18-7-006

ប៉ូលីស​ជាតិ​នឹង​ធ្វើ​បច្ចុប្បន្នភាព​បញ្ជី​គ្រប់​គ្រង​យាន​យន្ត​ពាក់​ផ្លាក​នគរបាល​ជាតិ

ប្រភព ៖ វិទ្យុបារាំង

ប៉ូលីសជាតិ នឹងធ្វើបច្ចុប្បន្នភាពបញ្ជីគ្រប់គ្រងយានយន្តពាក់ផ្លាកនគរបាលជាតិ ក្នុងពេលឆាប់ៗខាងមុខ។ គម្រោងនេះធ្វើឡើងបន្ទាប់ពីប៉ូលីសជាតិមើលឃើញពីភាពអនាធិបតេយ្យនៃការប្រើប្រាស់ផ្លាកយានយន្ត ន.ប ឬនគរបាលជាតិ ដែលនាំឲ្យប៉ះពាល់ដល់កិត្តយសរបស់កងកម្លាំងនគរបាលជាតិ។ នេះបើផ្អែកតាមលិខិតរបស់លោកនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិចេញផ្សាយកាលពេលថ្មីៗនេះ។

ខណៈដែលមានការប្រើប្រាស់ផ្លាកលេខយានយន្ត ន.ប ឬនគរបាលជាតិយ៉ាងអនាធិបតេយ្យនាពេលបច្ចុប្បន្ននេះ អគ្គស្នងការនគរបាលជាតិបានប្រកាសឲ្យមន្ត្រីដែលទទួលបានសិទ្ធប្រើប្រាស់ស្របច្បាប់មានការប្រុងប្រយ័ត្ន និងប្រើប្រាស់ឲ្យស្របទៅតាមគោលការណ៍ដែលបានកំណត់នៅក្រសួងមហាផ្ទៃ។ ការក្រើនរំលឹកនេះបន្ទាប់ពីអគ្គស្នងការនគរបាលជាតិអះអាងថា វិធានការណ៍របស់ខ្លួនដែលគ្រោងធ្វើនេះ គឺមានលក្ខណៈម៉ឺងម៉ាត់

បន្ថែមពីលើនេះ អគ្គស្នងការនគរបាលជាតិរម្លឹកថា ក្នុងករណីជួបបញ្ហាគឺអ្នកប្រើប្រាស់ផ្លាករថយន្តនគរបាលជាតិស្របច្បាប់ត្រូវដាក់បណ្ណសម្គាល់យានយន្ត និងលិខិតស្នាមយានយន្តដែលបញ្ជាក់ពីការចុះបញ្ជីជាទ្រព្យសម្បត្តិរដ្ឋរួចហើយនោះទៅសមត្ថកិច្ចប្រសិនបើមានការស្នើសុំ។

បើតាមអគ្គស្នងការនគរបាលជាតិនៅក្នុងឆ្នាំ២០១៧នេះរថយន្ត និងទោចក្រយានយន្តដែលពាក់ផ្លាកលេខនគរបាលជាតិត្រឹមត្រូវគឺមានចំនួន៤៧០គ្រឿងដែលរដ្ឋបានអនុញ្ញាតបញ្ចូលជាទ្រព្យសម្បត្តិរដ្ឋ។ ក្នុងករណីរថយន្ត ឬទោចក្រយានយន្តដែលមិនបានចុះបញ្ជីជាសម្បត្តិរដ្ឋគ្រប់គ្រងដោយក្រសួងមហាផ្ទៃ និងមិនបានបង់ពន្ធនាំចូលទេគឺម្ចាស់យានយន្តត្រូវបញ្ឈប់ការបំពាក់ផ្លាកលេខនគរបាលជាតិជាបន្ទាន់ ហើយកាតព្វកិច្ចរបស់អគ្គស្នងការនគរបាលជាតិត្រូវលុបឈ្មោះចេញផងដែរ។

ជាការកត់សម្គាល់ ទោះជាពីមុនធ្លាប់មានការរឹតបន្តឹងលើ ការប្រើប្រាស់ផ្លាកលេខនគរបាលនេះក៏ដោយ ប៉ុន្តែរថយន្តនិងម៉ូតូមួយចំនួន ដែលខ្លួនមិនមែនជាមន្រ្តីនគរបាលផង នៅតែប្រើប្រាស់ដដែល។ កន្លងមកការពាក់ផ្លាកលេខនគរបាលដែលមិនមែនជាមន្រ្តីនគរបាល បានបង្កបញ្ហាអ្វីមួយហើយ ពួកគេបានតាងខ្លួនជាមន្រ្តីនគរបាល៕

Leave a Reply