TC Royal Manor បោះ​ទុន​វិនិយោគ​​៣០​លាន​​ដុល្លារ​ សាង​សង់​​អគារ​​ខ្ពស់​ជាង​គេ​នៅ​មហាវិថី​សហព័ន្ធ​រុស្ស៊ី
Posted On : March, 12, 2015 | By សំឡេងទីក្រុង

ដោយ ស៊ីវ ម៉េង, Thu, 12 March 2015,​ ប្រភព៖ ភ្នំពេញបុស្តិ៍

ភ្នំពេញ: ក្រុមហ៊ុន​ដែល​មាន​មូលដ្ឋាន​នៅ​កោះ​តៃវ៉ាន់ TC Royal Manor Co, Ltd កំពុង​បញ្ចេញ​ទុន​វិនិយោគ​ជិត ៣០ លាន​ដុល្លារ ដើម្បី​សាងសង់​អគារ​ការិយាល័យ និង​លំនៅឋាន​ប្រណីត​ដំបូង និង​ខ្ពស់​ជាង​គេ​នៅ​តាម​បណ្តោយ​មហាវិថី​សហព័ន្ធ​រុស្ស៊ី។

លោក គីម ហ៊ាង នាយក​ក្រុមហ៊ុន​ខ្មែរ រៀល អេស្ទេត ដែល​ជា​ក្រុមហ៊ុន​ទទួល​បាន​សិទ្ធិ​លក់​ផ្តាច់​មុខ​នៃ​គម្រោង​ខាង​លើ​នេះ​បាន​ប្រាប់ ប៉ុស្តិ៍ អចលន​ទ្រព្យ កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ក្រុមហ៊ុន​មក​ពី​តៃវ៉ាន់ TC Royal Manor Co, Ltd កំពុង​ចាប់​ផ្តើម​សាងសង់​អគារ​ការិយាល័យ និង​លំនៅឋាន​មួយ​កន្លែង​ដែល​មាន​ឈ្មោះ​ថា «The TK Royal One»។

លោក​បាន​បន្ត​ថា បច្ចុប្បន្ន​គម្រោង The TK Royal One បាន​ទទួល​នូវ​ការ​ចាប់​អារម្មណ៍​ជាច្រើន​ពី​អ្នក​ដែល​ធ្វើ​ដំណើរ​ឆ្លង​កាត់​ទីនោះ បើ​ទោះ​បីជា​ក្រុមហ៊ុន​មិន​ទាន់​បើក​លក់​ជា​ផ្លូវ​ការ​ក៏​ដោយ។

គម្រោង The TK Royal One មាន​ទីតាំង​នៅ​ទល់​មុខ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ តាម​បណ្តោយ​មហាវិថី​សហព័ន្ធ​រុស្ស៊ី និង​ផ្នែក​ខាង​ក្រោយ​របស់​អគារ​ទល់​នឹង​ផ្លូវ​លេខ ១២២ ក្នុង សង្កាត់​ទឹកល្អក់១ ខណ្ឌ​ទួលគោក។

លោក គីម ហ៊ាង បាន​ថ្លែង​ថា៖ «ពិធី​បើក​លក់​ជា​ផ្លូវ​ការ​របស់​គម្រោង The TK Royal One នឹង​ប្រព្រឹត្ត​ទៅ​នៅ ថ្ងៃទី២៤ ខែ​មីនា ខាង​មុខ​ដោយ​បន្ទប់​ស្នាក់​នៅ​ក្នុង​គម្រោង The TK Royal One មាន​តម្លៃ​ចាប់​ពី ២២០០-​២៨០០ ដុល្លារ​អាមេរិក​ក្នុង​មួយ​ម៉ែត្រ​ការ៉េ»។

លោក​បាន​បន្ត​ថា៖ «ការ​វិនិយោគ​សាង​សង់​អគារ​នេះ​ក្រុមហ៊ុន​មិន​បាន​គិតតែ​ពី​ការ​រក​ប្រាក់​ចំណេញ​មួយ​នោះ​ទេ ព្រោះ​ក្រុមហ៊ុន​មាន​គោល​បំណង​ចង់​ផ្តល់​បទ​ពិសោធ​ល្អៗ​នៃ​ការ​រស់​នៅ​តាម​កម្រិត​ស្តង់ដារ​អន្តរជាតិ ជូន​ដល់​ប្រជាជន​ខ្មែរ​ដើម្បី​ឲ្យ​ដឹង​ថា ជីវិត​រស់​នៅ​តាម​ខុនដូ មាន​ភាព​ងាយ​ស្រួល​បែប​ណា»។

The TK Royal One មាន​កម្ពស់ ១៩ ជាន់ និង​មាន​ចំណត​រថយន្ត​ចំនួន ៤ ជាន់​នៅ​ក្រោម​ដី​ដែល​អាច​ចត​រថយន្ត​បាន ២៣០ គ្រឿង។ នៅ​ជាន់​ផ្ទាល់​ដី រហូត​ដល់​ជាន់ ទី៤ នឹង​ត្រូវ​ប្រើ​ប្រាស់​ជា​អគារ​ការិយាល័យ ជាន់ ទី៥ ជា​កន្លែង​ហាត់​ប្រាណ ស្ទីម សូណា និង​អាង​ហែល​ទឹក។ ចាប់ពី​ជាន់ ទី៦-១៧ ជា​ខុនដូ​ដែល​មាន​ផ្ទះ​ចំនួន ១៥៩ យូនីត និង​ចាប់ពី​ជាន់ ទី១៨ ដល់ ទី១៩ ជា​ប្រភេទ​ផ្ទះ Pent House។

នាយក​ក្រុមហ៊ុន​ខាង​លើ​បាន​ឲ្យ​ដឹង​ទៀត​ថា បើ​ទោះ​បី​ជា​មិន​ទាន់​បាន​បើក​លក់​ជា​ផ្លូវ​ការ​ក៏​ដោយ​ក៏​គម្រោង The TK Royal One ត្រូវ​បាន​អតិថិជន​មក​ពី​តៃវ៉ាន់​កក់​អស់​ជាង ៣០ ភាគរយ​រួច​ហើយ។

លោក​បញ្ជាក់​ថា៖ «បច្ចុប្បន្ន​នេះ​យើង​បាន​ផ្អាក​ការ​ទិញ​កក់ នៅ​តៃវ៉ាន់​មួយ​រយៈ​សិន ព្រោះ​យើង​ចង់​លក់​ឲ្យ​ប្រជាជន​ក្នុង​ស្រុក​ឲ្យ​បាន ៣០ ភាគរយ​សិន។ ប្រសិន​បើ​គម្រោង​នេះ​លក់​នៅ​តៃវ៉ាន់​ផ្ទះ​ចំនួន ១៥៩ យូនីត​ខាង​លើ ខ្ញុំ​គិត​ថា នឹង​អាច​លក់​អស់​ក្នុង​រយៈ​ពេល​តែ ៦ ខែ​ប៉ុណ្ណោះ»។

The TK Royal One បាន​ចាប់​ផ្តើម​សាង​សង់​កាលពី ខែ​មករា ឆ្នាំ​២០១៥ ដោយ​គ្រោង​នឹង​បញ្ចប់​ការ​សាង​សង់ ព្រម​ទាំង​អនុញ្ញាត​ឲ្យ​ភ្ញៀវ​ចូល​ទៅ​ស្នាក់នៅ​នា​ចុង ឆ្នាំ​២០១៧ ខាង​មុខ។ អគារ​នេះ​សាងសង់​លើ​ផ្ទៃដី​ដែល​មាន​ទំហំ​សរុប ២៦៣៤ ម៉ែត្រ​ការ៉េ។

លោក គីម ហ៊ាង បាន​ប្រាប់​ទៀត​ថា ដី​សាងសង់​គម្រោង​ខាង​លើ​គឺជា​កម្មសិទ្ធិ​ឯកជន​របស់​ក្រុម​ហ៊ុន TC ROYAL MANOR Co, Ltd ដែល​បាន​ទិញ​ទុក​ជាង ៥​ឆ្នាំ មក​ហើយ។ មុន​នឹង​សម្រេច​សាងសង់​គម្រោង​ខាង​លើ​ក្រុមហ៊ុន​បាន​ចំណាយ​ពេល​ធ្វើ​ការ​សិក្សា​យ៉ាង​យូរ​ដើម្បី​សិក្សា​អំពី​សក្តានុពល​របស់​ទីតាំង។ ទីតាំង មាន​សារៈ​សំខាន់​ណាស់​សម្រាប់​អ្នក​ជំនួញ ពីព្រោះ​វា​ទាក់ទង​នឹង​រយៈ​ពេលវេលា​ធ្វើ​ដំណើរ និង​ការ​កក​ស្ទះ​ចរាចរណ៍។ ឧទាហរណ៍ បើ​គេ​ធ្វើ​ដំណើរ​ចេញ​ពី​ម្តុំ​ផ្សារ​ធំ​ថ្មី​ទៅ​ព្រលាន​យន្តហោះ​អន្តរជាតិ​ពោធិ៍ចិនតុង ត្រូវ​ចំណាយ​ពេល​ពី ១ ម៉ោង​ទៅ ១ ម៉ោង​កន្លះ តែ​បើ​ចេញ​ពី​ទីតាំង​ខាង​លើ​គឺ​ចំណាយ​ពេល​ត្រឹម​តែ ១០ នាទី ឬ​យ៉ាង​យូរ​កន្លះ​ម៉ោង​ក្នុង​ករណី​ស្ទះ​ចរាចរណ៍។

លោក​បាន​បន្ត​ថា ចំណុច​ពិសេស​មួយ​ទៀត​នៃ​ទីតាំង​ខាង​លើ គឺ​ទេសភាព និង​បរិយាកាស​ល្អ ដោយ​នៅ​ទល់​មុខ​ជាមួយ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ។

តាម​ផែនការ អគារ​នេះ​នឹង​ត្រូវ​សាងសង់​យ៉ាង​ប្រណីត​បំផុត ព្រោះ​ប្លង់​អគារ​ត្រូវ​បាន​ឌីហ្សាញ​ឡើង​ដោយ​ក្រុមហ៊ុន​ដ៏​ល្បី​មួយ​នៅ​កោះ​តៃវ៉ាន់ និង​ត្រូវ​បាន​សាង​សង់​ឡើង​ដោយ​ក្រុមហ៊ុន​មកពី ប្រទេស​កូរ៉េ ដែល​មាន​បទ​ពិសោធ​លើ​ការ​សាង​សង់​ជាង ៣០​ឆ្នាំ មក​ហើយ។ ចំណែក​ការ​គ្រប់​គ្រង​អគារ គឺ​ក្រុម​ហ៊ុន​មក​ពី ប្រទេស​បារាំង។

នាយក​ក្រុម​ហ៊ុន​ខាង​លើ​បាន​បញ្ជាក់​ថា៖ «អគារ The TK Royal One ត្រូវ​បាន​រចនា និង​សាង​សង់​ឡើង​ដោយ​ភាព​ប្រណីត ព្រោះ​យើង​ចង់​ឲ្យ​ក្រោយ ឆ្នាំ​២០១៨ អគារ​នេះ​ជាប់​លំដាប់ Top 3 ដោយ​ការ​សាង​សង់​របស់​យើង​មិន​ផ្តោត​តែ​ទៅ​លើ​ទំហំ​អគារ​នោះ​ទេ តែ​យើង​ផ្តោត​ជា​សំខាន់​ទៅ​លើ​គុណភាព»។

លោក កឺក ណារិន អ្នក​វិភាគ​អចលន​ទ្រព្យ​ឯករាជ្យ​បាន​ថ្លែង​ថា គម្រោង​នេះ​ល្អ​ដោយ​សារ​វា​មាន​ផ្លូវ​នៅ​សងខាង និង​មាន​ទីតាំងនៅ​ទល់​មុខ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ដែល​ជា​តំបន់​មាន​ហាង​ល្បីៗ និង​ធំៗ​នៅ​ក្បែរ​នោះ​ច្រើន​ដូចជា ហាង​កាហ្វេ Brown, KFC, PIZZA Company ជាដើម​ដែល​នៅ​ក្បែរ​នោះ។

លោក​បាន​បន្ត​ថា តំបន់​នេះ​មាន​សក្តានុពល​ខ្លាំង ប៉ុន្តែ​គេ​នៅ​មិន​ទាន់​ដឹង​ថា ការ​រៀបចំ​ម៉ូដ​ការ​ឌីហ្សាញ​ខាង​ក្នុង និង​ក្រៅ​អគារ​បែប​ណា​នៅ​ឡើយ​ទេ។ ការ​ដាក់​តម្លៃ​លក់​ខាង​លើ​វា​អាច​ថ្លៃ​បន្តិច ប៉ុន្តែ​អ្វីៗ​ក៏​វា​អាស្រ័យ​ទៅ​លើ​ការ​រៀបចំ និង​សម្ភារ​បំពាក់​នៅ​ក្នុង​នោះ​ផង​ដែរ។

លោក​បាន​ថ្លែង​ថា៖ «ខុនដូ​សង់​នៅ​តំបន់​នេះ​ល្អ​ម្យ៉ាង​ដែរ ព្រោះ​អ្នក​វិនិយោគ​ជប៉ុន ឬ​អ្នក​វិនិយោគ​ផ្សេងៗ​ទៀត​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ពួកគេ​មិន​ចាំ​បាច់​ចូល​មក​តំបន់​បឹង​កេងកង ១ ឡើយ ពួកគេ​អាច​ស្នាក់​នៅ​តំបន់​នេះ​ដែល​ស្ថិត​នៅ​ពាក់​កណ្តាល​ផ្លូវ​ពួកគេ​អាច​ងាយ​ធ្វើ​ដំណើរ​ទៅ​កន្លែង​ការងារ​របស់​ពួកគេ ហើយ​បើ​ពួកគេ​ចង់​ចូល​មក​កម្សាន្ត​នៅ​កណ្តាល​ក្រុង​ក៏​វា​មាន​ចម្ងាយ​មិន​ឆ្ងាយ​នោះ​ទេ»៕

Urban Voice Cambodia

Urban Voice Cambodia