28-6-023

រដ្ឋ​ និង​ឯកជន​ផ្ដើម​សិក្សា​គម្រោង​លំនៅឋាន​ថ្មី​ ៥ ​ម៉ឺន​ខ្នង​ផ្ទះ​ក្នុង​ ១ ​ឆ្នាំ​សម្រាប់​អ្នក​ចំណូល​ទាប​ និង​មធ្យម

ប្រភព ៖ ភ្នំពេញបុស្តិ៍

មន្ត្រី និងអ្នកជំនាញអះអាងថាកម្ពុជាត្រូវការលំនៅឋានថ្មីប្រមាណជា ៥ ម៉ឺនខ្នងផ្ទះក្នុងមួយឆ្នាំសម្រាប់អ្នករស់នៅទីប្រជុំជនទូទាំងប្រទេស ដែលគម្រោងលំនៅឋាននេះនឹងមានតម្លៃសមរម្យតែចាំបាច់ត្រូវការកិច្ចសហការគ្នារវាងវិស័យរដ្ឋ និងឯកជន។

ថ្លែងក្នុងវេទិកាលំនៅឋានថ្នាក់ជាតិកាលពីម្សិលមិញ លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីបានលើកឡើងថាក្នុងឆ្នាំ ២០១៤ ចំនួនប្រជាពលរដ្ឋរស់នៅទីប្រជុំជននៅទូទាំងប្រទេសកម្ពុជាមានចំនួន ៤,៥ លាននាក់ ហើយចំនួននេះនឹងកើនដល់ជាង ៧,៩ លាននាក់នៅឆ្នាំ ២០៣០។ លោកបន្តថាគិតចាប់ពីឆ្នាំ ២០១៥ ដល់ឆ្នាំ ២០៣០ ប្រជាជនកម្ពុជាដែលរស់នៅក្នុងតំបន់ទីប្រជុំជនត្រូវការលំនៅឋានថ្មីចំនួន ៨០ ម៉ឺនខ្នងផ្ទះដោយក្នុងមួយឆ្នាំត្រូវការលំនៅឋានថ្មីប្រហែល ៥ ម៉ឺនខ្នងផ្ទះ។

លោកថ្លែងថាក្រសួងកំពុងជំរុញ និងគាំទ្រការអភិវឌ្ឍលំនៅឋានជាពិសេសការអភិវឌ្ឍលំនៅឋានដែលមានតម្លៃសមរម្យសម្រាប់មន្ត្រីរាជការ និងអ្នកមានចំណូលទាប និងមធ្យមដើម្បីធានាការអភិវឌ្ឍប្រកបដោយសមធម៌។

លោក សុផារ៉ា ថ្លែងបន្តថា៖ «រាជរដ្ឋាភិបាលកំពុងជំរុញដោះស្រាយការតាំងទីលំនៅបណ្តោះអាសន្នរបស់ប្រជាពលរដ្ឋនៅតាមទីតាំងនានាតាមរយៈការអនុវត្តសារាចរណ៍ស្តីពីការដោះស្រាយសំណង់បណ្តោះអាសន្នលើដីរបស់រដ្ឋដែលត្រូវបានកាន់កាប់ដោយខុសច្បាប់តាមរាជធានី ទីប្រជុំជន និងទីក្រុងក្រសួងក៏បាន និងកំពុងយកចិត្តទុកដាក់កសាងផ្ទះជូនកងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋក្រីក្រតាមរយៈកម្មវិធីដីសង្គមកិច្ច»។

ចំណែកស្ថាបនិកវិទ្យាស្ថានកម្ពុជាសម្រាប់ការសិក្សាទីក្រុងលោក ទេព ម៉ាកាធី លើកឡើងក្នុងវេទិកានោះដែរថាប្រជាពលរដ្ឋដែលចំណាកស្រុកមកកាន់ទីប្រជុំជនភាគច្រើនគឺដើម្បីឱកាសការងារក្នុងចំណោមប្រជាពលរដ្ឋចំណាកស្រុកមាន ៥០ ភាគរយមកកាន់ទីក្រុងភ្នំពេញ។

លោកបន្តថាដោយសារពួកគាត់ជាអ្នកចំណាកស្រុកហើយជាអ្នកដែលគ្មានជំនាញ ឬមានជំនាញតិចតួចនាំឲ្យចំណូលរបស់គាត់ទាប និងមានលទ្ធភាពតិចតួចក្នុងការទិញផ្ទះក្នុងទីក្រុង។

លោកបន្តថាបញ្ហាលំនៅឋានតម្លៃសមរម្យនេះទាមទារឲ្យមានការចូលរួមទាំងវិស័យឯកជន និងរដ្ឋសហការគ្នា។

លោក ម៉ាកាធី បន្តថា៖ «វាពិបាកណាស់ក្នុងការលែងដៃឲ្យវិស័យឯកជនជាអ្នកដឹកនាំក្នុងការធ្វើ…ដែលជាអ្នករកផលចំណេញតាមយោបល់ផ្ទាល់ខ្លួនរបស់ខ្ញុំទាមទារឲ្យមានអ្នកសម្របសម្រួលមួយខ្លាំងហើយគ្មានអ្នកណាក្រៅពីរដ្ឋាភិបាលទេ បញ្ហាលំនៅឋានសម្រាប់អ្នកមានចំណូលទាបនេះជាបញ្ហាជាក់ស្តែង ជាបញ្ហាសង្គម…គឺរដ្ឋាភិបាលត្រូវដើរតួនាទីសំខាន់ណាស់តាំងពីរបបគោលនយោបាយយុទ្ធសាស្ត្រ…តែក៏ទាមទារឲ្យវិស័យដទៃទៀតចូលរួម និងជួយ ឧទាហរណ៍ថាធនាគារអាចគិតបានទេថាបើយកការប្រាក់ ១០ ទៅ ១១ ភាគរយ ហើយអ្នកមានចំណូលទាបអាចជួយគាត់បានទេត្រឹម (ការប្រាក់) ៥ ភាគរយ ៦ ភាគរយយើងត្រូវដឹងខ្លួនទាំងអស់គ្នាថារឿងហ្នឹងធ្វើបានទេ?»។

ចំណែកអ្នកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុនអចលនទ្រព្យ Worldbridge Homes Co., Ltd លោក យុ សុទ្ធិរិទ្ធ លើកឡើងថាទន្ទឹមនឹងរដ្ឋាភិបាលមាននូវគោលនយោបាយជាតិស្តីពីលំនៅឋាន និងសារាចរមួយចំនួនហើយរដ្ឋាភិបាលក៏គួរពិចារណាវិនិយោគការតភ្ជាប់មធ្យោបាយដឹកជញ្ជូនសាធារណៈពីតំបន់លំនៅឋានតម្លៃសមរម្យមកកាន់ទីក្រុងដោយថាបច្ចុប្បន្នបញ្ហាចរាចរណ៍ក្នុងទីក្រុងពិបាកក្នុងការធ្វើដំណើរចេញចូលក្នុងក្រុង។

លោកបន្តថារដ្ឋាភិបាលក៏មានការលើកទឹកចិត្តផ្សេងទៀតដល់ក្រុមហ៊ុនឯកជនលើការអនុគ្រោះពន្ធលើសម្ភារនាំចូលមួយចំនួនដើម្បីឲ្យតម្លៃសាងសង់ចំណាយតិចជាដើមមិនត្រឹមតែប៉ុណ្ណោះលោកថាដើម្បីឲ្យគម្រោងនេះកាន់តែមានប្រសិទ្ធភាពវិស័យឯកជនផ្សេងទៀតដូចជាធនាគារជាដើមក៏គួររួមចំណែកដូចគ្នា។

លោកមានប្រសាសន៍ថា៖ «យើងជាវិស័យឯកជនព្យាយាមរកមធ្យោបាយក្នុងការបន្ថយតម្លៃសាងសង់ ប៉ុន្តែទន្ទឹមនឹងហ្នឹងបើមានការបន្ធូរបន្ថយពន្ធពីខាងរដ្ឋពីការនាំចូលអីវ៉ាន់សាងសង់ក៏ចូលរួមកាត់បន្ថយការចំណាយរបស់ (អ្នកទិញ) ហើយសំខាន់គឺទាក់ទងនឹងវិស័យហិរញ្ញប្បទានបើមានតែខាងអ្នកអភិវឌ្ឍន៍យើងតែឯងទៅអត់រួចទេ…ខាងធនាគារហ្នឹងក៏ទាមទារឲ្យរួមចំណែកដែរទាក់ទងនឹងអត្រាការប្រាក់រយៈពេលខ្ចី និងបែបបទនៃការខ្ចីឲ្យបានស្រួល…ទាក់ទងនឹងបញ្ហាទាំងអស់នេះយើងធ្វើយ៉ាងម៉េចឲ្យមានសហគមន៍មួយដែលខ្លាំង អ៊ីចឹងទាមទារឲ្យមានការដោះស្រាយបញ្ហាប្រឈមទាំងនេះ»។

ទាក់ទងនឹងបញ្ហាលំនៅឋាននេះអគ្គនាយកនៃអគ្គនាយកដ្ឋានលំនៅឋាននៃក្រសួងដែនដី លោក បេងហុង សុជាតិ ខេមរ៉ូ ថ្លែងថារដ្ឋាភិបាលកំពុងតែពិភាក្សាលើគោលនយោបាយលើកទឹកចិត្តស្តីពីលំនៅឋានសមរម្យនេះ។ ថាតើគួរមានគោលនយោបាយលើកទឹកចិត្តសម្រាប់ប្រជាពលរដ្ឋដែលជាអតិថិជន និងគោលនយោបាយដទៃទៀតសម្រាប់អ្នកអភិវឌ្ឍន៍លំនៅឋានដែលរួមមានក្រុមហ៊ុនឯកជន អង្គការជាតិ និងអន្តរជាតិដែលមានបំណងចូលរួមក្នុងការកសាងទីផ្សារលំនៅឋានមានតម្លៃសមរម្យនេះ៕

Leave a Reply