2-3-plan-building

អគារ​ពាណិជ្ជកម្ម​ ថៃ ប៊ុនរ៉ុង ​ខ្ពស់​ជាង​គេ​នៅ​តំបន់​អាស៊ាន ​ស្ថិត​ក្នុង​ភាព​មិន​ប្រាកដប្រជា

ប្រភព ៖ ភ្នំពេញបុស្តិ៍

អគារភ្លោះមជ្ឈមណ្ឌលពាណិជ្ជកម្មថៃ ប៊ុនរ៉ុង ដែលមានកម្ពស់ចុងក្រោយរហូតដល់ ៥៥០ ម៉ែត្របានពន្យារពេលការចាប់ផ្តើមដំណើរការសាងសង់ជាថ្មីម្តងទៀតដែលធ្វើឲ្យអ្នកជំនាញនៅក្នុងវិស័យនេះកំពុងដាក់ការសង្ស័យ។

លោកសាស្ត្រាចារ្យ ទួស សាភឿន អ្នកគ្រប់គ្រង និងស្ថាបត្យករចូលរួមគូប្លង់គម្រោងនេះបានថ្លែងឲ្យដឹងតាមបណ្តាញទំនាក់ទំនងសង្គម Facebook កាលពីរសៀលថ្ងៃអង្គារថាការសាងសង់អគារនេះមិនទាន់ចាប់ផ្តើមនៅឡើយទេ ព្រោះយើងកំពុងរៀបចំក្រុមការងារបច្ចេកទេសចំនួន ៦ ក្រុមដើម្បីកែលម្អអគារនេះឲ្យបានកាន់តែល្អថែមមួយកម្រិតទៀតមុនពេលការចាប់ផ្តើមសាងសង់។ លោកបន្តថាលក្ខណៈផ្លូវច្បាប់ ប្លង់បច្ចេកទេស យើងមានអស់ហើយអ្វីសំខាន់គឺការងារបច្ចេកទេសដែលត្រូវមានការកែសម្រួល និងបានបញ្ចប់ស្ទើរ ១០០ ភាគរយហើយ។

អគារមជ្ឈមណ្ឌលពាណិជ្ជកម្មថៃ ប៊ុនរ៉ុង កម្ពស់ ១៣៣ ជាន់នេះគ្រោងសាងសង់លើផ្ទៃដីជិត ៦ ហិកតាស្ថិតនៅតំបន់ឌ្រីមលែនដ៏ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ។ លោកបន្តថា៖ «យើងមិនមានបញ្ហាថវិកាទេយើងមានថវិកាគ្រប់គ្រាន់រួចហើយ ដើម្បីសាងសង់អគារនេះ»។

លោកសាស្ត្រាចារ្យ ទួស សាភឿន បានបន្តថាអគារពាណិជ្ជកម្មដ៏ធំនេះមានបណ្តុំដោយសេវាកម្មចម្រុះដែលមានដូចជា ផ្សារទំនើប អគារការិយាល័យ អាផាតមិនកម្រិតផ្កាយ ៥ អូតែលកម្រិតផ្កាយ ៦ ខុនដូប្រណីត មជ្ឈមណ្ឌលសេវាកម្មហាត់ប្រាណ ស្ទីម ម៉ាស្សា ភោជនីយដ្ឋានលំដាប់អន្តរជាតិកន្លែងគយគន់ទិដ្ឋភាពក្រុងភ្នំពេញជាដើម។

លោកបន្តថា អគារនេះគ្រោងចំណាយថវិកាសាងសង់ចំនួន ២១០០ លានដុល្លារ និងគ្រោងចំណាយថវិកា ៣០០០ លានដុល្លារទៀតសម្រាប់ធ្វើឲ្យអគារនេះដំណើរការរស់រវើក។

លោកបន្តថា៖ «នៅពេលអគារនេះសាងសង់ហើយ វានឹងផ្លាស់ប្តូរមុខមាត់រាជធានីភ្នំពេញហើយក្រុមហ៊ុនអន្តរជាតិល្បីៗនឹងមកបោះទីតាំងនៅលើអគារនេះព្រោះបច្ចុប្បន្នមិនទាន់មានក្រុមហ៊ុនអន្តរជាតិច្រើនចូលមកដាក់ការិយាល័យនៅទីក្រុងភ្នំពេញនៅឡើយទេ ដោយសារបច្ចុប្បន្នរាជធានីភ្នំពេញមិនទាន់មានការិយាល័យលំដាប់អន្តរជាតិនៅឡើយទេ»។

តាមការសិក្សារបស់ក្រុមហ៊ុន CBRE Cambodia បានរកឃើញថាបច្ចុប្បន្ននៅកម្ពុជាមានក្រុមហ៊ុនលំដាប់អន្តរជាតិប្រមាណ ៩០ ក្រុមហ៊ុនបាន និងកំពុងវិនិយោគនៅកម្ពុជាក្នុងចំណោមក្រុមហ៊ុនអន្តរជាតិធំៗទាំង ៥០០ នៅក្នុងពិភពលោក។

តាមគម្រោងអគារពាណិជ្ជកម្មកប់ពពកនេះនឹងសាងសង់ និងគ្រប់គ្រងដោយក្រុមហ៊ុនសំណង់ Hsin Chong Construction Group Ltd., និងសហការវិនិយោគរវាងក្រុមហ៊ុន Thai Boon Rong Group និងក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យនៅទីក្រុងម៉ាកាវ Sun Kian Ip Group។

អគ្គនាយកក្រុមហ៊ុន Ratanaka Realty លោក ងួន ឆាយលាង បានថ្លែងថាតាមធម្មតាអគារធំបែបនេះនៅពេលមានការកែប្រែប្លង់អ្វីមួយ វាជារឿងធម្មតាទេក្នុងការពន្យារពេលសាងសង់ ប៉ុន្តែនៅពេលនិយាយពីទំនុកចិត្ត វាអាចមានផលប៉ះពាល់តិចតួចជារឿងធម្មតា។

លោកបន្តថា អគារនេះប្រសិនជាធ្វើឲ្យបានល្អ និងមានប្លង់មានភាពទាក់ទាញ វាអាចជា Landmark មួយសម្រាប់ក្រុងភ្នំពេញ ប៉ុន្តែប្លង់អគារចាស់សព្វថ្ងៃនេះ វាហាក់ដូចជាអគារធម្មតាគ្មានអ្វីជាភាពទាក់ទាញនោះទេ ហេតុនេះការឌីហ្សាញអគារឲ្យមើលទៅមានភាពទាក់ទាញ និងបង្ហាញភាពអស្ចារ្យពិតជាមានសារៈសំខាន់ណាស់ ដើម្បីឲ្យវាក្លាយជាមុខមាត់ថ្មីមួយសម្រាប់កម្ពុជា។

លោកបន្តថា៖ «សម្រាប់ខ្ញុំអគារខ្ពស់ ឬទាប វាមិនសូវសំខាន់សម្រាប់ខ្ញុំនោះទេ សំខាន់អគារនោះពេលសាងសង់ចប់មានសកម្មភាព និងផលិតភាពសេដ្ឋកិច្ច ឬអត់ប៉ុណ្ណោះ»។

អ្នកឯកទេសផ្នែកនគរូបនីយកម្មលោកបណ្ឌិត វ៉ាន់ វ៉ាត បានថ្លែងថាក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានសិក្សាជាយូរមកហើយពីបច្ចេកទេស និងកម្ពស់អគារដែលត្រូវសាងសង់នៅកន្លែងណាមួយ ពិសេសក្នុងសង្កាត់ចតុមុខដែលមានវិមានឯករាជ្យមានការលើកឡើងពីការហាមមិនឲ្យសាងសង់ខ្ពស់ជាងវិមានឯករាជ្យដែលជានិម្មិតរូបនៃឯករាជ្យជាតិនេះ ប៉ុន្តែជាលទ្ធផលគឺបច្ចុប្បន្នមានអគារខ្ពស់ៗនៅជុំវិញទីតាំងនេះ។

លោកបន្តថា៖ «ធម្មតាប្រទេសរបស់យើងកំពុងត្រូវទាក់ទាញអ្នកវិនិយោគដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិហើយរដ្ឋាភិបាលលើកទឹកចិត្តឲ្យមានការសាងសង់អគារខ្ពស់បែបនេះគឺជាការលើកមុខមាត់ប្រទេសជាតិ និងជាមោទនភាពជាតិមួយដើម្បីបង្ហាញថាមិនមែនតែប្រទេសរីកចម្រើនទេទើបសង់អគារខ្ពស់បានកម្ពុជាក៏មានសមត្ថភាពសាងសង់បានខ្ពស់ផងដែរ»។

លោកបន្តថា៖ «ការសាងសង់អគារនេះវានឹងទាក់ទាញអ្នកវិនិយោគក្នុង និងក្រៅប្រទេស និងបង្ហាញពីបច្ចេកវិទ្យាទំនើបមួយដែលខ្មែរអាចធ្វើបាន ប៉ុន្តែអ្វីសំខាន់អ្នកវិនិយោគត្រូវគិតពីគុណភាព សោភ័ណភាពព្រោះអគារកាន់តែខ្ពស់ការរៀបចំគ្រឿងផ្គុំកាន់តែល្អកាន់តែប្រសើរ»។

លោកបន្តថា៖ «អ្វីសំខាន់គឺសុវត្ថិភាពទាំងពេលសាងសង់ពេលកំពុងសាងសង់ និងពេលបញ្ចប់ការសាងសង់»៕

Leave a Reply