រើនពេក ខ្ញុំឃើញ ហើយវាអាចប៉ះពាល់ដល់ យើងនិយាយទៅការបន្លំសន្លឹកឆ្នោត ការប្រើប្រាស់មិនមានតម្លាភាព»។

ក្រុមអង្គការសង្គមស៊ីវិលបានផ្តល់ជាអនុសាសន៍ថា សន្លឹកឆ្នោតបំរុង គ.ជ.ប គួរតែបោះពុម្ពក្នុងកម្រិតនៃការគ្រប់គ្រងមានហានិភ័យទាបបាន ដោយចំនួនលើសត្រឹមតែ៥% នៃអ្នកមានឈ្មោះក្នុងបញ្ជីឈ្មោះជាក់ស្តែង ដោយថាប្រទេសខ្លះ ការបោះពុម្ពសន្លឹកឆ្នោតបំរុងគេធ្វើត្រឹមតែ២%តែប៉ុណ្ណោះ។

អ្នកនាំពាក្យ គជប លោក ហង្ស ពុទ្ធា បានប្រាប់ទៅក្រុមអង្គការទំាងនោះថា កុំឲ្យមានការព្រួយបារម្ភពីបញ្ហាបោះឆ្នោតសន្លឹកឆ្នោតច្រើន ដោយលោកថា គ.ជ.ប ធ្វើតាមច្បាប់កំណត់ ជាពិសេសពេលបោះឆ្នោតក៏មានអ្នកសង្កេតការចម្រុះចូលរួមផងដែរ ពោលលោកថា មិនអាចមានអ្នកលួចបន្លំសន្លឹកឆ្នោតបាននោះទេ។

លោកនិយាយថា «ផ្លូវច្បាប់តម្រូវឲ្យមួយការិយាល័យបំរុង៥០សន្លឹក ហើយអាចលើសទៅដល់៩៩សន្លឹកទៀត ហើយខ្ញុំសូមលើកឧទាហរណ៍មួយទៀត ប្រសិនបើសន្លឹកឆ្នោតនោះធ្លាក់ដល់ដៃបុគ្គលណាម្នាក់ សួរថាតើបុគ្គលនោះអាចយកសន្លឹកឆ្នោតប្រើប្រាស់ខុសការគ្រប់គ្រងរបស់ គ.ជ.ប បានឬអត់ គឺអត់បានទេ ពីព្រោះបោះឆ្នោតមួយសន្លឹក គឺមានរូបថតអ្នកបោះឆ្នោតនៅទីនោះ ហើយតម្រូវឲ្យអ្នកបោះឆ្នោតចុះហត្ថលេខាទៅលើឈ្មោះរបស់ខ្លួនដែលបានបោះឆ្នោតហើយទៀត ហើយនឹងសមសភាពចម្រុះនៃគណបក្សនយោបាយ ហើយនឹងអង្គការមិនមែនរដ្ឋាភិបាល បច្ចុប្បន្នតួរលេខអ្នកអង្កេតការឡើង ២៥០៤០នាក់ហើយ គឺនៅមានបន្តបន្ថែមទៀត យន្តការនេះសមរម្យល្មមដែលអាចទុកចិត្តបានហើយ»។

តាមប្រតិទិន របស់ គជប ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អណត្តិទី៤ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៤ខែមិថុនា។ យុទ្ធនាការឃោសនារកសំឡេងឆ្នោត នឹងត្រូវធ្វើឡើងរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី២០ខែឧសភា ដល់ថ្ងៃទី២ខែមិថុនា៕

សំឡេងទីក្រុង!

សំឡេងទីក្រុង!