19-7-001

ក្រសួងមហាផ្ទៃបង្កើតក្រុមការងារបំបាត់ប៉ុស្តិ៍ត្រួតពិនិត្យអនាធិបតេយ្យ

ប្រភព ៖ VOD

ក្រសួងមហាផ្ទៃ បានបង្កើតក្រុមការងារដើម្បីផ្សព្វផ្សាយក្នុងគោលបំណងឲ្យប្រជាពលរដ្ឋនិងស្ថាប័នពាក់ព័ន្ធផ្សេងៗទៀត ចូលរួមក្នុងការលុបបំបាត់ប៉ុស្តិ៍ត្រួតពិនិត្យអនាធិបតេយ្យ ទាំងនៅផ្លូវគោក និងផ្លូវទឹក។

តាមសេចក្តីសម្រេចរបស់រដ្ឋមន្ត្រីមហាផ្ទៃ លោក ស ខេង កាលពីថ្ងៃទី១២ ខែកក្កដា បានឲ្យដឹងថា ក្រុមការងារដែលត្រូវចូលរួមផ្សព្វផ្សាយនោះ មានគ្នា ៨នាក់ ដែលមានសមាសភាពមកពីកម្លាំងនគរបាល កងរាជអាវុធហត្ថ និងក្រសួងយុត្តិធម៌។

សេចក្តីសម្រេចនោះ បានកំណត់ថា ក្រុមការងារទាំង ៨នាក់នោះ ចូលរួមធ្វើជាវាគ្មិនផ្សព្វផ្សាយតាមបណ្តាញទូរទស្សន៍ វិទ្យុរដ្ឋ និងឯកជន ពិគ្រោះយោបល់ សំដៅលុបបំបាត់ការដាក់ប៉ុស្តិ៍ត្រួតពិនិត្យអនាធិបតេយ្យ។

នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ មានប្រសាសន៍ថា បញ្ហានេះកើតមានយូរហើយ តែការដោះស្រាយមិនមានប្រសិទ្ធិភាពទេ។ លោកបន្តថា  បទពិសោធនៃបរាជ័យកន្លងមកវាជាមេរៀនមួយសម្រាប់ការពិនិត្យមើលទៅលើការអនុវត្តនូវសេចក្តីសម្រេចនៃការបង្កើតក្រុមការងារនេះ។

លោកថ្លែងថា៖«ខ្ញុំនៅតែមើលឃើញថា ត្រូវតែមានវត្តមានអ្នកទី៣ ការសហការពិនិត្យមើលប៉ូលិស មើលកូនចៅថ្នាក់ក្រោមបានបង្កើតកុងត្រូលជជុះ ឬអត់ ហើយប៉ូលិសត្រូវតែស៊ើបមានការស៊ើបអង្កេតមួយទៅដល់វិស័យឯកជនទៀត អញ្ចឹងបទល្មើសពុករលួយ បើសិនជាវាមានអ្នកស៊ី វាមានអ្នកសូក ចឹងវាដល់តែមានការលើកទឹកចិត្តពីវិស័យឯកជន»

នាយិកាគណៈកម្មាធិការកម្ពុជាឯករាជ្យប្រឆាំងអំពើពុករលួយ លោកស្រី ម៉ម ស៊ីថា មានប្រសាសន៍ថា បញ្ហាប៉ុស្តិ៍ត្រួតពិនិត្យអនាធិបតេយ្យ  មិនបានផលប្រយោជន៍ដល់ជាតិទេ ដោយលោកស្រីថា ជាសកម្មភាពពុករលួយរបស់មន្ត្រីដើម្បីប្រយោជន៍ផ្ទាល់ខ្លួនប៉ុណ្ណោះ។

លោកស្រីថ្លែងថា៖ «កុងត្រូលជជុះហ្នឹងដើម្បីរកលាភរកសការៈផ្ទាល់ខ្លួល មិនមែនរដ្ឋឯណា អញ្ចឹងវាជាអំពើពុកលួយនៅក្នុងជួរមន្ត្រីរាជការស៊ីវិល ដែលប្រើប្រាស់ស្ថាប័នរដ្ឋជាមធ្យោបាយ»

កន្លងមក រដ្ឋាភិបាលក៏ធ្លាប់មានវិធានការលុបបំបាត់ប៉ុស្តិ៍ត្រួតពិនិត្យអនាធិបតេយ្យ ឬកុងត្រូលជជុះដែរ ដោយហេតុថា មន្ត្រីទាំងនោះបានព្រឹត្តអំពើពុករលួយ បង្កការលំបាកក្នុងការធ្វើដំណើរ និងប្រកបរបររបស់ប្រជាពលរដ្ឋជាដើម ប៉ុន្តែ ចំណាត់កន្លងមកហាក់មានប្រសិទ្ធិភាពតែមួយពេលៗប៉ុណ្ណោះ៕

Leave a Reply