14-7-006

រដ្ឋាភិបាល ​នឹង​ដាក់​ដំណើរ​ការ​ប្រព័ន្ធ​ស្វ័យ​ប្រវតិ្ត​កម្ម​ គ្រប់គ្រង​ហិរញ្ញវត្ថុ​​សាធារណៈ​ នៅ​គ្រប់​ក្រសួង

Sorry, this entry is only available in Khmer. For the sake of viewer convenience, the content is shown below in the alternative language. You may click the link to switch the active language.

ប្រភព ៖ ភ្នំពេញបុស្តិ៍

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជានឹងដាក់ដំណើរការប្រព័ន្ធស្វ័យប្រវត្តិកម្មគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅក្រសួង ១០ ថែមទៀតនៅចុងឆ្នាំនេះ និងនៅគ្រប់ក្រសួង និងស្ថាប័នរដ្ឋទាំងអស់នៅឆ្នាំ ២០២០ បន្ទាប់ពីបានអនុវត្តនៅអគ្គនាយកដ្ឋានរតនាគារជាតិនៅឆ្នាំមុនរួចមក។

ការដាក់អនុវត្តប្រព័ន្ធដែលមានឈ្មោះថា ប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុ (FMIS) នេះ ត្រូវបានរំពឹងថានឹងក្លាយជាប្រព័ន្ធតាមដានដ៏ល្អមួយ ដើម្បីជំរុញស្ថាប័នរដ្ឋាភិបាលប្រើប្រាស់ថវិកាជាតិឲ្យមានប្រសិទ្ធភាពជាងមុន។

ថ្លែងក្នុងពិធីបើកសិក្ខាសាលាស្តីពីវឌ្ឍនភាពនៃការអនុវត្តប្រព័ន្ធ FMIS នៅតាមរតនាគាររាជធានីខេត្ត កាលពីម្សិលមិញ លោក ហ៊ាន សាហ៊ីប ប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS ថ្លែងថា យុទ្ធសាស្ត្ររបស់ក្រសួងសេដ្ឋកិច្ចបានដាក់ចេញការអនុវត្ត FMIS ជាពីរដំណាក់កាល ដែលការអនុវត្តនៅដំណាក់កាលទីមួយផ្តោតសំខាន់លើមុខងាររតនាគារ និងអគ្គនាយដ្ឋានគន្លឹះមួយចំនួនរបស់ក្រសួងសេដ្ឋកិច្ចដែលអនុញ្ញាតឲ្យមានការធ្វើប្រតិបត្តិការថវិកា និងធានាចំណាយ។

លោកបន្ថែមថា បន្ទាប់ពីបានអនុវត្ត FMIS នៅរតនាគារជាតិដោយជោគជ័យហើយ ក្រសួង នឹងដាក់ឲ្យដំណើរការប្រព័ន្ធស្វ័យប្រវត្តិនេះនៅក្រសួង១០ បន្ថែមទៀតនៅចុងឆ្នាំនេះក្នុងដំណើរការសាកល្បង ដោយរំពឹងថានឹងអាចចាប់ផ្តើមដំណើរការជាផ្លូវការចាប់ពីដើមឆ្នាំ២០១៨ទៅ។

លោកថ្លែងថា៖ «FMIS កំពុងក្លាយជាឆ្អឹងខ្នងដ៏សំខាន់មួយសម្រាប់គាំទ្រក្នុងការអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាលក្នុងគោលដៅធានាឲ្យការអនុវត្តថវិកាជាតិ ប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងគណនេយ្យភាពទាំងផ្នែក ចំណូល និងចំណាយ»។

ក្រសួងទាំង ១០ ដែលនឹងត្រូវដាក់ដំណើរប្រព័ន្ធ FMIS នេះរួមមានក្រសួងសេដ្ឋកិច្ច អប់រំ សុខាភិបាល កសិកម្ម កាងារ កិច្ចការនារី ប្រៃសណីយ៍ មុខងារសាធារណៈ បរិស្ថាន និងឧស្សាហកម្មនិងសិប្បកម្ម។

បច្ចុប្បន្ន ការងារគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅកម្ពុជាកំពុងធ្វើឡើងដោយដៃ ដែលពឹងលើឯកសារច្រើន។ ដូច្នេះការបង្កើត FMIS គឺដើម្បីដំណើរការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈតាមប្រព័ន្ធស្វ័យ ប្រវត្តិកម្ម ដែលប្រព័ន្ធនេះគ្របដណ្តប់ទាំងការអនុវត្តថវិកាជាតិ គណនេយ្យ ការធ្វើរបាយការណ៍ និងការធ្វើសវនកម្ម។

FMIS នឹងជួយពង្រឹងដល់ការអនុវត្តថវិកា តាមរយៈការចំណាយដោយស្វ័យប្រវត្តិតាមប្រព័ន្ធកុំព្យូទ័រ ការទទួលចំណូល (ភ្ជាប់ជាមួយប្រព័ន្ធចំណូលពន្ធដារ ពន្ធគយ និង គ្រប់គ្រងបំណុល) ដែលផ្តល់នូវរាល់ព័ត៌មានហិរញ្ញវត្ថុតាមអនឡាញដែលមានតម្លាភាពជាងមុន ដើម្បីពង្រឹងដល់ការធ្វើ កំណែទម្រង់ប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។

ប្រព័ន្ធ FMIS មានមុខងារស្នូល៦ រួមមានមុខងារសៀវភៅធំ មុខងារវិភាជន៍ថវិកា មុខងារការទិញ មុខងារគណនីត្រូវសង មុខងារគណនីត្រូវទារ និងមុខងារគ្រប់គ្រងសាច់ប្រាក់។

លោក ព្រាប កុល នាយកប្រត្តិបត្តិអង្គការតម្លាភាពកម្ពុជាបានស្វាគមន៍ចំពោះការពង្រីកវិសាលភាពនៃការអនុវត្ត FMIS របស់រដ្ឋាភិបាលទៅក្រសួងផ្សេងៗ ដោយរំពឹងថាប្រព័ន្ធនេះនឹងជួយបង្កើតជាប្រព័ន្ធតាមដានដ៏ល្អមួយដើម្បីជំរុញការចាយវាយថវិកាជាតិឲ្យចំគោលដៅ។

លោកបន្តថា កន្លងមកការចាយវាយថវិកាជាតិរបស់ក្រសួងជាច្រើនគឺសម្រុកចាយនៅត្រីមាសចុងក្រោយដែលជាការចាយលុយច្រើនក្នុងរយៈពេលខ្លី ហើយអាចធ្វើឲ្យមានការខ្វះចន្លោះច្រើនក្នុងការទាញយកផលប្រយោជន៍ពីការចាយវាយនោះ។

លោកបន្តថា ប្រព័ន្ធដែលធ្វើដោយដៃនាពេលបច្ចុប្បន្នពឹងផ្អែកលើឯកសារច្រើន ហើយបានធ្វើឲ្យមានភាពលំបាកដល់មន្ត្រីជំនាញធ្វើការតាមដាននឹងវាយតម្លៃពីការចាយវាយជាក់ស្តែង។

លោកថ្លែងថា៖ «តាមរយៈប្រព័ន្ធសព្វថ្ងៃ បើមានភាពមិនប្រក្រតីកើតឡើង ទម្រាំដឹងដល់ក្រសួងសេដ្ឋកិច្ចវាអាចយឺតពេល។ ដូច្នេះ ប្រព័ន្ធថ្មីនេះវានឹងក្លាយជាឧបករណ៍ផ្តល់សញ្ញា និងផ្តល់ទិន្នន័យឲ្យបានទាន់ពេលសម្រាប់មន្ត្រីជំនាញ អ៊ីចឹងគាត់អាចដឹងពីលំហូរនៃការចាយវាយថវិកាជាតិ ហើយក្នុងករណីមានភាពមិនប្រក្រតីដូចជាចាយខុសផែនការអី មន្ត្រីអាចដឹងបានលឿនជាងមុន»។

លោកបានថ្លែងថា ភាពជោគជ័យនៃការអនុវត្តគម្រោងនេះនឹងរួមចំណែកកាត់បន្ថយអំពើពុករលួយក្នុងការចាយវាយថវិការដ្ឋបានមួយកម្រិត៕

Leave a Reply