express-logo-for-hotnews

ក្រសួង​ឧស្សាហកម្ម​សូម​ទោស​ចំពោះ​ការ​កើន​ឡើង​តម្លៃ​ទឹក និង​ប្រកាស​សង​ប្រាក់​វិញ

ប្រភព ៖ វិទ្យុបារាំង

ក្រសួងឧស្សាហកម្មនិងសិប្បកម្ម បានចេញមុខសូមទោសចំពោះការកើនឡើងតម្លៃទឹក និងប្រកាសសងប្រាក់វិញជូនអតិថិជនវិញ។ នេះជាដំណោះស្រាយមួយធ្វើឡើងភ្លាមៗបន្ទាប់ពីការបង្គាប់បញ្ជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃនេះ។

ដោយមានកំហុសបច្ចេកទេស រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានធ្វើការគណនានិងចេញវិក្កយបត្រពុំត្រឹមត្រូវបណ្ដាលឲ្យមានការកើនតម្លៃទឹកប្រើប្រាស់របស់ប្រជាជននៅភ្នំពេញនិងទីក្រុងតាខ្មៅ។ នេះគឺជាការទទួលស្គាល់កំហុសរបស់ក្រសួងឧស្សាហកម្មនិងសិប្បកម្មតាមរយៈសេចក្ដីជូនដំណឹងនៅថ្ងៃទី២៨ខែសីហានេះ។

ចំពោះកំហុសឆ្គងនេះទាំងក្រសួងក៏ដូចជារដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានធ្វើការសូមទោសពីប្រជាពលរដ្ឋហើយសន្យាថានឹងមិនឲ្យមានការខុសឆ្គងជាលើកទី២ឡើយ។ បន្ថែមពីលើនេះក្រសួងបានបញ្ជាឲ្យរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញអនុវត្តការគណនាតម្លៃទឹកតាមរបៀបគណនាចាស់។ របៀបចាស់គឺការប្រើប្រាស់រយៈពេល២ខែទើបទូទាត់ប្រាក់។ ហើយចំពោះតម្លៃទឹកប្រាក់ដែលគិតលើសនាពេលកន្លងមកក្រសួងនឹងសងទៅអតិថិជនវិញ។

សូមបញ្ជាក់ថា ដំណោះស្រាយភ្លាមៗនេះធ្វើឡើងក្រោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាឲ្យទៅក្រសួងជំនាញចុះទៅដោះស្រាយបញ្ហាទឹកបន្ទាប់ពីលោកបានទទួលរបាយការណ៍ និងព័ត៌មានថា តម្លៃទឹកនៅរាជធានីភ្នំពេញ មានការកើនឡើងសម្រាប់ អ្នកប្រើប្រាស់តិច និងអ្នកប្រើប្រាស់ច្រើន ដែលបញ្ហានេះខុសពីអ្វីដែលលោកធ្លាប់អំពាវនាវ។

បើតាមលោក ហ៊ុន សែន ថ្ងៃនេះ លោក ទើបដឹងថា តម្លៃទឹកនៅទីក្រុងភ្នំពេញមានការកើនឡើងដែលអ្នកប្រើប្រាស់ទឹកតិចនិង អ្នក ប្រើប្រាស់ច្រើនបង់ថ្លៃដូចៗគ្នា ធ្វើឲ្យនយោបាយអនុគ្រោះសម្រាប់ ប្រជាជនក្រីក្រមិនអាចអនុវត្តន៍បាន។ នេះជាការដើរខុសជាមួយការអំពាវនាវរបស់លោកឲ្យបញ្ចុះថ្លៃទឹក។

ជាការកត់សម្គាល់បញ្ហាកើនឡើងតម្លៃទឹកនេះកើតមានឡើងជាងពីរខែមកហើយដោយក្នុងនោះកង្វល់របស់ប្រជាពលរដ្ឋត្រូវបានលើកឡើងយ៉ាងព្រោងព្រៀតពេញបណ្ដាញសង្គម៕

 

Leave a Reply