untitled-1

ចំនួន​សណ្ឋាគារ​នៅ​ក្រុង​ភ្នំពេញ​ បន្ត​កើន​ឡើង​ ខណៈ​ខេត្ត​សៀមរាប​មាន​សភាព​ទ្រឹង

ប្រភព ៖ ភ្នំពេញបុស្តិ៍

ការវិនិយោគសណ្ឋាគារនៅក្រុងភ្នំពេញ កើនឡើងដូចទឹកជំនន់ តែខេត្តសៀមរាបហាក់ឆ្អែតបណ្តើរៗហើយខណៈចំនួនបន្ទប់ និងសណ្ឋាគារនៅទីក្រុងភ្នំពេញបាននិងកំពុងបន្តមានកំណើន ប៉ុន្តែចំនួនសណ្ឋាគារនៅក្នុងខេត្តសៀមរាបបានស្ថិតក្នុងសភាពទ្រឹង ដោយសារនិន្នាការស្នាក់នៅរបស់ភ្ញៀវមានរយៈពេលខ្លីជាងមុន និងមាន កំណើននៃភាពប្រកួតប្រជែងច្រើន។

យោងតាមការសិក្សារបស់ក្រុមហ៊ុន ប៊ុណ្ណារៀលធីគ្រុប បានរកឃើញថា គិតត្រឹមដំណាច់ឆមាសទី ១ ឆ្នាំនេះ ចំនួនសណ្ឋាគារនៅទីក្រុងភ្នំពេញ ចាប់ពីកម្រិតផ្កាយពីរឡើងមានកំណើនជិត ២៣ ភាគរយ ដោយចំនួនបន្ទប់សណ្ឋាគារបានកើនពី ១៦,៦៣៨ បន្ទប់ កាលពីឆ្នាំមុន ដល់ ១៩,៨៥៤ បន្ទប់ នៅដំណាច់ឆមាសទី ១ ឆ្នាំ ២០១៧ នេះ ដោយចំនួនសណ្ឋាគារបានកើនពី ៣៥៥ ដល់ ៤៣៧ សណ្ឋាគារ ក្នុងនោះសណ្ឋាគារផ្កាយ ៣ មានចំនួន ៧០០៩ បន្ទប់ ស្មើនឹងចំនួន ១៩៤ អគារ សណ្ឋាគារផ្កាយ ៤ មានចំនួន ៦១៥៩ បន្ទប់ ស្មើនឹង ១២១អគារ និងសណ្ឋាគារផ្កាយ ៥ មានចំនួន ២៨៣០ បន្ទប់ ស្មើនឹង ១២ អគារ។

ចំណែកស្ថានភាពសណ្ឋាគារនៅខេត្តសៀមរាបវិញ សណ្ឋាគារផ្កាយបីបានកើនឡើងពី ៥,៩៨៧ បន្ទប់ កាលពីឆ្នាំមុនដល់ ៦,៧០៩ បន្ទប់ នៅឆ្នាំ ២០១៧ នេះសណ្ឋាគារកម្រិតផ្កាយ ៤ បានកើនពី ៨,១៣២ បន្ទប់ ដល់ ៨,៩៦២ បន្ទប់នៅឆ្នាំនេះ ប៉ុន្តែសណ្ឋាគារកម្រិតផ្កាយ៥ បានថយចុះនូវចំនួនបន្ទប់ដែលកាលពីឆ្នាំមុនមានចំនួន ៦,៦៩៩ បន្ទប់ ធ្លាក់មកនៅត្រឹម ៦,១៣១ បន្ទប់នៅដំណាច់ឆមាសទី១ឆ្នាំនេះ។

ការសិក្សាដដែលបានរកឃើញថា ការថមថយនូវចំនួនបន្ទប់កម្រិតផ្កាយ៥ នេះ មួយផ្នែកដោយសារការផ្អាកនូវដំណើរការសណ្ឋាគារមួយចំនួន និងសណ្ឋាគារមួយចំនួនទំនងជាបានបញ្ចុះកម្រិតផ្កាយរបស់ពួកគេ។

ទោះជាយ៉ាងណា ចំនួនបន្ទប់សណ្ឋាគារនៅខេត្តដែលល្បីឈ្មោះក្នុងវិស័យទេសចរណ៍នេះបានសម្រេចកំណើនប្រមាណ៥ភាគរយផងដែរ បើគិតជាតួលេខទូទៅ។

លោក ប៉ែន សុខគា នាយកផ្នែកវាយតម្លៃអចលនទ្រព្យនៃក្រុមហ៊ុនប៊ុណ្ណារៀលធីគ្រុប បានថ្លែងថា ៖ «ចំនួនសណ្ឋាគារនៅរាជធានីភ្នំពេញ មានការកើនឡើងច្រើនធៀប នឹងខេត្តសៀមរាប ដោយយើងឃើញថា នៅរាជធានីភ្នំពេញ មានចំនួនសណ្ឋាគារថ្មីៗ កាន់តែច្រើនមានភ្ញៀវចម្រុះ ទាំងភ្ញៀវទេសចរ និងអ្នកជំនួញ និងប្រតិភូ នានា»។

លោកបន្តថា ៖ «ទោះជាយ៉ាងណា យើងសង្កេតឃើញថា អ្នកវិនិយោគសាងសង់សណ្ឋាគារភាគច្រើននៅកម្ពុជា ជាអ្នកវិនិយោគក្នុងស្រុក»។

លោកបន្តថា ៖ «ការវិនិយោគលើវិស័យនេះមិនមានផលចំណេញខ្លាំងនោះទេ តែមិនសូវមានហានិភ័យឡើយ ដោយសារការមកដល់របស់ភ្ញៀវទេសចរបាន បន្តកើនឡើង»។

ទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោក ហូ វណ្ឌី បានថ្លែងថា ជាមួយនឹងការមកដល់នៃភ្ញៀវទេសចរកើនឡើង ប៉ុន្តែការផ្គត់ផ្គង់សណ្ឋាគារថ្មីៗ ពិតជាបានកើនឡើងខ្ពស់ផងដែរ ដែលធ្វើឲ្យកម្រិតប្រកួតប្រជែងក្នុងវិស័យនេះកើនឡើងខ្លាំង និងបានធ្វើឲ្យសណ្ឋាគារតូចៗមួយចំនួន នៅខេត្តសៀមរាប និងរាជធានីភ្នំពេញបានបិទទ្វារទៅវិញដោយសារអ្នកអភិជនមួយចំនួនដែលបានសាងសង់សណ្ឋាគារ បានលក់បញ្ចុះតម្លៃបន្ទប់របស់ពួកគេដែលធ្វើឲ្យការប្រកួតប្រជែងគ្មានតម្លាភាព។

លោកបន្តថា ៖ «ការប្រកួតប្រជែងគ្មានតម្លាភាព ការលក់បន្ទប់បញ្ចុះតម្លៃដើម្បីទទួលបានភ្ញៀវស្នាក់នៅ បានក្លាយជាបញ្ហាប្រឈមធំមួយដែលស្ថាប័នពាក់ព័ន្ធគួរយកចិត្តទុកដាក់»។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍លោក ថោង ខុន បានថ្លែងថា ការកើនឡើងនូវភ្ញៀវទេសចរ ក៏មានបញ្ហាប្រឈមថ្មីកើនឡើងផងដែរ ពិសេសនៅតំបន់ឆ្នេរដែលទាមទារឲ្យមានការសិក្សា និងរៀបចំផែនការច្បាស់លាស់ ទើបការអភិវឌ្ឍនៅតំបន់ឆ្នេរជាការអភិវឌ្ឍប្រកបដោយនិរន្តរភាព។

លោកបន្តថា ៖ «យើងមានការប្រុងប្រយ័ត្នណាស់ក្នុងបញ្ហានេះ ដើម្បីធ្វើយ៉ាងណាឲ្យមានការអភិវឌ្ឍប្រកបដោយនិរន្តរភាព ហើយដើម្បីធ្វើបានយើងត្រូវមានប្លង់មេច្បាស់លាស់មួយរៀបចំតំបន់អភិវឌ្ឍន៍ឲ្យបានច្បាស់លាស់ថា តំបន់ណាជាតំបន់សេដ្ឋកិច្ចពាណិជ្ជកម្មតំបន់ណាជាតំបន់ឧស្សាហកម្ម តំបន់ណាជាតំបន់ឆ្នេរជាដើម»។

លោកបន្តថា ៖ «ការងារនេះលំបាកណាស់ ទាល់តែរួមគ្នាគិត រួមគ្នាធ្វើ និងរួមគ្នាទទួលខុសត្រូវ ទើបយើងធ្វើបានជោគជ័យ»៕

Leave a Reply