eda1d15b-4392-4229-bc5f-f1c7fbf2e6c3

រដ្ឋាភិបាល​មាន​ផែនការ​បង្កើន​ប្រសិទ្ធភាព​លើ​ការ​ចេញ​ប័ណ្ណកម្មសិទ្ធិ

ប្រភព ៖ កោះសន្តិភាព

ប័ណ្ណកម្មសិទ្ធិ គឺជាកត្ដាចំបាច់បំផុតក្នុងវិស័យអចលនទ្រព្យ ។ ទោះបីយ៉ាងណា អ្នកជំនាញក្នុងវិស័យនេះយល់ឃើញថា បច្ចុប្បន្ន ដំណើរការនៃការចេញប័ណ្ណកម្មសិទ្ធិហាក់មានភាពយឺតយ៉ាវ និងមានចំណុចខ្វះខាតមួយចំនួន ខណៈដែលរាជរដ្ឋាភិបាលមានផែនការបង្កើនប្រសិទ្ធភាពនៃដំណើរការនេះ ។

យោងតាមរបាយការណ៍យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុឆ្នាំ២០១៦-២០២៥ បានបង្ហាញថា រាជរដ្ឋាភិបាលមានផែនការបង្កើនប្រសិទ្ធភាពនៃដំណើរការចេញប័ណ្ណកម្មសិទ្ធិអចលនទ្រព្យ និងសិក្សាពីថ្លៃចំណាយនានា។ ទន្ទឹមនឹងនេះ របាយការណ៍ក៏បង្ហាញថា រាជរដ្ឋាភិបាលក៏មានផែនការដោះស្រាយបញ្ហាពាក់ព័ន្ធនឹងការចេញប័ណ្ណកម្មសិទ្ធិប្រភេទតូចៗលើអគារសហកម្មសិទ្ធិ និងការចុះបញ្ជីអចលនទ្រព្យនៅនាយកដ្ឋានចុះបញ្ជីអចលនទ្រព្យនានាផងដែរ ។

ការដាក់ចេញនូវផែនការនេះ ក៏មានការស្វាគមន៍ពីអ្នកជំនាញអចលនទ្រព្យដែលកំពុងប្រតិបត្តិអាជីវកម្មរបស់ខ្លួនលើវិស័យនេះ ក៏ដូចជាសេដ្ឋវិទូកម្ពុជាផងដែរ ។

លោក វ៉ា វីរៈ អ្នកជំនាញអចលនទ្រព្យអន្តរជាតិដំបូងគេរបស់កម្ពុជា ដែលទើបត្រូវបានទទួលស្គាល់ដោយសហរដ្ឋអាមេរិកកាលពីពេលថ្មីៗនេះ និងជានាយកប្រតិបត្តិក្រុមហ៊ុន Century 21 Fortuna Investment បានថ្លែងតាមទូរស័ព្ទកាលពីថ្ងៃទី១១ សីហា ថា ប្រសិនបើរាជរដ្ឋាភិបាលអនុវត្តផែនការនេះ ប្រាកដណាស់ វាមានប្រយោជន៍ទាំងអស់គ្នា ។

លោកថ្លែងថា ៖ « កន្លងមក ការចេញប័ណ្ណដល់ម្ចាស់កម្មសិទ្ធិ ពិតជាមានការយឺតយ៉ាវ និងហាក់ដូចជាអត់សូវច្បាស់លាស់ដែលនាំឲ្យមានបញ្ហាច្រើន ។ កត្ដានេះ អាចមកពីកង្វះខាតធនធានដូចជា ខ្វះអ្នកជំនាញវិជ្ជាជីវៈ ខ្វះចំនួនអ្នកធ្វើការ ឬក៏កង្វះខាតថវិកាជាដើម ដែលជាហេតុធ្វើឲ្យការចេញប័ណ្ណកម្មសិទ្ធិនេះ ហាក់ដូចជាខ្វះខាត » ។

លោកបន្ដថា ៖« ការចេញប័ណ្ណនេះ គឺមានសារសំខាន់ណាស់សម្រាប់ម្ចាស់កម្មសិទ្ធិទទួលបានឯកសារត្រឹមត្រូវ ស្របតាមច្បាប់ និងកាត់បន្ថយជម្លោះនៅតុលាការ ឬនៅក្នុងសង្គម និងបញ្ហាផ្សេងៗដែលអាចនឹងកើតមាន ។ ចំពោះរាជរដ្ឋាភិបាល គឺអាចគ្រប់គ្រងបានទៅលើប្លង់ និងជាពិសេស គឺរដ្ឋទទួលបានចំណូលពន្ធច្រើន ព្រោះកន្លងមក ការប្រមូលពន្ធ និងពន្ធប្រថាប់ត្រា ឬពន្ធអចលនទ្រព្យផ្សេងៗនៅមានកម្រិតនៅឡើយ ប៉ុន្ដែប្រសិនបើការចេញប័ណ្ណកម្មសិទ្ធិនេះកាន់តែមានប្រសិទ្ធភាព អីចឹង ប្រសិទ្ធភាពនៃការប្រមូលពន្ធកាន់តែកើនឡើងថែមទៀត ។ ទន្ទឹមនឹងនេះ នឹងធ្វើឲ្យវិស័យអចលនទ្រព្យកាន់តែមានទំនុកចិត្តពីអ្នកវិនិយោគថែមមួយកម្រិតទៀត ហើយនៅពេលមានសកម្មភាពវិនិយោគកាន់តែច្រើន រាជរដ្ឋាភិបាលនឹងទទួលបានចំណូលក៏កាន់តែច្រើនផងដែរ » ។

លោកបណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សាជាន់ខ្ពស់នៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ក៏បានអបអរសាទរចំពោះគោលនយោបាយបង្កើនប្រសិទ្ធភាពនៃការចេញប័ណ្ណកម្មសិទ្ធិអចលនទ្រព្យរបស់រាជរដ្ឋាភិបាលជូនដល់ប្រជាពលរដ្ឋផងដែរ ។

លោកបណ្ឌិតមានប្រសាសន៍ថា ៖« បើធ្វើអីចឹងបាននោះ ជារឿងល្អ ។ ធម្មតា ពេលយើងមានដី មានផ្ទះបានចុះបញ្ជីត្រឹមត្រូវសម្រាប់ពលរដ្ឋ ឬវិនិយោគិនក្នុងស្រុក ពេលមានតម្រូវការទុនបង្វិលនៅក្នុងអាជីវកម្ម គឺអាចយកក្រដាសស្នាមនេះធ្វើជារបស់បញ្ចាំដាក់នៅធនាគារបាន » ៕

e3860fe5-a007-428a-98ec-97a108990606

f32edab8-da88-4d2d-ae17-9938a08cca49

Leave a Reply