photo_template_872x562-26

ក្រសួងអំពាវនាវឲ្យប្រព័ន្ធផ្សព្វផ្សាយជួយផ្សាយអប់រំពីច្បាប់ចរាចរណ៍

ប្រភព ៖ VOD

ក្រសួងមហាផ្ទៃ បានអំពាវនាវទៅម្ចាស់ស្ថានីយ៍ផ្សព្វផ្សាយទំាងអស់ ជួយផ្សព្វផ្សាយស្ពតអប់រំខ្លី ស្ដីពីការគោរពច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅក្នុងប្រទេសកម្ពុជា។

លិខិតរបស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដែលVODទទួលបាននៅថ្ងៃទី២៨ខែកក្កដានេះ មានខ្លឹមសារថា «ម្ចាស់ស្ថានីយ៍ទូរទស្សន៍ និងស្ថានីយ៍វិទ្យុផ្សាយសំឡេងទំាងអស់ ជួយផ្សព្វផ្សាយស្ពតខ្លីស្តីពីការគោរពច្បាប់ចរាចរណ៍ផ្លូវគោក ក្នុងកម្មវិធីប្រចំាថ្ងៃ ដោយថា ដើម្បីបង្កើនបន្ថែមនូវស្មារតីគោរពប្រតិបត្តិច្បាប់ដល់អ្នកប្រើប្រាស់ផ្លូវ»។

ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍និងសណ្តាប់ធ្នាប់សាធារណៈ លោក រុន រ័ត្នវាសនា បានថ្លែងបន្ថែមលើខ្លឹមសារលិខិតថា ករណីគ្រោះថ្នាក់ចរាចរណ៍ កើតឡើងដោយសារអ្នកបើកបរក្នុងល្បឿនហួសកំណត់ មិនគោរពសិទ្ធិអ្នកដទៃ និង បើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹងជាដើម។

ករណីនេះ លោក រ័ត្នវាសនា ឲ្យដឹងថា មានតែប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍និងវិទ្យុទេ ដែលអាចជួយផ្សព្វផ្សាយផ្តល់ព័ត៌មានបានលឿនដល់ពលរដ្ឋនៅទូទំាងប្រទេសឲ្យយល់ដឹងពីច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។

លោកនិយាយថា៖ «សារព័ត៌មាន វាជាកញ្ចក់មួយ ដើម្បីផ្សព្វផ្សាយឲ្យបងប្អូនប្រជាពលរដ្ឋឲ្យបានយល់ពីច្បាប់ (ហើយ) ការចែកខិតប័ណ្ណ ចុះតាមខ្នងផ្ទះ ការបង្រៀនតាមសហគមន៍ ដូចជាសកលវិទ្យាល័យ ឬតាមក្រសួងនានា វាមិនគ្រប់ដូចតាមព័ត៌មានបានផ្សាយទេ។ ព័ត៌មានផ្សាយ បានទូលាយជាង ជាពិសេសតាមសង្គមហ្វេសប៊ុក ក៏អាចជួយផ្សព្វផ្សាយបានច្រើនដែរ ព្រោះប្រជាពលរដ្ឋយើងសព្វថ្ងៃ គេប្រើប្រាស់ប្រព័ន្ធអ៊ិនធើណេត ហើយបន្ថែមក៏មានទូរទស្សន៍ ក៏ដូចជាវិទ្យុ បានជួយផ្សព្វផ្សាយបន្ថែមទៀត គឺជាការចូលរួមក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍»។

នាយកវិទ្យាស្ថានកម្ពុជាសម្រាប់ការសិក្សាផ្នែកសារព័ត៌មានលោក មឿន ឈានណារិទ្ធិ សង្កេតឃើញថា គ្រោះថ្នាក់ចរាចរណ៍ភាគច្រើនកើតចេញពីអ្នកស្រវឹង។ ករណីនេះ លោកថា ម្ចាស់ស្ថានីយ៍ទូរទស្សន៍ និងស្ថានីយ៍វិទ្យុ ដែលចាក់ផ្សាយពីរឿងគ្រោះថ្នាក់ចរាចរណ៍ គួរតែប្រាប់ទៅអ្នកសារព័ត៌មានសសេរបន្ថែមសារអប់រំច្បាប់ និងផលវិបាកផ្សេងៗ នៅពេលពួកគេជួបគ្រោះថ្នាក់ ទើបទទួលបានផលវិជ្ជមានច្រើន។

លោកយល់ថា៖ «គ្រោះថ្នាក់ចរចារណ៍ គឺជាប្រភេទព័ត៌មាន ដែលរាយការណ៍ព័ត៌មានសើៗទាក់ទងនិងគ្រោះថ្នាក់ ដែលកើតឡើងដោយជនរងគ្រោះ កត្តាយានជំនិះដែលពាក់ព័ន្ធទេ ប៉ុន្តែបើសិនជាយើងបន្ថែមសារអប់រំអំពីកត្តាហានិភ័យ បង្កគ្រោះថ្នាក់ កត្តាសុវត្ថិភាព ជាពិសេសបញ្ជូលមាត្រាខ្លះផ្លូវច្បាប់ ដើម្បីពញ្ញាក់អារម្មណ៍ដល់អ្នកបើកបរ បើសិនជា បើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង តើយើងនឹងទទួល ការផាកពិន័យយ៉ាងដូចម្តេចខ្លះ? យើងសសេរ ដើម្បីពញ្ញាក់អារម្មណ៍ដល់សាធារណៈជន ឲ្យគាត់ប្រយត្នមែនទែន កុំឲ្យគ្រោះថ្នាក់ដល់ខ្លួនគាត់ ទីពីរ កុំឲ្យគាត់បង្កគ្រោះថ្នាក់ដល់អ្នកដទៃ»។

ច្បាប់ចរាចរណ៍ ត្រង់ចំនុចមួយចែងថា «ជនណាបើកបរយានយន្ត នៅពេលដែលខ្លួនស្ថិតក្នុងភាពស្រវឹង ដោយមានជាតិអាល់កុលចាប់ពី ០.៤០មីលីលីក្រាម ក្នុងមួយលីត្រខ្យល់ ឬចាប់ពី ០.៨០ក្រាម ឡើងទៅ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ខែដល់៦ខែ និងពិន័យជាប្រាក់ពី៨ម៉ឺន ដល់៤លានរៀល»។

របាយការណ៍របស់ក្រសួងមហាផ្ទៃបង្ហាញថា គ្រោះថ្នាក់ចរាចរណ៍ បានសម្លាប់មនុស្សជាមធ្យមពី៥ទៅ៨នាក់ក្នុងមួយថ្ងៃ។

ក្រសួងបញ្ជាក់ថា គ្រោះថ្នាក់ទាំងនោះ បង្កឡើងដោយអ្នកបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ជាប់លំដាប់ថ្នាក់លេខ២។ ចំនួនអ្នកស្លាប់នេះ បានហក់ឡើងខ្ពស់ អំឡុងបុណ្យជាតិធំៗម្តងៗ ដូចជាថ្ងៃភ្ជុំបិណ្ឌ បុណ្យអុំទូក និងពិធីចូលឆ្នាំជាដើម។

បើមើលពីចំនួនអ្នកស្លាប់ប្រចាំឆាំ្នវិញ របាយការណ៍របស់ក្រសួងបញ្ជាក់ថា ឆ្នាំ២០១៦ អ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ មានជាង១ពាន់៧រយនាក់ របួស៦៦០៧នាក់ បើធៀបនឹងឆ្នាំ២០១៥ បានថយចុះតិចតួច៕

Leave a Reply