condo-phnom-penh

ទីផ្សារ​អាផាតមិន ​ប្រឈម​មុខ​នឹង​ការ​ប្រកួត​ប្រជែង​កាន់​តែ​ខ្លាំង

ប្រភព ៖ ភ្នំពេញបុស្តិ៍

ស្របពេលចំនួនខុនដូផ្គត់ផ្គង់ចូលទីផ្សារកាន់តែច្រើនអ្នកវិនិយោគអាផាតមិនត្រូវប្រឈមមុខនឹងបញ្ហាថ្មីមួយទៀត គឺទីផ្សារនេះកាន់តែមានដៃគូប្រកួតប្រជែងច្រើនជាងមុន។

លោកឧកញ៉ា នួន រិទ្ធី អគ្គនាយកក្រុមហ៊ុន KFA ដែលបានវិនិយោគអាផាតមិនចំនួន ១អគារ នៅតំបន់បឹងត្របែកបានថ្លែងឲ្យដឹងកាលពីព្រឹកថ្ងៃច័ន្ទថា ទីផ្សារអាផាតមិនស្ថិតក្នុងសភាពទ្រឹង ដោយសារការប្រកួតប្រជែងកើនឡើង ព្រោះការផ្គត់ផ្គង់កាន់តែច្រើននៅក្នុងទីផ្សារ បើទោះជាតម្រូវការជួលក៏មានកំណើនក្តី ប៉ុន្តែនិន្នាការទីផ្សារបានផ្លាស់ប្តូរ ដោយសារខុនដូសម្រាប់ប្រជាជនមានជីវភាពមធ្យមបានផ្តល់ការបង់រំលស់ត្រឹមមួយខែពី ៤០០ ទៅ ៥០០ ដុល្លារ ដែលបានធ្វើឲ្យអ្នកជួលអាផាតមិន ក្នុងតម្លៃប្រហាក់ប្រហែលគ្នានេះសម្រេចចិត្តទិញខុនដូបង់រំលស់ជំនួសវិញ។

លោកបន្តថា ៖ «ទោះជាមានការប្រកួតប្រជែងខ្លាំងក្តី ប៉ុន្តែតម្លៃជួលអាផាតមិនមិនធ្លាក់ចុះនៅឡើយទេ ដោយសារអ្នកជួលអាផាតមិនមានជម្រើសកាន់តែច្រើន ដើម្បីជ្រើសរើសទីតាំងនៅជិតកន្លែងធ្វើការរបស់ពួកគេ»។

អគ្គនាយកក្រុមហ៊ុន Century21 Mekong លោក ច្រឹក សុខនីម បានថ្លែងឲ្យដឹងផងដែរថា ទីផ្សារអាផាតមិនកំពុងមានការប្រកួតប្រជែងខ្ពស់ ដោយសារចំនួនយូនីតថ្មីៗដាក់ចូលទីផ្សារកើនឡើងខ្ពស់ ស្របពេលចំនួនខុនដូបញ្ចប់ការសាងសង់ ក៏បានកើនឡើងព្រមគ្នាផងដែរ។

លោកបន្តថា តាមការព្យាកររហូតដល់ដំណាច់ឆ្នាំនេះមានអាផាតមិនចន្លោះពី ៧ ០០០ ទៅ ៨ ០០០ យូនីត នឹងផ្គត់ផ្គង់ចូលទីផ្សារ ដែលចំនួននេះមានភាពប្រហាក់ប្រហែលនឹងចំនួនខុនដូផងដែរ។

លោកបន្តថា ៖ «ខ្ញុំគិតថា ទីផ្សារអាផាតមិនមិនទាន់ប្រឈមបញ្ហាធ្ងន់ធ្ងរទេ ប៉ុន្តែរយៈពេល២ទៅ៣ឆ្នាំខាងមុខ តម្លៃអាផាតមិននឹងធ្លាក់ចុះ ព្រោះចរន្តនៃការប្រកួតប្រជែងកាន់តែលំបាក»។

ទោះជាយ៉ាងណា អ្នកនាង អាន សុធីតា នាយិកាក្រុមហ៊ុន CBRE Cambodia មានសុទិដ្ឋិនិយមច្រើនជាងនេះ ដោយបានថ្លែងថា អត្រាជួលអាផាតមិនឆ្នាំនេះមានកំណើនល្អប្រសើរធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន បើទោះបីជាការប្រកួតប្រជែង និងការផ្គត់ផ្គង់កើនឡើងក្តី ក៏ទីផ្សារនេះនៅតែមានសុទិដ្ឋិនិយមនាពេលអនាគត។

អ្នកនាងបន្តថា ៖ «អ្នកជួលអាផាតមិនភាគច្រើនជាជនបរទេស ប៉ុន្តែតម្លៃនៃការជួលហាក់ផ្លាស់ប្តួរទាបជាងមុន ដោយអថិតិជនផ្តោតលើតម្លៃចន្លោះពី ៥០០ ទៅ ២ ០០០ ដុល្លារក្នុងមួយខែភាគច្រើន»៕

Leave a Reply