19-7-006

អភិបាល​ខណ្ឌ​ច្បារ​អំពៅ ​ចុះពិនិត្យ​ការ​ដាក់​ប្រព័ន្ធ​លូ​បង្ហូរទឹក

ប្រភព ៖ កោះសន្តិភាព

នៅវេលាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧ នេះ អភិបាលខណ្ឌច្បារអំពៅ លោក អ៊ាង ស៊ីផាន អមដោយលោកអភិបាលរងខណ្ឌ និងអាជ្ញាធរភូមិសង្កាត់ បានចុះពិនិត្យមើលការដាក់ប្រព័ន្ធលូបង្ហូរទឹកមួយខ្សែជូនពលរដ្ឋដើម្បីប្រើប្រាស់ ស្ថិតក្នុងព្រុំប្រទល់សង្កាត់ចំនួន២ គឺសង្កាត់និរោធ និងសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ។

លោក អ៊ាង ស៊ីផាន អភិបាលខណ្ឌច្បារអំពៅ បានមានប្រសាសន៍ឲ្យដឹងថា ប្រព័ន្ធលូបង្ហូរទឹកដែលកំពុងនឹងដាក់ជូនពលរដ្ឋប្រើប្រាស់នាពេលខាងមុខនេះ គឺមានប្រវែងសរុប១២៧៨ម៉ែត្រ ទំហំ១ម៉ែត្រ ដែលផ្ទៃប្រវែងនេះលាតសន្ធឹងកាត់ភូមិចំនួន៤ ស្មើរនឹងសង្កាត់ចំនួន២ ។ ក្នុងនោះ រួមមាន ភូមិតាង៉ៅ ស្ថិតក្នុងសង្កាត់និរោធ, ភូមិជ្រោយបាសាក់ ភូមិជ្រោយបាសាក់១ និងភូមិព្រែកបារាំង ស្ថិតក្នុងសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ។

លោក សំ សុធារី អ្នកគ្រប់គ្រងគម្រោងអភិវឌ្ឍន៍ឲ្យដឹងថា ក្រោយការដាក់ប្រព័ន្ធលូបង្ហូរទឹកហើយ នោះ ផ្លូវមួយខ្សែនេះនឹងត្រូវចាក់ប៉េតុងបំពេញពីលើបន្ថែម ប៉ុន្តែការចាក់ប៉េតុងនោះ គឺចាក់បំពេញតែ ៣០០ម៉ែត្រប៉ុណ្ណោះក្នុងប្រវែង១២៧៨ម៉ែត្រ ព្រោះផ្ទៃក្រឡាដែលសេសសល់បានចាក់បំពេញប៉េតុងរួចរាល់ហើយ ។

ក្នុងការចុះពិនិត្យផ្លូវដដែល លោកអភិបាលខណ្ឌច្បារអំពៅ ក៏បានសុំការអធ្យាស្រ័យខ្ពស់ពីសំណាក់បងប្អូនប្រជាពលរដ្ឋ ចំពោះការប៉ះពាល់ដល់ការរស់នៅ ឬធ្វើដំណើរទៅមកប្រចាំថ្ងៃ ព្រោះថាការអភិវឌ្ឍន៍ ឬស្ថាបនាអ្វីមួយ តែងតែជៀសមិនផុតឡើយពីផលប្រឈម ឬផលប៉ះពាល់ ដូច្នេះហើយសូមបងប្អូនមេត្តាយោគយល់ជាមួយអាជ្ញាធរគ្រប់គម្រោងអភិវឌ្ឍន៍ផ្សេងៗក្នុងមូលដ្ឋានផង ។

បន្ថែមពីនោះ លោកអភិបាល ក៏បានស្នើរដល់មន្ត្រីអាជ្ញាធរមូលដ្ឋានភូមិសង្កាត់ ធ្វើយ៉ាងណាត្រូវយក ចិត្តទុកដាក់បំពេញបន្ថែមនូវតម្រូវការខ្វះខាតផ្សេងៗរបស់បងប្អូនដែលរស់នៅសងខាងផ្លូវ តាមដែលអាចធ្វើទៅបាន ក្នុងអំឡុងការស្ថាបនា ដូចជាការជួយជាកម្លាំង ក្នុងការជីក គាស់ដី ឬតភ្ជាប់ ទុយោផ្សេងៗ ហើយហាមដាច់ខាតមិនឲ្យមានការយកលុយកាកពីពលរដ្ឋក្នុងការតភ្ជាប់ប្រព័ន្ធ លូក្នុងលំនៅឋានរបស់បងប្អូនចូលមកប្រព័ន្ធលូធំឡើយ ប៉ុន្តែបើពួកគាត់ផ្តល់ឲ្យក្នុងនាមអាណិតស្រលាញ់រាប់អាន នោះគឺជាទឹកចិត្តរបស់គាត់ ។

19-7-005

19-7-004

Leave a Reply