29-6-021

សាលាក្រុង​ទទួល​បាន​រថយន្ត​ក្រុង​ថ្មី​ ១០០ គ្រឿង និង​ថែម​ផ្លូវ​រត់​ប្រាំ​ខ្សែ​ទៀត ​នឹង​ដំណើរការ​នៅ​ដើម​ខែ​កក្កដា

Sorry, this entry is only available in Khmer. For the sake of viewer convenience, the content is shown below in the alternative language. You may click the link to switch the active language.

ប្រភព ៖ ភ្នំពេញបុស្តិ៍

ក្នុងប្រទេសកំពុងអភិវឌ្ឍន៍ កាលណាកំណើនប្រជាជនមានការកើនឡើងច្រើនការប្រកួតប្រជែងក៏ចាប់ផ្តើមមានភាពមមាញឹកស្ទើរតែគ្រប់វិស័យរួមទាំងសេវាកម្មដឹកជញ្ជូនសាធារណៈ ជាពិសេសនៅក្នុងទីក្រុងដែលមានការកកស្ទះចរាចរណ៍ដោយយានយន្តគ្រប់ប្រភេទ ដូច្នេះធ្វើដំណើរចុះឡើងពីកន្លែងមួយទៅកន្លែងមួយដូចជាទីប្រជុំជន សាលារៀន ការិយាល័យធ្វើការ និងមន្ទីរពេទ្យជាដើម។

ស្របពេលរាជធានីភ្នំពេញ កំពុងមានការកកស្ទះចរាចរណ៍កាន់តែខ្លាំង លោក ម៉េត មាសភក្តី មន្ត្រីអ្នកនាំពាក្យ សាលារាជធានីភ្នំពេញបានប្រាប់ថា ប្រព័ន្ធដឹកជញ្ជូនសាធារណៈតាមរថយន្តក្រុងនៅភ្នំពេញ នឹងបន្ថែមរថយន្តក្រុងសាធារណៈចំនួន១០០គ្រឿង និងថែមផ្លូវរថថ្មីចំនួន ៥ ខ្សែ នៅទូទាំងក្រុង។

តាមរយៈប្រសាសន៍របស់លោក មាសភក្តី បានឲ្យដឹងថា ៖ «សេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុងចំនួន១០០គ្រឿង នឹងដាក់ដំណើរការដើម្បីបន្ថែមលើខ្សែរថចាស់ និងខ្សែរថថ្មីដោយសារសព្វថ្ងៃនេះ សាលារាជធានីមានសេវារថយន្តក្រុងតែបីខ្សែប៉ុណ្ណោះ ដែលមានរថយន្តប្រមាណ៥៧គ្រឿង ចេញពីម្តុំខាងផ្លូវជាតិលេខ៥ ផ្សាររាត្រីមាត់ទន្លេ ទៅចោមចៅ មហាវិថីព្រះមុនីវង្សក្នុងរាជធានីភ្នំពេញ និងទៅក្រុងតាខ្មៅ ខេត្តកណ្តាល»។

ការផ្គត់ផ្គង់សេវារថយន្តក្រុងសាធារណៈនេះ គឺស្ថិតនៅក្រោមអង្គភាពគ្រប់គ្រងផ្ទាល់របស់រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់សាលារាជធានីភ្នំពេញ។

ជាមួយគ្នានេះដែរ លោក មាសភក្តី បានបន្ថែមថា បន្ទាប់ពីការប្រជុំចុងក្រោយនៅសប្តាហ៍មុនជាមួយការសិក្សារបស់ថ្នាក់ដឹកនាំ និងអ្នកបច្ទេកទេស សាលារាជធានីភ្នំពេញ នឹងសម្រេចជាផ្លូវការក្នុងការដាក់ដំណើរការខ្សែរថយន្តក្រុងថ្មីចំនួន ៥ខ្សែបន្ថែមទៀត តាមដងវិថីសំខាន់ៗដូចជា មហាវិថីព្រះមុនីវង្ស ផ្លូវ២៧១ ផ្លូវឯកឧត្តមជាសុផារ៉ា និងផ្លូវសំខាន់ៗ ដទៃទៀតនៅដើមខែកក្កដាខាងមុខនេះ។

លោកបានប្រាប់កាសែតភ្នំពេញប៉ុស្តិ៍អចលនទ្រព្យថា ការបន្ថែមរថយន្តក្រុងសាធារណៈនេះ គឺជាជំនួយរបស់ប្រទេសចិន ហើយការដាក់ដំណើរការបន្ថែម គឺដើម្បីជួយសម្រួលដល់ប្រជាជន ក្នុងការកាត់បន្ថយនូវការរង់ចាំយូរនិងកាត់បន្ថយការកកស្ទះនៅតាមដងផ្លូវ។

ប៉ុន្តែទោះបីជាមានការជំរុញលើកទឹកចិត្តជាច្រើនដល់ប្រជាជន ក៏លោក ភក្តី បានបង្ហើបប្រាប់ពីផលលំបាកជាច្រើនផងដែរ «ច្បាស់ហើយថា នៅពេលដែលយើងដាក់ដំណើរការដំបូង មិនទទួលបានការគាំទ្រច្រើនទេ ក៏ប៉ុន្តែមួយរយៈក្រោយនេះ យើងឃើញថា សន្ទុះរបស់បងប្អូនប្រជាពលរដ្ឋជាមធ្យមប្រមាណ ៦០០០ ទៅ៧០០០នាក់ក្នុងមួយថ្ងៃ សម្រាប់រថយន្តក្រុងចំនួនបីខ្សែនេះ»។

សេវាដឹកជញ្ជូនសាធារណៈក្នុងទីក្រុង ត្រូវបានការយកចិត្តទុកដាក់ជាខ្លាំងដោយសារកំណើនប្រជាជនមានការកើនឡើង មិនថា តែប្រទេសកម្ពុជាទេ ហើយអ្នកនាំពាក្យរូបនេះបានពោលថា «ប្រជាជនអាចយល់ពីការប្រើប្រាស់សេវាសាធារណៈរថយន្តក្រុងឲ្យបានច្រើន ពីព្រោះវាជាផលចំណេញថវិកាមួយផ្នែក និងកាត់បន្ថយការស្ទះជាងមុន ពីព្រោះរថយន្តក្រុងមួយគ្រឿងអាចផ្ទុកបាន៥០នាក់»។

ការអនុវត្តនៃការប្រើប្រាស់រថយន្តសាធារណៈនេះ គឺរក្សានូវតម្លៃសំបុត្រជិះរថយន្តក្រុងទាប ដែលបច្ចុប្បន្នមានតម្លៃ១៥០០រៀល និងការមិនគិតថ្លៃសម្រាប់សិស្ស ជនពិការ មនុស្សចាស់ និងព្រះសង្ឃ។ ដូច្នេះ ប្រសិនបើមានច្រើនខ្សែ សាលារាជធានីភ្នំពេញសង្ឃឹមថា ប្រជាជនចូលរួមគាំទ្រកាន់តែច្រើនជាមួយសេវារថយន្តសាធារណៈនេះ។

លោកបានបន្ថែមថា ចំណែកសេវាទទួលជាសាច់ប្រាក់មិនអាចទូទាត់នៃការចំណាយទេ «តែយើងសុទ្ធសឹងប្រើថវិកាសាលារាជធានីផ្ទាល់ ដើម្បីទូទាត់ថ្លៃចំណាយ ពីព្រោះយើងយកសេវាថោក ហើយប្រជាពលរដ្ឋមិនទាន់មាននិរន្តរភាព និងបានចូលរួមប្រើប្រាស់ឲ្យបានច្រើននៅឡើយ។

29-6-022

ស្របពេលដែលមានសេវាសាធារណៈរថយន្តក្រុងត្រូវបានបន្ថែម សាលារាជធានីភ្នំពេញ ក៏នៅតែព្យាយាមរៀបចំសណ្តាប់ធ្នាប់ការចតតាមដងផ្លូវ និងការប្រើប្រាស់ចញ្ចើមផ្លូវ ដែលត្រូវការពេលវេលាច្រើនក្នុងការរៀបចំ ហើយក៏បានចុះអប់រំ រុះរើសំណង់ដែលរំលោភចញ្ចើមផ្លូវជាដើម។

ចំណែកលោក អៀ ចរិយ៉ា អ្នកឯកទេសសុវត្ថិភាពផ្លូវថ្នល់ឯករាជ្យ លើកឡើងថា ៖ ការបង្កើនសេវាដឹកជញ្ជូនសាធារណៈ គឺជាការល្អក្នុងការសម្រួលដល់ប្រជាជនដែលរស់នៅក្នុងទីក្រុង ប៉ុន្តែស្របពេលដែលមានការផ្គត់ផ្គង់ ក៏មានបញ្ហាប្រឈមជាច្រើនដែរដូចជា ទី១ ការយឺតយ៉ាវក្រោយពេលកំណត់រយៈពេលយូរដែលធ្វើឲ្យប្រជាជនអស់ទំនុកចិត្តក្នុងការជិះ ទី ២ ចំណតឡានក្រុងមានការកកស្ទះដោយសារមានរថយន្តផ្សេងចតលើចំណតផ្លូវ និងទី ៣ មិនមានផ្លូវថ្មើរជើងសម្រាប់ប្រើប្រាស់។

លោកថ្លែងថា ៖ «តាមការស្រាវជ្រាវពីសេវាសាធារណៈរថយន្តក្រុងរបស់អង្គការ Jica សហការជាមួយសាលារាជធានីភ្នំពេញ និងស្ថាប័នពាក់ព័ន្ធ គួរមានឆន្ទះខ្ពស់ក្នុងការដោះស្រាយឧបសគ្គទាំងនេះ ដើម្បីបង្ហាញពីការយកចិត្តទុកដាក់ដល់ប្រជាជន គុណភាពនៃការរៀបចំសណ្តាប់ធ្នាប់ និងហេដ្ឋារចនាសម្ព័ន្ធ ហើយខ្ញុំគិតថា ចំនួនខ្សែរថយន្តក្រុងដែលត្រូវបន្ថែមគួរតែផ្តោតលើមហាវិថីធំៗ ដែលមានភាពមមាញឹកដូចជាផ្សារ ឬសាលារៀនជាដើម»។

លោកបន្ថែមថា ៖ «បើសិនជាគ្មានការចាត់វិធានការដោះបញ្ហា និងភាពបរាជ័យនោះទេ វានឹងបង្ហាញពីភាពខ្សោយនៃការដឹកនាំ និងគ្រប់គ្រងសេវាសាធារណៈនេះដោយគ្មានប្រសិទ្ធភាព»។

អ្នកនាង ស្រ៊ីន ម៉ានិត្យ ជាគ្រូបង្រៀនភាសាបារាំងម្នាក់ បានឲ្យដឹងថា ៖ «ខ្ញុំប្រើប្រាស់ញឹកញាប់ ដើម្បីធ្វើដំណើរពីផ្ទះនៅម្តុំផ្សារធំថ្មីទៅសាលារៀនដែលនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ហើយការធ្វើដំណើរតាមរថយន្តក្រុង នេះមានស្ថានភាពល្អបើទោះបីជាមានការយឺតយ៉ាវបន្តិចបន្តួចមែន»។

ការផ្តល់នូវសេវាសាធារណៈនេះ អាចសម្រួលដល់ប្រជាជនជាច្រើនជាពិសេសសិស្សសាលា ប្រជាជនដែលមានជីវភាពក្រីក្រ និងចៀសវាងគ្រោះថ្នាក់ចរាចរណ៍នានា ដែលអាចកើតមានជារៀងរាល់ថ្ងៃ។

ប៉ុន្តែ ម៉ានិត្យ បាននិយាយថា «អ្នកបើកបររថយន្តក្រុងគួរតែគោរពច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួនជាងនេះ»។

គួរបញ្ជាក់ដែរថា រថយន្តក្រុងទាំង១០០គ្រឿងនេះ ជារថយន្តប្រភេទថ្មីសន្លាងដែលផលិតនៅប្រទេសចិន ដែលមានចំណុះប្រមាណ៥០កៅអី និងមានភាពទំនើប ហើយរថយន្តក្រុងទាំងនេះបានមកដល់ប្រទេសកម្ពុជា ក្នុងសប្តាហ៍នេះតាមកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ ហើយនឹងមកដល់រាជធានីភ្នំពេញ ជាបន្តបន្ទាប់នៅចុងសប្តាហ៍នេះ៕

0

 

Leave a Reply