ក្រសួងបរិស្ថានជំរុញឲ្យពលរដ្ឋកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទីក​

ក្រសួងបរិស្ថានជំរុញឲ្យពលរដ្ឋកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទីក​

On
ប្រភព​៖​ VOD, ដោយ៖​ លី បេឡា​ | ថ្ងៃសុក្រ ទី27 វិច្ឆិកា 2015

vod.1jpg vod

ក្រសួងបរិស្ថានបានជំរុញឲ្យប្រជាពលរដ្ឋធ្វើការកាត់បន្ថយនូវ​ការប្រើប្រាស់ថង់ប្លាស្ទីក ព្រោះវាជាសារធាតុមិនរលាយដែលអាចបង្កផលប៉ះពាល់ដល់បរិស្ថាន​យ៉ាងធ្ងន់ធ្ងរ។

ការលើកឡើងបែបនេះនៅក្នុងយុទ្ធនាការបញ្ឈប់ការប្រើថង់ប្លាសី្ទកធ្វើឡើងនៅ​ខាងមុខវត្តបទុមតីនៅថ្ងៃទី២៧ ​ខែវិច្ឆិកានេះដែលមានការចូលរួមពីអង្គការ​យូណេស្កូ​ប្រចាំកម្ពុជា​ ក្រសួង​បរិស្ថាន ក្រសួង​​ទេសចរណ៍ គណៈ​កម្មា​ធិ​ការ​ជាតិវាយ​តម្លៃទីក្រុងស្អាត សហភាព​សហព័ន្ធ​យុវជនកម្ពុជា និងសិស្សនិស្សិតមកពីសាលានិង​សាកល​វិទ្យា​ល័យ​មួយចំនួនផង​ដែរ។

អនុរដ្ឋលេខាធិការនៃក្រសួងបរិស្ថានលោក ស៊ូ សូវុធ បានឲ្យដឹងថាថង់ប្លាស្ទីកជាសារធាតុពុល​ដែលអាចប៉ះពាល់យ៉ាងខ្លាំងដល់បរិស្ថាននិងសុខភាពរបស់ប្រជាពលរដ្ឋ។ លោកបន្ថែមថាថង់ប្លាស្ទីក​នេះមិនអាចរម្លាយតាម​រយៈការដុត ការកប់ ឬក៏បោះចោលក្នុងទឹកបានទេដូច្នេះលោកជំរុញឲ្យ​ពលរដ្ឋប្ដូរ​មក​ប្រើប្រាស់​វិធីវេចខ្ចប់តាមបែបបុរាណវិញ។

លោកបន្ថែមថា៖ «​ជំនួសការប្រើប្រាស់ថង់ប្លាស្ទីកបុរាណកាល​មកគេប្រើស្លឹកចេក គេប្រើកន្ត្រក់ កន្រ្តក់ផ្ដៅ និង អ្វីដែលងាយរលាយហើយទុកយូរទៅវាពុកផុយ​ក្លាយទៅជាកំប៉ុសដូច្នេះប្រើថង់ប្លាស្ទីក​នៅលើពិភពលោកឥឡូវគេកាត់បន្ថយ កាត់បន្ថយច្រើនមែនទែនដូចជានៅប្រទេសបារាំងនៅសហភាព​អ៊ឺរ៉ុប»។

លោក ស៊ូ សូវុធ បន្ថែមថាយុទ្ធនាការបញ្ឈប់ការប្រើថង់ប្លាសី្ទកគឺអប់រំដល់ប្រជាពលរដ្ឋ​ឲ្យមានការយល់ដឹងនិងកាត់បន្ថយការបោះចោលសំរាមនិងថង់ប្លាស្ទីកពាស់វាលពាសកាល។

តំណាងអង្គការយូណេស្កូប្រចាំកម្ពុជាលោកស្រី អាន ឡឺមែត្រ បានឲ្យដឹងថាប្រជាពលរដ្ឋគឺជាជន​រងគ្រោះ​ដោយសារសំរាមថង់ប្លាស្ទីកតាមរយៈការប្រើប្រាស់សម្រាប់​ច្រកអាហារនិងសំភារៈផ្សេងៗដោយ​មិន​មាន​ការដាក់​ក្នុងធុងសំរាមឲ្យបានត្រឹមត្រូវ។ លោកស្រីបន្ថែមថា៖​ «ជាការពិតនៅពេលដែលថង់ប្លាស្ទីក​មិនអាចរំលាយបានវាចំនាយពេលយ៉ាងហោចណាស់៤០០ទៅ១០០០ឆ្នាំក្នុងការបំបាត់នូវថង់ប្លាស្ទីក​មួយចេញពីបរិស្ថានហើយ​វា​ក៏មិនប្រាកដថាអាចបំបាត់បាននោះ​ទេ ហើយវានឹងបំបែកទៅជាផ្នែកតូច​ដែល​នឹងបរិភោគដោយមនុស្សសត្វនិងត្រីហើយផ្នែកតូចៗនេះ​អាច​ប៉ះពាល់ខ្លាំងដល់ជីវិតមនុស្សនិងសត្វ »។

លោកស្រី អាន ឡឺមែត្រ បន្ថែមថាការប្រើប្រាស់ថង់ប្លាស្ទីកនៅកម្ពុជាមានការកើនឡើងជារៀងរាល់ឆ្នាំ​ ប៉ុន្តែលោកស្រីក៏ជំរុញឲ្យមានការប្រើប្រាស់ឡើងវិញនូវថង់ប្លាស្ទីកដែលប្រើរួច។

កញ្ញា ហ៊ន់ ស្រីនាង ដែលជានិស្សិតចិត្តសាស្ត្រមកពី​សកលវិទ្យាល័យភូមិន្ទភ្នំពេញជំរុញឲ្យមានការចូលរួមរើសថង់ប្លាស្ទីកដើម្បីសំអាតបរិស្ថាន។ កញ្ញាបន្ថែមថា៖ «ខ្ញុំគិតថា​ការរើសនេះអាចជួយបរិស្ថានបានត្រឹមតែ ១០ទៅ​២០ភាគរយទេព្រោះអ្នកចោលគឺចោលរាល់ថ្ងៃចឹងខ្ញុំគិតថាបើមានការរើសដាក់តាមអាទិត្យវាល្អជាងហើយ​​បើរើសមួយថ្ងៃវាជួយបានតែមួយថ្ងៃហ្នឹងទេហើយសម្រាប់ថ្ងៃស្អែកនឹងមានការបោះចោលសំរាមទៀត​ចឹង​»​។

គួរបញ្ជាក់ផងដែរថាការធ្វើយុទ្ធនាការបញ្ឈប់ការប្រើថង់ប្លាសី្ទកនេះមានការចូលរួមពីយុវជនប្រមាណ៥០០នាក់ ហើយពួកគេបានដើររើសសំរាម​និងថង់ប្លាស្ទីកនៅកន្លែងមួយចំនួនក្នុងទីក្រុងភ្នំពេញដូចជាវិមានឯករាជ្យ វត្តភ្នំ និងមុខព្រះបរមរាជ្យវាំងជាដើម៕

អង្គ​ការ​ខាងអភិវឌ្ឍ​ក្រុងលើកឡើង​​ថាទីក្រុង​ភ្នំពេញ​មិន​មាន​ប្លង់មេ​ត្រឹម​ត្រូវនៅឡើយ​

អង្គ​ការ​ខាងអភិវឌ្ឍ​ក្រុងលើកឡើង​​ថាទីក្រុង​ភ្នំពេញ​មិន​មាន​ប្លង់មេ​ត្រឹម​ត្រូវនៅឡើយ​

On

ប្រភព៖ VOD វិទ្យុអាសុីសេរី, ដោយ៖ ទូច សុខា | ថ្ងៃពុធ ទី4 វិច្ឆិកា 2015

មន្ត្រីអង្គការសង្គមស៊ីវិលដែលធ្វើការលើការរៀបចំទីក្រុងលើកឡើងថាទីក្រុងភ្នំពេញសព្វថ្ងៃមិនទាន់មានការរៀបចំប្លង់ទីក្រុងមួយត្រឹមត្រូវនៅឡើយទេ ដោយអ្នកទាំងនោះអះអាងថាការអភិវឌ្ឍមានដោយកន្លែង និងមិនសូវបានផ្តល់ផលប្រយោជន៍ដល់អ្នកក្រីក្រក្នុងទីក្រុងនោះទេ។

នាយកប្រចាំប្រទេសរបស់អង្គការPeople In Need លោក Piotr Sasin មានប្រសាសន៍ប្រាប់អ្នកសាព័ត៌មានក្រោយបញ្ចប់បទបង្ហាញរបស់លោកក្នុងសន្និសីទស្តីពីគម្រោងរៀបចំដីធ្លីនិងសិទ្ធិមនុស្សនៅថ្ងៃពុធនេះថាទីក្រុងភ្នំពេញមានគម្រោងអភិវឌ្ឍតាមផ្នែកៗនៃទីក្រុង ដែលលោកថាមានការកសាងអគារខ្ពស់ៗ និងកសាងហេដ្ឋារចនាសម្ព័ន្ធបានល្អ។ ប៉ុន្តែលោកថាប្រជាពលរដ្ឋក្រីក្រនៅជុំវិញតំបន់នោះមិនត្រូវបានគេយកចិត្តទុកដាក់នោះទេ។ លោកបន្តថាគម្រោងខ្លះបានធ្វើឲ្យប៉ះពាល់ដល់ប្រព័ន្ធជលសាស្រ្ត ប្រជាពលរដ្ឋដែលរស់នៅកន្លែងដែលត្រូវអភិវឌ្ឍនិងធ្វើឲ្យខូចដល់បរិស្ថានទៀតផង។ លោកបន្ថែមថា៖ “យុទ្ធសាស្រ្តអភិវឌ្ឍទីក្រុងគួរតែមានការចូលរួមពីភាគីពាក់ព័ន្ធដូចជាប្រជាសហគមន៍ មន្ត្រីអង្គការសង្គមស៊ីវិលដែលមានជំនាញខាងការងារនេះ ដែលអាចធ្វើឲ្យមានគម្រោងប្លង់ទីក្រុងមួយប្រកបដោយគុណភាព… ទោះយ៉ាងណា ខ្ញុំនៅមិនទាន់មិនឃើញមានគម្រោងបែបនេះនៅឡើយទេ”

នាយកប្រតិបត្តិសមាគមធាងត្នោត លោក អ៊ី សារ៉ុម លើកឡើងថាភ្នំពេញហាក់មិនមានប្លង់មេត្រឹមត្រូវសម្រាប់ការអភិវឌ្ឍក្រុងនៅឡើយទេ។ លោកថាតំបន់មួយចំនួនសម្រាប់ស្តុកទឹកត្រូវបានលុបនិងធ្វើឲ្យតំបន់មួយចំនួនលិចទឹកនៅពេលមានភ្លៀងធ្លាក់ខ្លាំងជាដើម។ លោកឲ្យដឹងដែរថាសំណង់អាគារក្នុងរាជធានីភ្នំពេញក៏មិនមានស្តង់ដារដូចគ្នាដែរ ដែលលោកថាមានអគារខ្លះសង់ខ្ពស់និងខ្លះសង់ទាបនៅក្នុងតំបន់តែមួយ។ លោកបន្ថែមថាដោយសារតែគ្មានប្លង់មេសម្រាប់ការអភិវឌ្ឍក្រុងធ្វើឲ្យប្រជាពលរដ្ឋដែលទទួលបានផលពីការអភិវឌ្ឍមិនមានសមភាព។

លោកមានប្រសាសន៍ថា៖ “សម្រាប់ខ្ញុំៗមើលឃើញថារដ្ឋាភិបាលគួរតែបញ្ចេញ ឬបង្កើតឲ្យបានឆាប់នូវប្លង់មេសម្រាប់ការអភិវឌ្ឍក្នុងរាជធានីភ្នំពេញ មួយទៀតការអភិវឌ្ឍកន្លងមកហាក់ដូចជាសម្រាប់តែអ្នកមាន មិនមែនជាការអភិវឌ្ឍសម្រាប់ទាំងអស់គ្នាទេ…ដូចជាមានការអភិវឌ្ឍដោយបង្ខំឲ្យប្រជាជនចេញពីលំនៅឋាន ដោយយកដីលក់ ឬធ្វើជាអាគារពាណិជ្ជកម្ម”

សមាជិកសហគមបុរីកីឡាម្នាក់ អ្នកស្រី រស់ សេងឃាង មានប្រសាសន៍ថាសាលារាជនីភ្នំពេញបានអភិវឌ្ឍច្រើនសម្រាប់ការរស់នៅរបស់ប្រជាពលរដ្ឋឲ្យមានលក្ខណល្អប្រសើរឡើង។ ប៉ុន្តែអ្នកស្រីថា ការអភិវឌ្ឍខ្លះក៏បានធ្វើឲ្យប្រជាពលរងការបណ្តេញចេញពីលំនៅឋាន។ អ្នកស្រីចាត់ទុកការបណ្តេញប្រជាពលរដ្ឋចេញពីលំនៅដ្ឋានសម្រាប់ការអភិវឌ្ឍបែបនេះ ជាការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។

ឆ្លើយតមនឹងការលើកឡើងនេះ តំណាងសាលារាជធានីភ្នំពេញដែលបានចូលរួមក្នុងសន្និសីទនេះនិងជានាយករងទីចាត់ការកិច្ចការច្បាប់និងសិទ្ធិមនុស្សរបស់សាលារាជធានីភ្នំពេញ លោក សែស សុខកុសល មានប្រសាសន៍ថាបើតាមលោកដឹងសាលារាជធានីភ្នំពេញមានគម្រោងប្លង់មេទីក្រុងមួយដែលកំពុងដាក់ជូនរដ្ឋាភិបាលពិនិត្យនិងសម្រេច។ លោកថាប្លង់មេទីក្រុងដែលដាក់ជូនរដ្ឋាភិបាលនេះមានបំណងពង្រីកទីក្រុងទៅទិសខាងជើង។ លោកបន្ថែមថា៖ “ដូចខ្ញុំបញ្ជាក់អ៊ីចឹង ក្រុងមានធ្វើគម្រោង ខ្ញុំដឹង មានគម្រោងដាក់ស្នើទៅ តែមិនទាន់មានការសម្រេច ដោយមិនមានការសម្រេច គឺយើងមិនទាន់ហ៊ានថាអ្នកនេះធ្វើត្រង់ខុស ត្រង់នោះខុសទេ ព្រោះមិនទាន់មានការសម្រេច បើមានការសម្រេចហើយយើងអនុវត្តតាមហ្នឹងហើយ ខ្ញុំគ្រាន់ដឹងអ៊ីចឹង”

បើតាមលោក សែស សុខកុសល ប្រជាពលរដ្ឋដែលរស់នៅទីក្រុងភ្នំពេញសព្វថ្ងៃមានចំនួនជិត២លាននាក់និងក្នុងនោះមានជិត៥៦ភាគរយជាប្រជាពលរដ្ឋដែលចំណាកស្រុកពីជនបទមករស់នៅទីក្រុងក្នុងគោលបំណងរកការងារធ្វើនិងបន្តការសិក្សា៕

ផ្ទះ​ពីរ​ខ្នង​របស់​ពលរដ្ឋ​នៅ​ខណ្ឌ​ឫស្សីកែវ​ត្រូវ​អាជ្ញាធរ​រុះរើ​​

ផ្ទះ​ពីរ​ខ្នង​របស់​ពលរដ្ឋ​នៅ​ខណ្ឌ​ឫស្សីកែវ​ត្រូវ​អាជ្ញាធរ​រុះរើ​​

On

ប្រភព; vod សំលេងប្រជាធិបតេយ្យ,ដោយ៖​ ថោ ស៊ីណា​ | ថ្ងៃសុក្រ ទី12 មិថុនា 2015

​យ៉ាងហោច​ណាស់​ផ្ទះ​ពីរ​ខ្នង​របស់​ពលរដ្ឋ នៅ​ខណ្ឌ​ឬ​ស្សី​កែវ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ប្រមាណ​ជាង​១០០ នាក់​ចុះ​រុះរើ នៅ​ថ្ងៃ​សុក្រ​នេះ ដោយ​ម្ចាស់ផ្ទះ​អះអាងថា អាជ្ញាធរ​មិន​បាន​ជូនដំណឹង​ជាមុន​ឡើយ ។​

​អ្នកស្រី ហ៊ុន ហុង ជា​ម្ចាស់​មួយ​ខ្នង​ក្នុង​ចំណោម​នោះ ប្រាប់​អ្នកសារព័ត៌មាន​ទាំង​ទឹកភ្នែក​ហូរ​កាត់​លើ​ថ្ពាល់​ថា អ្នកស្រី​បាន​រស់នៅ​តំបន់​នោះ​តាំង​ឆ្នាំ​១៩៩០ តែ​អាជ្ញាធរ​មិន​បាន​ផ្តល់​សំណង​ឲ្យ​ឡើយ ។ អ្នកស្រី​ថ្លែងថា «​សូម​ឲ្យ​ សម្តេច​លោក​ជួយ​កុំ​ឲ្យ​ពួក​កម្មាភិបាល ធ្វើ​ចំពោះ​ពលរដ្ឋ​ខ្លួនឯង​ដល់​ថ្នាក់​ហ្នឹង មក​រស់នៅ​ម្ភៃ​សាមសិប​ឆ្នាំ​លើ​ហ្នឹងហើយ​» ។​

​ម្ចាស់ផ្ទះ​ម្នាក់ទៀត​គឺ​អ្នកស្រី វិន វណ្ណ​រី អះអាងថា គាត់​បាន​រស់នៅ​លើ​ដី​នោះ​ជាង​៩​ឆ្នាំ​ហើយ ដោយ​មាន​ប័ណ្ណកម្មសិទ្ធិ សៀវភៅ​គ្រួសារ សៀវភៅ​ស្នាក់នៅ ដែល​ទទួលស្គាល់​ពី​អាជ្ញាធរ​មូលដ្ឋាន ។ យ៉ាងណាក៏ដោយ អ្នកស្រី​គាត់ មិន​ជំទាស់​ជាមួយ​គម្រោង​អភិវឌ្ឍន៍​របស់​សាលា​រាជធានី​ទេ តែ​អ្នកស្រី​សុំឲ្យ អាជ្ញាធរ​ផ្តល់​សំណង​មុននឹង​ឈូសឆាយ ។

អភិបាល​ខណ្ឌ​ឫស្សីកែវ លោក ធុយ សា​ខន ឲ្យដឹង​នៅ​កន្លែង​រុះរើ​ផ្ទះ​នោះ​ថា មូលហេតុ​ដែល​អាជ្ញាធរ​ឈូសឆាយ​លំនៅដ្ឋាន​របស់​ប្រជាពលរដ្ឋ​ទាំងនោះ ដោយសារ​ពួកគេ​រស់នៅ​លើ​ដី​រដ្ឋ ហើយ​អាជ្ញាធរ​មិន​ទទួលខុសត្រូវ​ផ្តល់​សង​សំណង​ឡើយ ។ លោក​ថា «​អ្នកណា​ រស់នៅ​ទន្ទ្រាន យាយី រំលោភ​មកលើ​សម្បត្តិ​សាធារណៈ អ្នក​នោះ​ត្រូវតែ​មាន​ទោស​ថែម​ទៀត បញ្ហា​ហ្នឹង​ព្រោះ​វា​ធ្វើឲ្យ​ខូច​ប្រយោជន៍​សាធារណៈ អាជ្ញាធរ​មាន​តួនាទី​មួយ​បម្រើឲ្យ​ផលប្រយោជន៍​សាធារណៈ មិន​បាន​បម្រើ​ផលប្រយោជន៍​ឲ្យ​ក្រុម​ពួក​តូច​ណាមួយ​បាន​ទេ​» ។​

​អ្នកឃ្លាំមើល​ការរំលោភ​សិទិ្ធមនុស្ស​នៅ​អង្គការ​លីកាដូ លោក ឆេង សុភ័ស្ត លើកឡើងថា ការដែល​អាជ្ញាធរ​ដាក់​កម្លាំង​ចុះ​រុះរើ​ផ្ទះ​របស់​ប្រជាពលរដ្ឋ ដោយ​មិន​បាន​ជូនដំណឹង គឺជា​ការរំលោភ​លើ​ច្បាប់រដ្ឋធម្មនុញ្ញ និង​រំលោភ​លើ​សិទ្ធិ​ពលរដ្ឋ​យ៉ាងធ្ងន់ធ្ងរ ។ លោក​ថា «​ប្រសិនបើ​យើង​ រុះរើ​ផ្ទះ​គាត់​អ៊ីចឹង ខ្ញុំ​គិតថា វា​អយុត្តិធម៌​សម្រាប់​គ្រួសារ​គាត់ បើទោះបីជា​គាត់​រស់នៅ​របៀប​ណាក៏ដោយ ការរស់នៅ​របស់​គាត់​ដែល​យើង​មើល​ទៅ​ថា​រស់នៅ​លើទឹក​ភក់​ក៏ដោយ ក៏​ប៉ុន្តែ​នេះ​ជា​កាតព្វកិច្ច​របស់​យើង​ដែល​ជា​ឪពុក​ម្តាយ មានន័យថា​យើង​ជា​អាជ្ញាធរ​ដែនដី យើង​គួរ​គប្បី​ហាម​គាត់​ពីដំបូង មិនគួរ​ដល់​ពេល​គាត់​ធ្វើ​ផ្ទះ​ហើយ បាន​យើង​ទៅ​រុះរើ​ផ្ទះ​គាត់​ដូច​ហ្នឹង​ទេ​» ។​

ពលរដ្ឋ​នៅ​ម្តុំ​នោះ​ឲ្យ​ដឹងថា ការផ្តល់​សំណង​នៃ​គម្រោង​ស្តារ​ប្រព័ន្ធ​លូ​របស់​សាលា​រាជធានី​ភ្នំពេញ មន្ត្រី​របស់​សាលាខណ្ឌ​ឫស្សីកែវ ធ្វើឡើង​ដោយ​តម្លាភាព​ទេ ។ ពួក​គេ​អះអាង​ថា ពលរដ្ឋ​ខ្លះ​មាន​ទំហំ​ក្បាល​ផ្ទះ​តែ​៣​ម៉ែត្រ ទទួលបាន​សំណង ២៥០០​ដុល្លារ ទៅ​៣០០០​ដុល្លារ …