img_0043-2

សហគមន៍ស្មសាន ត្អូញត្អែរពីការរស់នៅ

សកម្មភាពអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធក្នុង សង្កាត់និរោធ នាពេលនេះបានរួមចំណែកយ៉ាងធំធេងក្នុងការផ្លាស់ប្តូរមុខមាត់សង្កាត់ឲ្យកាន់តែមានភាពស្រស់បំព្រងឡើងជាលំដាប់។ ប៉ុន្តែសហគមន៍ស្មសានដែលស្ថិតនៅក្នុងសង្កាត់និរោធដែរនោះ នៅមិនទាន់មានការផ្លាស់ប្រែជាដុំកំភួននៅឡើយទេ។

មនុស្សភាគច្រើនបានហៅសហគមន៍នេះ ជាសហគមន៍ផ្នូរខ្មោច ព្រោះពួកគេបានមកតាំងទីលំនៅលើផ្នូរខ្មោច ចេតិយ ម៉ុង នៅក្នុងបរិវេណវត្តប្រជុំវង្សស្ថិតនៅក្នុងសង្កាត់និរោធ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។  ប្រជាជនមកតាំងទីលំនៅនៅទីនេះតាំងពីឆ្នាំ១៩៨២ មានចំនួន១៧០ គ្រួសារ ភាគច្រើនប្រកបមុខរបរធ្វើសំណង់ ជាអ្នកលាងចាន និងរើសអេតចាយដែលរកប្រាក់ចំណូលបានទាប។

ពលរដ្ឋម្នាក់ដែលបានមករស់នៅទីនេះជាង២០ឆ្នាំហើយនោះ អ្នកស្រី ធីម ម៉ៅ អាយុ ៤៨ឆ្នាំ បានរៀបរាប់ទាំងទឹកមុខស្រងូតស្រងាត់ថាការរស់នៅទីនេះជួបការលំបាកណាស់ដោយសារតែពួកគាត់ប្រើប្រាស់សេវាទឹកភ្លើងរបស់ឯកជនដែលមានតម្លៃថ្លៃ។

អ្នកស្រីបន្តថាអ្នកភូមិធ្លាប់បានស្នើទៅអាជ្ញាធរ សុំតទឹកនិងភ្លើងពីរដ្ឋដែរ តែត្រូវបានអាជ្ញាធរបដិសេធ ដោយលើកឡើងថា ពួកគាត់កំពុងរស់នៅក្នុងតំបន់អាណាធិបតេយ្យ។

នៅពេលបានសួរថាតើអ្នកស្រីពេញចិត្តនឹងរស់នៅទីនេះដែរទេ? ស្រ្តីវ័យ៤៨ឆ្នាំបានតបថាពួកគាត់មិនចង់នៅទីនេះទេដោយសារតែមានការ ខ្វះខាតនិងពិបាករស់នៅ។

អ្នកស្រីបានស្នើទៅរាជរដ្ឋាភិបាល ឲ្យជួយតទឹកនិងភ្លើងជូនពួកគាត់ ឬក៍ជួយរកកន្លែងថ្មីដែលអាចឲ្យពួកគាត់រស់នៅបានសមរម្យ ហើយនៅជិតមន្ទីរពេទ្យ និងសាលារៀន៕

Leave a Reply