19-5-009

តម្រូវ​ការ​ប្រើ​ប្រាស់​ផ្សារ​ទំនើប​​ កើន​ឡើង​នៅ​រាជធានី​ភ្នំពេញ

ប្រភព ៖ ភ្នំពេញបុស្តិ៍

តម្រូវការប្រើប្រាស់ផ្សារទំនើបនានានៅរាជធានីភ្នំពេញបានកើនឡើង៣ភាគរយ ក្នុងត្រីមាសទី១ ឆ្នាំនេះធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមការសិក្សារបស់ក្រុមហ៊ុន ប៊ុណ្ណា រៀលធីគ្រុប។

យោងតាមលទ្ធផលបឋមនៃការសិក្សារបស់ក្រុមហ៊ុនប៊ុណ្ណា ដែលបានបញ្ចប់កាលពីពេលថ្មីៗនេះបានរកឃើញថា តម្រូវការប្រើប្រាស់ផ្សារទំនើប បានកើនឡើងពី ៧៩ ភាគរយ កាលពីត្រីមាសទី ១ ឆ្នាំមុន ដល់ ៨២ ភាគរយ នៅដំណាច់ត្រីមាសទី ១ ឆ្នាំនេះ ផ្ទុយទៅវិញទំហំផ្សារទំនើបដែលនៅសល់បានកើនឡើងពី ២១ ដល់ ២៦ ភាគរយ ក្នុងរយៈពេលដូចគ្នានេះ ដោយសារការផ្គត់ផ្គង់កើនឡើងខ្លាំង។

ការសិក្សាដដែលបានរកឃើញថា ចំនួនផ្សារទំនើបនៅរាជធានីភ្នំពេញមានចំនួន៣៤គម្រោងក្នុងនោះគម្រោងកម្រិតA មានចំនួន១២គម្រោង គម្រោងកម្រិត B មានចំនួន ១០ គម្រោង និងគម្រោងកម្រិត C មានចំនួន ២ គម្រោង។

លោក ប៉ែន សុខគា នាយកផ្នែកវាយតម្លៃនៃក្រុមហ៊ុនប៊ុណ្ណា រៀលធីគ្រុប បានថ្លែងឲ្យដឹងថា ៖ «កំណើននៃតម្រូវការប្រើប្រាស់ផ្សារទំនើបដោយសារកត្តាមួយចំនួនដូចជា កំណើនប្រជាសាស្ត្រ កំណើនប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ លក្ខខណ្ឌនៃការទិញទំនិញ និងការបញ្ចុះអត្រាការប្រាក់របស់មីក្រូហិរញ្ញវត្ថុកំពុងជះឥទ្ឋិពលដល់ដំណើរការនេះ»។

លោកបន្តថា ៖ «ការបន្ថយអត្រាការប្រាក់របស់រដ្ឋាភិបាល អាចជួយឲ្យប្រជាពលរដ្ឋអាចលៃលករកប្រាក់ចំណាយបាន ហើយការទិញបង់រំលស់កាន់តែងាយស្រួលក៏កំពុងជំរុញកំណើននៃការលក់ផងដែរ»។

នាយកប្រតិបត្តិផ្សារទំនើបរតនាផ្លាហ្សាលោក ជ សាំង បានឲ្យដឹងថា តម្រូវការប្រើប្រាស់តូចបានកើនឡើងនៅឆ្នាំនេះ ដោយអត្រាប្រើប្រាស់សរុបបានកើនឡើងរហូតដល់ ៩៥ ភាគរយ នាឆ្នាំនេះ ដោយសារការកើនឡើងរបស់អតិថិជននៅទីក្រុងភ្នំពេញ ដែលនិយមមកលេងកម្សាន្ត និងញុំាអាហារនៅតាមភោជនីយដ្ឋាននានាក្នុងផ្សារទំនើបនេះ។

លោកបន្តថា ៖ «ខ្ញុំសង្កេតឃើញកម្លាំងទិញ ពីប្រជាពលរដ្ឋនៅតែរក្សាសភាពទ្រឹង ព្រោះផ្សារទំនើបភាគច្រើនលក់ដាច់ជាងគេ លើផ្នែកចំណីអាហារ និងការកម្សាន្ត»។

តាមគម្រោងផ្សារទំនើបធំៗចំនួនពីរទៀត នឹងបើកដំណើរការនៅឆ្នាំនេះ គឺផ្សារទំនើបក្នុងអគារ Exchange Square និងផ្សារទំនើប Parkson Mall ស្ថិតនៅតាមមហាវិថីសហព័ន្ឋរុស្ស៊ី។

អ្នកនាង អាន សុធីតា នាយិកាក្រុមហ៊ុនអចលនទ្រព្យលំដាប់ពិភពលោក CBRE Cambodia បានថ្លែងថា ទោះបីជាមានការផ្គត់ផ្គង់ផ្សារទំនើបថ្មីៗក្តី ប៉ុន្តែដោយសារតម្រូវការកើនឡើងបានធ្វើឲ្យការផ្គត់ផ្គង់ និងតម្រូវការ មានភាពសមតុល្យនឹងគ្នា ហើយនិន្នាការដើរផ្សាររបស់ប្រជាពលរដ្ឋខ្មែរបាននិងកំពុងផ្លាស់ប្តូរ ដែលពីមុនពួកគេនិយមដើរផ្សារតាមបែបប្រពៃណី មកពេញនិយមក្នុងការដើរផ្សារទំនើប និងផ្សារមានស្តង់ដារអន្តរជាតិ ចាប់តាំងពីមានវត្តមានផ្សារទំនើប EAON ចូលមកដល់។

អ្នកនាងបន្តថា ៖ «ជាមួយនឹងការកើនឡើងនូវការផ្គត់ផ្គង់នេះ នៅខែមិថុនាខាងមុខផ្សារទំនើបក្នុងគម្រោង Exchange Square នឹងបើកដំណើរការដែលជាផ្សារទំនើបលំដាប់អន្តរជាតិមួយទៀតនៅទីក្រុងភ្នំពេញ»។

អ្នកនាងបន្តថា ៖ «ផ្សារទំនើបនេះនឹងលក់ផលិតផលល្បីៗដែលមានប៊្រេនដ៍ពីផ្សារ AEON Mall និងប៊្រេនដ៍នាំចូលថ្មីៗបន្ថែមទៀត ព្រោះកម្លាំងទិញរបស់ប្រជាពលរដ្ឋខ្មែរមានការកើនឡើង»។

ផ្សារទំនើបក្នុងគម្រោង Exchange Square មានទំហំសរុប ៨ ០០០ ម៉ែត្រការ៉េ និងលក់ផលិតផលចម្រុះដូចជា សម្លៀកបំពាក់ រោងភាពយន្ត ផលិតផលអាហារ និងភេសជ្ជៈជាដើម។ «រហូតមកទល់ពេលនេះ ស្តង់ក្នុងផ្សារទំនើបនេះ បានទទួលការកក់អស់ ៦៥ ភាគរយហើយ និងអគារការិយាល័យក្នុងគម្រោងនេះដែលមានទំហំ ២៨ ០០០ ម៉ែត្រការ៉េ ក៏ទទួលបានការកក់អស់ ៥៥ ភាគរយផងដែរ» នេះបើតាមការបញ្ជាក់របស់អ្នកនាង សុធីតា។

អ្នកនាង សុធីតា បានបន្តថា ៖ «កម្ពុជានៅមានតម្រូវការផ្សារទំនើបបន្ថែមទៀត ដោយសារទំហំផ្សារទំនើបនៅរាជធានីភ្នំពេញ នៅទាបនៅឡើយធៀបជាមួយប្រទេសថៃ»៕

Leave a Reply