18-7-005

អគារ​ប៊ុលឌិង​ ​នឹង​ត្រូវ​វាយកម្ទេច​ចោល​នៅ​ថ្ងៃ​នេះ

ប្រភព ៖ ភ្នំពេញបុស្តិ៍

ក្រុមការងារម៉ៅការវាយកម្ទេចអគារប៊ុលឌិងបានកំណត់ថានឹងចាប់ផ្តើមវាយកម្ទេចនៅក្នុងថ្ងៃនេះបន្ទាប់ពីក្រសួងរៀបចំដែនដីបានប្រកាសកាលពីថ្ងៃសៅរ៍ថាប្រជាពលរដ្ឋទាំងអស់ដែលរស់នៅក្នុងអគារចាស់ទ្រុឌទ្រោមនេះបានចាកចេញពីបរិវេណអគារនេះអស់ហើយ។

លោក សេង ឡូត អ្នកនាំពាក្យក្រសួងដែនដីបានឲ្យដឹងថាប្រជាពលរដ្ឋទាំង ៤៩២ គ្រួសារដែលរស់នៅក្នុងអគារនេះបានយល់ព្រមលក់ចំណែកផ្ទះរបស់ខ្លួនរួចរាល់ហើយដែលបានបើកផ្លូវសម្រាប់ក្រុមហ៊ុនជប៉ុន Arakawa អាចចាប់ផ្តើមធ្វើការរុះរើវាយកម្ទេចអគារចាស់នេះចោលបានដែលក្រុមហ៊ុនម៉ៅការក្នុងស្រុកជាអ្នករ៉ាប់រងលើកិច្ចការវាយកម្ទេចនេះ។

ក្រសួងដែនដីបានឲ្យដឹងថាទាំងអស់មានប្រជាពលរដ្ឋចំនួន ៤៩៣ គ្រួសារដែលរស់នៅក្នុងអគារប៊ុលឌិងនេះ ប៉ុន្តែលោក ឡូត បញ្ជាក់ថាមានផ្ទះមួយបន្ទប់គឺគេទុកចោលមិនមានមនុស្សរស់នៅទេ។

លោកបានបន្ថែមថាប្រជាពលរដ្ឋដែលរស់នៅជិតខាង និងអ្នកលក់ដូរនៅក្បែរនោះគឺមិនមានការគំរាមកំហែងពីការវាយកម្ទេចនេះទេ ពីព្រោះមិនមានពាក់ព័ន្ធជាមួយនឹងការប្រើប្រាស់គ្រឿងផ្ទុះនោះទេគឺមានប្រើតែម៉ាស៊ីនអេស្កាវ៉ារទ័រប៉ុណ្ណោះ។

លោកថ្លែងថា៖ « ក្រុមហ៊ុនមានឯកទេសត្រឹមត្រូវហើយនឹងធានាសុវត្ថិភាពដល់ប្រជាជនដែលរស់នៅជុំវិញហើយយើងនឹងធ្វើការជាមួយអាជ្ញាធរមូលដ្ឋាន»។

អគារប៊ុលឌិងនេះនឹងត្រូវជំនួសមកវិញដោយអគារថ្មីមួយដែលមានកម្ពស់ ២១ ជាន់ដែលការប្រើប្រាស់អគារថ្មីនេះនឹងមានលក្ខណៈចម្រុះ ហើយថវិកាចំណាយសាងសង់អស់ប្រហែល ៧០ លានដុល្លារ។

កាលពីថ្ងៃសុក្រកន្លងទៅអង្គការសិល្បៈខ្មែរអមតៈដែលមានក្រុមសិល្បករ និងសិស្សបាននាំគ្នាមកថតរូបទុកជាអនុស្សាវរីយ៍នៅតាមជណ្តើរក្នុងអគារប៊ុលឌិងដែលមានវ័យចំណាស់ចាស់ទ្រុឌទ្រោមនេះ។

នាយកប្រតិបត្តិក្រុមអង្គការលោក ភ្លើន ព្រីម បាននិយាយថាក្រុមលោកចង់ថតរូបឲ្យដូចអ្វីដែលលោកធ្លាប់បានថតកាលពីឆ្នាំ ២០០៥ ថា វាខុសប្លែកប៉ុនណាហើយវាជារូបថតចុងក្រោយមុនគេកម្ទេចអគារនេះចោល។

លោកបន្តថា៖ «រឿងមួយទៀតគឺថានៅពេលដែលយើងចាប់ផ្តើមបង្រៀន និងបណ្តុះបណ្តាលសិស្សនៅក្នុងទីក្រុងភ្នំពេញ អគារប៊ុលឌិងសនេះ គឺជាចំណុចចាប់ផ្តើមដំបូងរបស់យើង»៕

Leave a Reply