express-logo-for-hotnews

អនុក្រឹត្យថ្មី​របស់រដ្ឋាភិបាល​ខ្មែរ ​ផ្ដល់​ការ​​ថែ​ទាំ​សុខភាព​ឥត​គិត​ថ្លៃសម្រាប់​និយោជិតគ្រប់​វិស័យ

ប្រភព ៖ វិទ្យុបារាំង

រដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២៦សីហានេះ បានចេញអនុក្រឹត្យថ្មីមួយ ដែលមានខ្លឹមសារផ្ដល់ការថែទាំសុខភាពឥតគិតថ្លៃសម្រាប់និយោជិតនៅគ្រប់វិស័យ ហើយនិយោជកគឺជាអ្នកបង់ភាគទានផ្នែកថែទាំសុខភាពសម្រាប់និយោជិតក្រោមបង្គាប់។ កាតព្វកិច្ចបង់ភាគទានផ្នែកថែទាំសុខភាពដែលជាបន្ទុករបស់និយោជកនេះ ត្រូវចាប់ផ្ដើមអនុវត្តចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨។

អនុក្រឹត្យថ្មីរបស់រដ្ឋាភិបាលនេះ ធ្វើឡើងបន្ថែមពីលើអនុសាសន៍ផ្ទាល់មាត់របស់លោកនាយករដ្ឋមន្ដ្រីហ៊ុន សែន ដែលបានថ្លែងកាលពីដើមសប្ដាហ៍នេះថា កម្មករនិយោជិតនៅគ្រប់វិស័យទាំងអស់ ទាំងក្នុងប្រព័ន្ធនិងក្រៅប្រព័ន្ធ នឹងទទួលបានសេវាថែទាំសុខភាពដោយឥតគិតថ្លៃ ចាប់ពីដើមឆ្នាំ២០១៨តទៅ។ ក្នុងនោះ និយោជក គឺ ជាអ្នកទទួលបន្ទុកបង់ភាគទានផ្នែកថែទាំសុខភាពសម្រាប់និយោជិត ទៅកាន់បេឡាជាតិរបបសន្តិសុខសង្គម។

សូមជម្រាបជូនថា សព្វថ្ងៃនេះ របបថែទាំសុខភាព គ្របដណ្ដប់តែទៅលើកម្មករនិយោជិតនៅក្នុងវិស័យឧស្សាហកម្មកាត់ដេរតែប៉ុណ្ណោះ មិនបានគ្របដណ្ដប់ទៅលើនិយោជិតនៅក្នុងវិស័យផ្សេងៗនៅឡើយ។

ទាក់ទងនឹងសេចក្ដីសម្រេចរបស់រដ្ឋាភិបាលថ្មីនេះ ក្រុមសហជីពតំណាងឲ្យនិយោជិត បានសម្ដែងការស្វាគមន៍និងអបអរ។ លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា បានចាត់ទុកថា នេះគឺជាជោគជ័យមួយសម្រាប់និយោជិតទូទៅ ដែលនឹងមានឱកាសទទួលបានការថែទាំសុខភាពដោយឥតគិតថ្លៃ។ ប៉ុន្តែសម្រាប់លោក អាត់ ធន់ ដើម្បីឲ្យការអនុវត្តទទួលបានជោគជ័យ គឺទាមទារឲ្យមានការជជែកពិភាក្សាគ្នា និងកែប្រែបទប្បញ្ញត្តិមួយចំនួនទៀត។

ដោយឡែក លោក សរ ម៉ូរ៉ា ប្រធានសម្ព័ន្ធសហជីពកម្មករចំណីអាហារនិងសេវាកម្មកម្ពុជាវិញ បើទោះបីជាស្វាគមន៍សេចក្ដីសម្រេចថ្មីរបស់រដ្ឋាភិបាលដូច្នេះ ប៉ុន្តែលោកនៅតែបារម្ភពីការអនុវត្ត។ បើតាមលោក សរ ម៉ូរ៉ា សព្វថ្ងៃនេះ ការថែទាំសុខភាពដោយឥតគិតថ្លៃក្រោមការធានារបស់ បសស សម្រាប់និយោជិតវិស័យកាត់ដេរ នៅជួបបញ្ហានៅឡើយ។ បញ្ហាទាំងនោះមានដូចជា មន្ទីរពេទ្យមួយចំនួន មិនសូវយកចិត្តទុកដាក់នៅពេលនិយោជិតទៅទទួលការព្យាបាលដោយឥតគិតថ្លៃ និងមន្ទីរពេទ្យមួយចំនួនទៀត កំណត់ចំនួននៃការទទួលព្យាបាលប្រចាំថ្ងៃជាដើម។

ក្នុងន័យនេះ ក្រុមសហជីព បានស្នើឲ្យរដ្ឋាភិបាលយកចិត្តទុកដាក់ពង្រឹងការអនុវត្តអនុក្រឹត្យដែលទើបតែចេញថ្មីនេះ ធ្វើយ៉ាងណាឲ្យសេវាថែទាំសុខភាពសម្រាប់បងប្អូនកម្មករនិយោជិត ដំណើរការទៅដោយរលូន ប្រកបដោយគុណភាព ធ្វើយ៉ាងណាកុំឲ្យមានការរិះគន់ថា វិធានការលើក្រដាសល្អ តែបែរជាអនុវត្តមិនបានទៅវិញ៕

Leave a Reply