10777589-family-with-children-looking-at-the-house-stock-photo-home

ការ​ផ្លាស់​ប្តូរ​ពី​ឋានៈ​អ្នក​ជួល​ក្លាយជា​ម្ចាស់​លំនៅ​ឋាន

អ្នកកំពុងជួលផ្ទះ ឬបន្ទប់ស្នាក់នៅ តែងចង់រំដោះខ្លួនចេញពីឋានៈជាអ្នកជួល ដោយសារតែធុញទ្រាន់នឹងយកប្រាក់ទៅបង់ថ្លៃបន្ទប់ជារៀងរាល់ខែ ។ ចំណុចនេះ អ្នកណាៗក៏ចង់បានលំនៅឋានជារបស់ខ្លួនដែរ ប៉ុន្តែមិនមែនគ្រប់គ្នានឹងអាចទិញលំនៅឋានបានទេ ព្រោះសម្រាប់អ្នកមួយចំនួន ការទិញលំនៅឋាន គឺប្រៀបដូចជាការបំពេញភារកិច្ចយ៉ាងមហាសាល ។

ចុងក្រោយ គឺបង់រំលស់មិនបាន រហូតដល់ត្រូវគេរឹបអូសទ្រព្យសម្បត្តិ ប្រាក់បង់រំលស់ក៏បាត់បង់ ប៉ុន្តែទាំងនេះមិនមានន័យថា អ្នកត្រូវតែជួលលំនៅឋានរហូតអស់មួយជីវិតដែរ ។ នេះជាសញ្ញា៥យ៉ាងបង្ហាញថា អ្នកបានត្រៀមខ្លួនផ្លាស់ប្តូរឋានៈពីអ្នកជួលទៅជាម្ចាស់ផ្ទះ ។

១-មានផែនការរស់នៅរយៈពេលយូរ ៖
បើសិនជាចាប់ផ្តើមមានសញ្ញាថា អ្នកនឹងត្រូវរស់នៅក្នុងទីតាំងនេះរយៈពេលយូរទៀត គឺលើសពីជាង៥ឆ្នាំ នេះជាសញ្ញាដំបូងដែលបង្ហាញថា គួរតែសម្លឹងរកទិញលំនៅឋានជារបស់ខ្លួនបានហើយ ព្រោះការជួលនោះគង់ត្រូវចំណាយលើថ្លៃឈ្នួលអាចនឹងកើនឡើងនាពេលអនាគត ។

២-តួនាទីការងារស្ថិតស្ថេរ ៖
នៅពេលចាប់ផ្តើមចូលវ័យបម្រើការងារ អាចជាពេលដែលមើលទៅលើខ្លួនឯងថា ផ្លាស់ប្តូរការងារញឹកញាប់ ព្រោះមិនដឹងថា ខ្លួនចូលចិត្តអ្វី ប៉ុន្តែនៅពេលចាប់ចូលដល់វ័យលើ៣០ឆ្នាំ មនុស្សជាច្រើនមានតួនាទីការងារគង់វង្សជាង ប្រាក់ខែទទួលបានក៏កើនឡើងតាមនោះដែរ ព្រោះវ័យនេះ ជាវ័យបង្កើតភាពស្ថិតស្ថេរក្នុងជីវិត ។ ដូច្នេះ អាចនិយាយបានថា វ័យដែលទើបប្រឡូកក្នុងការងារនោះ នៅមិនទាន់ស័ក្តិសមនឹងទិញផ្ទះទេ គឺមិនខុសប៉ុន្មានឡើយ ព្រោះក្រៅពីនឹងសុំខ្ចីប្រាក់ពិបាកហើយ អាចនឹងធ្វើឱ្យខាតពេលវេលាប្តូរការងារទៀតផង ។ វិធីល្អបំផុត គួរតែចាប់ផ្តើមទិញផ្ទះក្នុងពេលដែលការងារគង់វង្ស ។

៣-មានប្រាក់គ្រប់គ្រាន់សម្រាប់កក់ផ្ទះ ៖
កត្តាសំខាន់មួយទៀត និងមិនចាញ់តួនាទីការងារ គឺមានប្រាក់គ្រប់គ្រាន់សម្រាប់កក់ផ្ទះ និងថ្លៃចាយវាយផ្សេងៗក្នុងអំឡុងពេលទិញផ្ទះ។ មនុស្សភាគច្រើនតែងសម្រេចចិត្តទិញផ្ទះភ្លាមៗ ដោយមិនបាននឹកដល់ប្រាក់សន្សំដែលមានថា ច្រើនគ្រប់គ្រាន់នឹងទិញឬអត់ ។ «គ្រប់គ្រាន់» គឺត្រូវមានប្រាក់សុទ្ធច្រើនជាង២០% នៃតម្លៃផ្ទះសរុប ។ ក្រៅពីនេះ ក៏មានការចំណាយផ្សេងៗទៀតដូចជា គ្រឿងសង្ហារិម និងការតុបតែងផងដែរ ។

៤-ត្រូវពង្រីកគ្រួសារ ៖
ហេតុផលចាំបាច់ត្រូវទិញផ្ទះ ដោយសារត្រូវពង្រីកគ្រួសារក្រោយពេលរៀបការ ករណីបែបនេះគឺអាចរកវិធីទិញផ្ទះបាន ព្រោះបុគ្គលអាចរកប្រាក់ចំណូលមាន២នាក់ ។ នៅពេលសមាជិកគ្រួសារកើនឡើង ត្រូវគិតពីការចាយវាយក្នុងផ្ទះផងដែរថា នៅពេលគិតជាមួយប្រាក់ចំណូលនោះ តើនៅសល់គ្រប់គ្រាន់សម្រាប់បង់រំលស់ប្រចាំខែឬទេ ។

៥-ក្រេឌីតល្អ គ្មានបំណុល ៖
បន្ទាប់ពីមានប្រាក់សន្សំហើយ បើសិនជាអ្នកជួលអាចជម្រះបំណុលដែលមានទាំងអស់នោះ នឹងកាន់តែល្អថែមទៀត ព្រោះអាចកាត់បន្ថយហានិភ័យ និងខ្ចីប្រាក់បានដោយងាយ ខណៈការជាប់បំណុល នឹងធ្វើឱ្យការខ្ចីប្រាក់បានត្រឹមចំនួនមួយកំណត់ប៉ុណ្ណោះ។

ចំណុចនេះ ធនាគារនឹងតឹងតែងជាពិសេសសម្រាប់អ្នកជាប់បំណុល ។ ទោះយ៉ាងណា ការទិញផ្ទះ មិនមានន័យថា ជាការវិនិយោគជានិច្ចនោះទេ ជាពិសេស ការទិញផ្ទះសម្រាប់រស់នៅ ចាំបាច់ត្រូវគិតដោយហ្មត់ចត់បំផុត ៕

Leave a Reply