22-6-001

ចំណត​ក្រោម​ដី​ទី​១ នឹង​ដាក់​ដំណើរ​ការ​ឆាប់ៗ ខណៈ​គម្រោង​ធំ​ទី៣ កំពុង​សិក្សា

Sorry, this entry is only available in Khmer. For the sake of viewer convenience, the content is shown below in the alternative language. You may click the link to switch the active language.

ប្រភព ៖ ភ្នំពេញបុស្តិ៍

ខណៈពេលដែលបញ្ហាទីចំណតយានយន្តកំពុងចោទឡើងជាបញ្ហាជារៀងរាល់ថ្ងៃ ក្រុមហ៊ុន OCIC ក៏កំពុងសម្រុកការដ្ឋានសាងសង់ចំណតរថយន្តសាធារណៈក្រោមដីទី១ ដោយគ្រោងនឹងបើកដំណើរការនៅពេលខាងមុខដ៏ខ្លីនេះ ទន្ទឹមនឹងនេះគម្រោងចំណតក្រោមដីទី៣ ដែលមានទំហំធំជាងគេនោះក៏ត្រូវបានអ្នកជំនាញមកពីក្រុមហ៊ុនបរទេស កំពុងធ្វើការសិក្សាយ៉ាងលម្អិតជាមួយសាលារាជធានីភ្នំពេញ។

លោក ទូច សំណាង អគ្គនាយករងក្រុមហ៊ុន OCIC បានថ្លែងថា ៖ «មិនយូរទេ! តាមសម្ទុះការងារ និងការសាងសង់ជាក់ស្តែង យើងអាចនឹងសម្ពោធបើកដាក់ឲ្យប្រើប្រាស់ចំណតក្រោមដីសាធារណៈដំបូងបំផុតនេះ នៅក្នុងអំឡុងពេលយ៉ាងយូរ ១ ឬ២ខែទៀតប៉ុណ្ណោះ»។

លោកបន្តថា ៖ «ឥឡូវនេះ យើងកំពុងរង់ចាំការរៀបចំតម្រាយផ្លូវនៅជុំវិញទីនោះរបស់សាលារាជធានី»។

លោក រិទ្ធ រ៉ាវីន (Rith Ravin, Site Manager) អ្នកគ្រប់គ្រងគម្រោងសាងសង់ចំណតក្រោមដី របស់ក្រុមហ៊ុន OCIC បានថ្លែងប្រាប់ប៉ុស្តិ៍អចលនទ្រព្យកាលពីរសៀលថ្ងៃអង្គារដើមសប្តាហ៍នេះថា រហូតមកទល់ពាក់កណ្តាលខែមិថុនានេះ ការដ្ឋានសាងសង់ចំណតរថយន្តក្រោមដីនៅចន្លោះអគារ Canadia Tower និងអគារវឌ្ឍនៈ បានសម្រេចកិច្ចការសាងសង់សំខាន់ៗ របស់គម្រោងនេះស្ទើរតែរួចរាល់អស់ហើយ «ដោយក្រុមការងាររបស់យើងបានបញ្ចប់ការងារជាទូទៅនោះបានជិត ៩០ ភាគរយហើយ គឺនៅសល់តែការងារតូចតាចប៉ុណ្ណោះ និងជាចុងក្រោយ គឺការសាងសង់សួនច្បារនៅផ្នែកខាងលើជាការស្រេច។ តាមការគ្រោងទុកយើងនឹងបញ្ចប់ការដ្ឋាននេះទាំងស្រុងនៅអំឡុងចុងខែកក្កដាខាងមុខនេះ»។

លោក រ៉ាវីន បានពន្យល់ថា គម្រោងចំណតយានយន្តក្រោមដីសាធារណៈនេះ គឺជាគម្រោងដំបូងបំផុតនៅកម្ពុជា «ដោយការសាងសង់តួនៃសំណង់នៅក្រោមដីមានបណ្តោយប្រវែង៦៨ម៉ែត្រ គុណទទឹង ៦៤ ម៉ែត្រ គុណជម្រៅ ៧ ម៉ែត្រចុះក្រោមដី និងមានចែកចេញជា២ជាន់ស្មើគ្នា។ នៅពេលបញ្ចប់ចំណតក្រោមដីនេះនឹងអាចផ្ទុករថយន្តបានចំនួន ៣១០ គ្រឿង និងម៉ូតូរាប់រយគ្រឿងទៀត»។

លោកបន្តថា ចំណតនេះវានឹងផ្តល់ភាពងាយស្រួលជាច្រើនដល់សាធារណជនទូទៅរស់នៅ និងបំពេញការងារនៅម្តុំនេះ ដែលធ្លាប់តែជួបការប្រឈមក្នុងការចតយានយន្តរបស់ខ្លួន។

លោកបានពន្យល់អំពីទិដ្ឋភាព និងលក្ខណៈសុវត្ថិភាពនៅក្នុងចំណតនោះថា ៖ «នៅគ្រប់ជាន់មានបំពាក់ភ្លើង បំភ្លឺគ្រប់គ្រាន់មានប្រព័ន្ធកាមេរ៉ាសុវត្ថិភាព មានគំនូសចរាចរណ៍ត្រឹមត្រូវ ជណ្តើរឡើងចុះដោយជើងចំនួនពីរកន្លែងផ្សេងគ្នា រីឯផ្លូវបើកយានយន្តចេញចូលឡើងចុះចំណតនេះគឺមានទំហំ៧ម៉ែត្រចែក ជាច្រកចូលនិងចេញ និងមានជម្រាលតែប្រហែលតែ១០ដឺក្រេតែប៉ុណ្ណោះ»។ ចំណែកផ្លូវចេញចូល នោះគឺនៅជាប់តាមផ្លូវលេខ ៧៧។

22-6-002

ក្នុងករណី «ដាច់ចរន្តអគ្គីសនី នោះអំពូល LED ស្វ័យប្រវត្តិរបស់យើងនឹងដំណើរការបំភ្លឺដោយស្វ័យប្រវត្តិ ហើយវាអាចបំភ្លឺបានរហូតដល់រយៈពេលជាង២ម៉ោង» នេះបើតាមការអះអាងរបស់លោក រ៉ាវីន។ «ចំណែកឯប្រព័ន្ធការពារទឹកលិចវិញ យើងក៏មានបំពាក់ដោយប្រព័ន្ធម៉ូទ័របូមទឹកស្វ័យប្រវត្តិសម្រាប់បូមទឹកចេញពីចំណតក្រោមដីនេះ ក្នុងករណីមានទឹកចូលដោយចៃដន្យ។ ជារួមគឺខាងក្រុមហ៊ុនបានរៀបចំគ្រឿងបំពាក់ដើម្បីបង្ការ ឬបញ្ចៀសហានិភ័យទាំងអស់និយាយឲ្យខ្លីទីនេះនឹងផ្តល់សុវត្ថិភាពខ្ពស់បំផុត»។

គួររំឭកថា កាលពីគ្រាដំបូងនៃការចាប់ផ្តើមវិនិយោគគម្រោងនេះខាងក្រុមហ៊ុន OCIC បានប្រកាសថា ខ្លួននឹងធ្វើការវិនិយោគគម្រោងសាងសង់ចំណតក្រោមដីនេះក្នុងទំហំទឹកប្រាក់៤លានដុល្លារអាមេវិក ដោយអាចចតរថយន្តបានតែជាង ២០០ គ្រឿងប៉ុណ្ណោះ។ ប៉ុន្តែតាមការសាងសង់សំណង់ជាក់ស្តែង រួមទាំងការស្ថាបនាសួនច្បារមួយទៀតនៅពីខាងលើនោះផង «រហូតមកទល់ពេលនេះយើងបានបង្កើនការចំណាយរហូតដល់ជិត៧លានដុល្លារអាមេរិក ហើយ» នេះបើតាមប្រសាសន៍របស់លោក រ៉ាវីន។

ចំពោះការរចនាលម្អសួនសាធារណៈនៅពីខាងលើចំណតរថយន្តក្រោមដីនេះ គឺសាលារាជធានីភ្នំពេញ បានកំណត់ឲ្យ ក្រុមហ៊ុន Canadia ស្ថាបនាដូចទៅនឹងសួនច្បារនៅព័ទ្ធជុំវិញសក្យមុនីចេតីយដែរ នៅពេលសាងសង់សួនច្បារនេះហើយ បើមើលពីមុខស្ថានីយរាជាយស្ម័យានមកសក្យមុនីចេតីយ ឆ្លងកាត់មហាវិថីព្រះមុនីវង្ស រហូតដល់ផ្លូវលេខ ៧៧ គឺជាសួនច្បារធំទូលាយ និងស្រស់ស្អាតមួយ។

លោក ម៉េត មាសភ័ក្តី មន្ត្រីនាំពាក្យសាលារាជធានីភ្នំពេញ បានថ្លែងអបអរសាទរចំពោះគម្រោងចំណតក្រោមដីសាធារណៈដំបូងបំផុតនេះថា ៖ «នេះជាដំណោះស្រាយជំហានៗរបស់សាលារាជធានីភ្នំពេញ អំពីបញ្ហាកកស្ទះដោយកង្វះខាតទីចំណត» ហើយបណ្តាលឲ្យពលរដ្ឋលោកបង្ខំចិត្តចតយានយន្តនៅតាមចិញ្ចើមថ្នល់ និងលើចំណែកផ្លូវនាពេលកន្លងមក។

លោកបន្តថា ៖ «អនាគតឆាប់ៗខាងមុខនេះចំណតក្រោមដីទី១ ដែលស្ថាបនាដោយក្រុមហ៊ុន Canadia នេះនឹងបើកដំណើរការ ហើយវាផ្តល់ជាទីកន្លែងចំណតបានរថយន្តប្រមាណ៣០០គ្រឿងហើយបន្ទាប់ពីនេះ គឺចំណតរបស់ក្រុមហ៊ុនវឌ្ឍនៈនៅក្បែរនោះមួយទៀត ដែលកំពុងដំណើរការសាងសង់ដែរនោះ ក៏មានទំហំប្រហាក់ប្រហែលគ្នានេះដែរ»។

22-6-003

មន្ត្រីអ្នកនាំពាក្យរូបនេះក៏បានបង្ហើបឲ្យដឹងដែរថា សាលារាជធានីភ្នំពេញក៏កំពុងសិក្សាជាមួយក្រុមអ្នកជំនាញបរទេស ដើម្បីផ្តល់លទ្ធភាពឲ្យ«ក្រុមហ៊ុនមួយមកពីប្រទេសម៉ាឡេស៊ី សាងសង់ចំណតសាធារណៈក្រោមដីធំមួយទៀត នៅក្រោមសួនច្បារ ចន្លោះផ្លូវលេខ១០៦ និង១០៨ គឺពីខាងលិចផ្សាររាត្រី» នេះបើតាមប្រសាសន៍របស់លោក មាស ភក្តី។

«តាមការឲ្យដឹងខ្លះៗ ក្រុមហ៊ុនបរទេសមួយនេះទំនងជាអាចសាងសង់ចំណតក្រោមដីថ្មីនោះរហូតដល់បីជាន់ចុះទៅក្រោម។ ដូច្នេះបើចំណតក្រោមដីទាំងនេះស្ថាបនារួចរាល់ហើយវានឹងជួយកាត់បន្ថយបញ្ហាកង្វះចំណតយានយន្តបានមួយកម្រិតធំហើយ ហើយក៏អាចឈានទៅកាត់បន្ថយការកកស្ទះចរាចរណ៍ផងដែរ»។

ទាក់ទងទៅនឹងទំហំវិនិយោគចំណតក្រោមដីរបស់ក្រុមហ៊ុនមកពីប្រទេសម៉ាឡេស៊ីនោះ មន្ត្រីអ្នកនាំពាក្យសាលារាជធានីបានឆ្លើយថា ដោយសារការសិក្សាលម្អិតមានការប្រែប្រួល ដូច្នេះខាងក្រុងពុំទាន់ដឹងថា «គេនឹងត្រូវវិនិយោគអស់ទុនប៉ុន្នាននោះទេ»។

ទាក់ទងទៅនឹងបញ្ហាកកស្ទះចរាចរណ៍នៅតាមដងផ្លូវនៅក្នុងរាជធានីភ្នំពេញ លោក មាសភក្តី បានថ្លែងថា៖ «សាលារាជធានី និងក្រុមអ្នកជំនាញ កំពុងសិក្សាអំពីលទ្ធភាពនានាក្នុងការសាងសង់ផ្លូវថ្មើរជើងឆ្លងថ្នល់ ផ្លូវក្រោមដី និងស្ពានអាកាសនៅតាមគោលដៅជាច្រើនទីតាំង ប៉ុន្តែយើងពុំទាន់អាចជូនដំណឹងទីតាំងជាក់ណាមួយបានទេ ព្រោះកំពុងសិក្សាលម្អិត»៕

Leave a Reply