edff3457-420c-4d64-8fdc-9fec75806868

ផែនការ​រៀបចំ​សណ្តាប់ធ្នាប់ ផ្លូវ​អាទិភាព​១១​ខ្សែ​កណ្តាល​ក្រុង

ប្រភព ៖ កោះសន្តិភាព

គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញដឹកនាំដោយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៥ កញ្ញានេះ បានបើកកិច្ចប្រជុំមួយ ដើម្បីដាក់ផែនការរៀបចំសណ្តាប់ធ្នាប់លើបណ្តោយផ្លូវ១១ខ្សែ នៅកណ្តាលក្រុង ខណៈដែលផ្លូវទាំងនេះកំពុងត្រូវបានគេរំលោភយកមកប្រើប្រាស់ជាប្រយោជន៍ផ្ទាល់ខ្លួនមិនស្តាប់តាមការណែនាំរបស់អាជ្ញាធររាជធានីភ្នំពេញ។

កិច្ចប្រជុំនេះធ្វើឡើងដោយមានការចូលរួមពីលោកនាយឧត្តសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានី លោក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ អភិបាលខណ្ឌទាំង១២ មន្ទីរចំណុះឲ្យរដ្ឋបាលរាជធានីភ្នំពេញ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

នាយករដ្ឋបាលរាជធានីភ្នំពេញ លោក ហួត ហៃ ក្នុងឱកាសនៃកិច្ចប្រជុំនោះបានលើកឡើងពីរបាយការណ៍មួយចំនួនស្តីពីបញ្ហាសណ្តាប់ធ្នាប់របៀបរៀបរយលើផ្លូវទាំង១១ខ្សែ ដែលរដ្ឋបាលរាជធានីភ្នំពេញបានដាក់ចេញជាផ្លូវអាទិភាព ក្នុងការរៀបចំសណ្តាប់ធ្នាប់មុនគេ។ ទោះបីជាយ៉ាងណាក្តី ក្នុងរបាយការណ៍នោះបានបញ្ជាក់ថា ការរៀបចំសណ្តាប់ធ្នាប់លើផ្លូវទាំង១១ខ្សែនេះ នៅមានការរំលោភនៅឡើយ ដែលតម្រូវឲ្យរដ្ឋបាលរាជធានីភ្នំពេញ ត្រូវមានវិធានការបន្ត៕

Leave a Reply