ប្រភព៖ www.PostKhmer.Com, Sat, 7 February 2015, ស៊ីវ ម៉េង
ដោយសម្លឹងឃើញកំណើនសេដ្ឋកិច្ច និងការរីកចម្រើនរបស់វិស័យអចលនទ្រព្យនៅកម្ពុជាកំពុងមានភាពល្អ ប្រសើរនោះ ក្រុមហ៊ុន The Mekong Phnom Penh Development Cooperation, Ltd កាលពីពេលកន្លងមកបានសម្រេចចិត្តបោះទុនជាច្រើនលានដុល្លារដើម្បី អភិវឌ្ឍលំនៅឋានលើផ្ទៃដី ១៣ ហិកតា។
កញ្ញា ចេវ សុឃុន ប្រធានផ្នែកទីផ្សារនៃបុរី The Mekong Royal បាននិយាយថា ដោយយល់ឃើញថា រាជធានីភ្នំពេញកាន់តែរីកធំ ហើយតម្រូវការលំនៅឋានថ្មីក៏កំពុងកើនឡើងជាលំដាប់នោះ ទើបម្ចាស់បុរី The Mekong Royal សម្រេចចិត្តវិនិយោគសាងសង់បុរីនេះឡើង។
កញ្ញាបានបន្តថា ការអភិវឌ្ឍបុរីនេះនឹងធ្វើឡើងជាជំហានៗ ដោយជំហាន ទី១ មានផ្ទៃដីប្រមាណ ១៣ ហិកតា ចំណែកជំហាន ទី២ ដែលមានផ្ទៃដីធំជាងគម្រោង ទី១ នឹងចាប់ផ្តើមនាពេលឆាប់ៗនេះផងដែរ។
បុរី The Mekong Royal មានទីតាំងនៅតាមបណ្តោយផ្លូវជាតិលេខ ៦ ស្ថិតក្នុង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ និងមានចម្ងាយពីស្ពានជ្រោយចង្វារ ប្រមាណ ៥ គីឡូម៉ែត្រ។
កញ្ញា សុឃុន បានថ្លែងថា៖ «រហូតមកទល់ពេលនេះយើងបានលក់ផ្ទះនៅក្នុងគម្រោង The Mekong Royal បានជាង ៦០ ភាគរយហើយ។ ការលក់លំនៅឋាននៅក្នុងគម្រោង The Mekong Royal កំពុងទទួលជោគជ័យ ដោយសារការអភិវឌ្ឍរបស់ក្រុមហ៊ុនបានផ្តោតជាសំខាន់ទៅលើការកសាង ហេដ្ឋារចនាសម្ព័ន្ធមួយចំនួនដូចជា មានផ្លូវចេញចូលធំទូលាយ មានសួនច្បារ និងភ្លើងលម្អ ពិសេសមានកន្លែងហាត់ប្រាណ និងមានអាងហែលទឹក ទៀតផង»។
កញ្ញាបានបន្តថា៖ «ដោយសារមានទន្លេនៅព័ទ្ធជុំវិញបានញ៉ាំងឲ្យលំនៅឋាននៅក្នុងបុរី The Mekong Royal មានខ្យល់អាកាសត្រជាក់ស្រួល ហើយទីនោះក៏ស្ថិតនៅជាប់ផ្លូវធំទៅកាន់បណ្តាខេត្តថែមទៀតផង»។
បច្ចុប្បន្ននេះ The Mekong Royal កំពុងអភិវឌ្ឍផ្ទះបួនប្រភេទមានដូចជា ផ្ទះល្វែង វីឡាឃីង វីឡាឃ្វីន និងវីឡាកូនកាត់ ដោយលក់ក្នុងតម្លៃចាប់ពី ៧០ ០០០ ដល់ជាង ១ លានដុល្លារអាមេរិក។
ប្រធានផ្នែកទីផ្សារខាងលើបានឲ្យដឹងទៀតថា គិតចាប់ពីពេលបើកដំណើរការរហូតមកទល់ពេលនេះ ក្រុមហ៊ុនសង់ផ្ទះសម្រេចបានប្រមាណ ៣០ ភាគរយហើយនៃផ្ទះសរុបចំនួនជាង ៤០០ ខ្នង។ តាមផែនការក្រុមហ៊ុននឹងអនុញ្ញាតឲ្យម្ចាស់ផ្ទះចូលស្នាក់នៅក្រោយ រយៈពេល ២២ ខែនៃការចុះកុងត្រាទិញ លក់។
ទាក់ទងនឹងការបង់ប្រាក់ប្រធានផ្នែកទីផ្សារនៃបុរីខាងលើបាន ថ្លែងថា ក្រុមហ៊ុនបានផ្តល់ជូនអតិថិជននូវជម្រើសចំនួនបី គឺការបង់ប្រាក់ផ្តាច់ ការបង់ជាដំណាក់កាល និងការបង់រំលស់ទៅតាមលទ្ធភាព និងចំណង់ចំណូលចិត្តរបស់អតិថិជន។
លោក ច្រឹក សុខនីម អគ្គនាយកក្រុមហ៊ុន Century21 VTrust បានថ្លែងថា ព្រែកលៀប ជាកន្លែងល្អសម្រាប់ការអភិវឌ្ឍលំនៅឋាន ខណៈបច្ចុប្បន្នមានប្រជាជនកាន់តែច្រើនបានទៅរស់នៅទីនោះ។ ការអភិវឌ្ឍលំនៅឋាននៅទីនោះកំពុងទទួលជោគជ័យខ្លាំង លើកលែងតែសំណង់ខុនដូប៉ុណ្ណោះដែលកំពុងជួបឧបសគ្គខ្លះដោយសារតែការ ផ្គត់ផ្គង់លើសតម្រូវការប្រមាណ ៣០ ភាគរយ។
លោកបានបន្តថា ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានដូចជាផ្ទះល្វែង វីឡាភ្លោះ ដែលមានតម្លៃចន្លោះពី ១០-២០ ម៉ឺនដុល្លារ កំពុងទទួលជោគជ័យ ខណៈអ្នកអភិវឌ្ឍន៍វីឡាបែបប្រណីតៗការលក់ហាក់មានភាពយឺតយ៉ាវ បន្តិច។
លោកថ្លែងថា៖ «ការអភិវឌ្ឍលំនៅឋានផ្តោតសម្រាប់ប្រជាជនវណ្ណៈកណ្តាលនាពេល បច្ចុប្បន្ននេះ គឺងាយនឹងទទួលជោគជ័យជាងគេ ប្រសិនបើទីតាំងសម្រាប់អភិវឌ្ឍនោះនៅក្នុងទីក្រុង ឬមិនចេញឆ្ងាយពីទីក្រុង»។
លោក គាត សូនី អគ្គនាយកក្រុមហ៊ុន STO Real Estate & Construction Co,Ltd បានប្រាប់ថា ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋាននៅតាមបណ្តោយផ្លូវជាតិលេខ ៦ ភាគច្រើនសុទ្ធតែទទួលជោគជ័យ ព្រោះតំបន់នេះមានគេចាប់អារម្មណ៍ច្រើនជាងតំបន់នៅក្នុង ខណ្ឌដង្កោ ដោយសារតំបន់នេះមិនមានខ្យល់ក្តៅហួតហែង និងមិនសូវមានផ្សែងចេញពីរោងចក្រនោះទេ ពោលគឺជាតំបន់ដែលមានបរិស្ថាន និងមានខ្យល់អាកាសត្រជាក់ព្រោះវានៅជិតទន្លេ។
លោកបានថ្លែងថា៖ «ភាពជោគជ័យនៃគម្រោងអភិវឌ្ឍន៍លំនៅឋានណាមួយវាអាស្រ័យលើទីតាំង គុណភាពសំណង់ ការឌីហ្សាញ និងកេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុនអភិវឌ្ឍន៍»៕