TEHO វិនិយោគ ៥០០ លាន​ដុល្លារ​លើ​សណ្ឋាគារ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម
Posted On : February, 11, 2015 | By សំឡេងទីក្រុង

ដោយ ចាន់ មុយហុង និង ស៊ីវ ម៉េង, ភ្នំពេញបុស្តិ៍, ថ្ងៃទី ១១ កុម្ភៈ​​២១០៥

ភ្នំពេញៈ ក្រុមហ៊ុន TEHO Development Cambodia Pte Ltd ដែល​ជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន​ចុះ​បញ្ជី​នៅ​ផ្សារ​ហ៊ុន​សិង្ហបុរី បាន​សហការ​ជាមួយ​វិនិយោគិន​ក្នុង​ស្រុក វិនិយោគ​ទឹក​ប្រាក់​ជាង ៥០០ លាន​ដុល្លារ ក្នុង​គម្រោង​អភិវឌ្ឍន៍​សណ្ឋាគារ អគារ កន្លែង​កម្សាន្ត និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​នៅ​តំបន់​ជ្រោយចង្វារ។ នេះ​បើ​តាម​តំណាង​ក្រុមហ៊ុន​កាលពី​ម្សិល​មិញ។

ក្រុមហ៊ុន TEHO Development Cambodia Pte Ltd នេះ​ជា​បុត្រ​សម្ព័ន្ធ​ក្រុមហ៊ុន TEHO International Inc Ltd មាន​ទីតាំង​នៅ ប្រទេស​សិង្ហបុរី ធ្វើ​ពាណិជ្ជកម្ម​ពាក់ព័ន្ធ​នឹង​វិស័យ​ធនធាន​ប្រេង ឧស្ម័ន និង​អចលន​ទ្រព្យ។

គម្រោង​អភិវឌ្ឍន៍​នេះ​ត្រូវ​បាន​គេ​ឲ្យ​ឈ្មោះ​ថា The Bay ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​ក្រុមហ៊ុន TEHO SBG Development Co Ltd ដែល​ជា​ការ​វិនិយោគ​រួម​រវាង​ក្រុមហ៊ុន TEHO Development Cambodia Pte Ltd មាន​ភាគ​ហ៊ុន ៤៩ ភាគរយ​និង​ក្រុមហ៊ុន សុខ ប៊ុន គ្រុប ៥១ ភាគរយ។

ការ​សាង​សង់​អគារ​ក្នុង​គម្រោង The Bay នេះ​នឹង​ចាប់ផ្តើម​ដោយ​បែង​ចែក​ជា​បី​ដំណាក់​កាល​បន្ត​បន្ទាប់។ នេះ​បើ​តាម លោក ប៊ុន សុខ អគ្គ​នាយក​ក្រុមហ៊ុន TEHO SBG Development Co Ltd។ លោក​ថ្លែង​ថា៖ «យើង​បាន​ដាក់​សំណើ​គម្រោង​សាងសង់​នេះ​ជូន​ទៅ​រដ្ឋាភិបាល​រួច​ហើយ។ យើង​រំពឹង​ថា ការ​សាង​សង់​នឹង​ចាប់​ផ្ដើម​នៅ​ចុង​ឆ្នាំ​នេះ។ វា​នឹង​បញ្ចប់​នៅ​ចុង ឆ្នាំ​២០១៩ ឬ​ដើម ឆ្នាំ​២០២០ យ៉ាង​យូរ​បំផុត»។

បន្ទាប់​ពី​សាង​សង់​រួច​រាល់​អគារ​ទាំង ៧ នៅ​ក្នុង​គម្រោង The Bay នេះ​នឹង​ក្លាយ​ជា​បណ្តុំ​អគារ​ខ្ពស់​បំផុត​នៅ​ក្នុង​ប្រទេស​កម្ពុជា ស្ថិត​លើ​នៅ​តំបន់​ជ្រោយចង្វារ​មិន​ឆ្ងាយ​ពី​សណ្ឋាគារ​សុខា​លំដាប់​ថ្នាក់​ផ្កាយ ៥ នោះ​ទេ។

លោក​បន្ត​ថា៖ «ទីផ្សារ​របស់​យើង​គឺ​ផ្តោត​លើ​ជន​បរទេស​ច្រើន​ជាង​ប្រជាជន​ក្នុង​ស្រុក ព្រោះ​យើង​បាន​សិក្សា​រួច​ហើយ​ថា ទីផ្សារ​របស់​យើង​ដើរ​នៅ​ក្នុង​កម្រិត​ណា? ខ្ញុំ​គិត​ថា វា​ជា​ឱកាស​ល្អ ហើយ​ប្រទេស​យើង​មាន​សក្តានុពល​ច្រើន​ជាង​គេ​ក្នុង​តំបន់ ប្រសិន​បើ​យើង​លក់​ក្នុង​ទីផ្សារ​អន្តរជាតិ ហើយ​យើង​អាច​កៀរគរ​អ្នក​វិនិយោគ​បន្ថែម​មក​វិនិយោគ​នៅ​កម្ពុជា»។

តាម​លោក សុខ ប៊ុន ដំណាក់​កាល ទី១ រួម​មាន សណ្ឋាគារ​ប្រណីត​កម្ពស់ ៤៥ ជាន់ ដែល​នឹង​ត្រូវ​ដាក់​ឈ្មោះ​ថា The Okura Prestige Phnom Penh ដែល​ត្រូវ​បាន​រំពឹង​ថា នឹង​ចំណាយ​ទឹក​ប្រាក់​អស់​ប្រហែល ៥០ លាន​ដុល្លារ បូក​រួម​នឹង​អគារ​ស្នាក់​នៅ​កម្ពស់ ៥៣ ជាន់។ សណ្ឋាគារ​ថ្នាក់​ផ្កាយ ៥ នេះ​នឹង​ត្រូវ​បាន​សាងសង់​មាន ២៥០ បន្ទប់ បន្ទប់​អាហារ​ជប៉ុន​ពេល​ល្ងាច​ផ្សេង​ទៀត រង្គសាល​លើ​ដំបូល បន្ទប់​ប្រជុំ និង​បន្ទប់​ជប់លៀង បន្ទប់​ស្ប៉ា និង​អាង​ហែល​ទឹក​នៅ​ក្រៅ​អគារ នឹង​ត្រូវ​ដំណើរការ​ដោយ​ក្រុមហ៊ុន Hotel Okura Co Ltd ដែល​ជា​ក្រុម​សណ្ឋាគារ​ប្រណីត​ជប៉ុន​ដ៏​ល្បី​ល្បាញ។

ដំណាក់​កាល ទី២ និង​ដំណាក់កាល ទី៣ ដែល​នឹង​ចាប់ផ្ដើម​បន្ត​បន្ទាប់​លើ​ការ​សាង​សង់​អគារ​ស្នាក់​នៅ​កម្ពស់ ៥៥ ជាន់​ចំនួន ៥ ថែម​ទៀត រួម​ទាំង​ផ្សារ​ទំនើប និង​កន្លែង​កម្សាន្ត​ផង​ដែរ។ ក្រុមហ៊ុន​ដែល​ទទួល​ខុស​ត្រូវ​លើ​ការ​រចនា​បណ្តុំ​អគារ The Bay គឺ​ក្រុមហ៊ុន ONG&ONG ដែល​ល្បី​ល្បាញ​លើ​ការ​ផ្តល់​សេវា​ស្ថាបត្យកម្ម​នៅ​ប្រទេស​សិង្ហបុរី។

លោក លូ ម៉េង ប្រធាន​សមាគម​សណ្ឋាគារ​កម្ពុជា​បាន​ថ្លែង​ថា ខណៈ​ចំនួន​សណ្ឋាគារ​ថ្នាក់​ផ្កាយ ៥ មាន​មិន​ដល់ ១០ ផង​នោះ​ការ​ផ្គត់​ផ្គង់​សេវាកម្ម​សណ្ឋាគារ​ប្រណីត​នៅ​ពេល​បច្ចុប្បន្ន​គឺ​ខ្ពស់​ជាង​តម្រូវ​ការ​រួច​ទៅ​ហើយ។ បើ​ទោះ​បី​ជា​មាន​សុទិដ្ឋិ​និយម​ចំពោះ​កំណើន​ការ​វិនិយោគ​ក្នុង​ប្រទេស​យ៉ាង​ណា​ក្តី លោក​បាន​ជំរុញ​ឲ្យ​អ្នក​វិនិយោគ​ថ្មីៗ​ត្រូវ​ធ្វើ​ការ​សិក្សា​ពី​តម្រូវ​ការ​មុន​ពេល​សម្រេច​ចិត្ត​ចូល​ក្នុង​ទីផ្សារ។

លោក​បន្ត​ថា៖ «ខណៈ​វា​ល្អ​សម្រាប់​ប្រទេស​កម្ពុជា ដែល​មាន​វិនិយោគិន​ចូល​មក​កម្ពុជា​ជាមួយ​គម្រោង​វិនិយោគ​ធំៗ ប៉ុន្តែ​សណ្ឋាគារ​កាន់​តែ​ច្រើន​នឹង​មាន​ន័យ​ថា មនុស្ស​គ្រប់​គ្នា​នឹង​មាន​ចំណែក​ទីផ្សារ​កាន់​តែ​តូច លុះ​ណា​តែ​អ្នក​ចូល​មក​ថ្មីៗ​អាច​នាំ​យក​តម្រូវ​ការ​របស់​អតិថិជន​កាន់​តែ​ច្រើន​សម្រាប់​សណ្ឋាគារ​ប្រណីត ឬ​មាន​ជើង​ហោះ​ហើរ​ត្រង់​កាន់​តែ​ច្រើន​ចេញ​ពី​ជប៉ុន ឬ អាមេរិក​មក​កម្ពុជា»។

លោក សៀរ រិទ្ធី ប្រធាន​ក្រុមហ៊ុន Worldbridge Land ដែល​មាន​ភាគ​ហ៊ុន​នៅ​ក្នុង​ក្រុមហ៊ុន Oxley Gem (Cambodia) Co ជា​ក្រុម​ហ៊ុន​អភិវឌ្ឍន៍​ក្នុង​ស្រុក កំពុង​កាន់​គម្រោង​សាងសង់​សណ្ឋាគារ​អន្តរជាតិ Shangri-La ល្បី​ឈ្មោះ​របស់​ទីក្រុង​ហុងកុង ដែល​នឹង​បញ្ចប់​នៅ ឆ្នាំ​២០១៨ នោះ​ថ្លែង​ថា៖ «គម្រោង​មួយ​ត្រូវ​តែ​ច្បាស់​លាស់​អំពី​សក្ដានុពល​ទីផ្សា​របស់​ខ្លួន បើ​មិន​អ៊ីចឹង​ទេ​វា​នឹង​ត្រូវ​បញ្ចប់ ជា​វិបត្តិ​អចលន​ទ្រព្យ​ដែល​កើន​ឡើង ហើយ​ធ្លាក់​ចុះ​វិញ​ដូច​ជា​គម្រោង​មួយ​កាល​ពី ឆ្នាំ​២០០៨ កន្លង​ទៅ»៕

Urban Voice Cambodia

Urban Voice Cambodia