11111111111

ចាប់ផ្តើម​បិទ​ស្ពាន​ជ្រោយចង្វារ នៅ​ថ្ងៃ​០១​ តុលា …

ប្រភព ៖ កោះសន្តិភាព

យោងតាមសេចក្តីជូនដំណឹងរបស់អង្គការ JICA ជប៉ុន ចុះថ្ងៃទី២៦ កញ្ញា បានឱ្យដឹងថា ស្ពានមិត្តភាពកម្ពុជា-ជប៉ុន (ស្ពានជ្រោយចង្វាចាស់) នឹងត្រូវបិទជាបណ្តោះអាសន្នចាប់ពីថ្ងៃទី១ តុលា ខាងមុខនេះ ដើម្បីធ្វើការជួសជុលស្តារឡើងវិញ។ ចរាចរណ៍ទ្វេទិសឆ្លងកាត់ទន្លេនឹងប្រព្រឹត្តទៅតែនៅលើស្ពានមិត្តភាពកម្ពុជា-ចិនតែមួយប៉ុណ្ណោះ ។

មានការរំពឹងទុកថា ចរាចរណ៍អាចនឹងមានការកកស្ទះខ្លាំងនៅបរិវេណជុំវិញការដ្ឋានសាងសង់ ជាពិសេសនៅត្រង់ចំណុចរង្វង់មូលស្ពានទាំងសងខាង (រង្វង់មូលកួចកាណុង និងរង្វង់មូលព្រហ្មមុខបួន) ។ ក្រសួងសាធារណការ និងដឹកជញ្ជូន និងរដ្ឋបាលរាជធានីភ្នំពេញ ដោយមានកិច្ចសហការជាមួយទីប្រឹក្សាបច្ចេកទេសជប៉ុន នឹងបន្តកិច្ចខិតខំប្រឹងប្រែងជាអតិបរមា ដើម្បីគ្រប់គ្រងស្ថានភាពចរាចរណ៍ក្នុងកំឡុងពេលនៃការជួសជុលស្ពាន ដើម្បីកាត់បន្ថយកម្រិតអប្បបរមានូវរាល់ផលប៉ះពាល់ទាំងឡាយណាដែលបង្កការរំខានដល់ការធ្វើចរាចរណ៍របស់អ្នកដំណើរ និងយានយន្តដែលធ្វើដំណើរឆ្លងកាត់តំបន់នេះ ក៏ដូចជាការបញ្ចៀសការកកស្ទះដោយការដាក់ចេញនូវវិធានការមួយចំនួនដូចជាការកែតម្រូវចំណុចរង្វង់មូលស្ពានទាំងសងខាងការរៀបចំគំនូសប្លង់បង្ហាញទិសដៅប្រព័ន្ធចរាចរណ៍ ការផ្តល់នូវដំណោះស្រាយសម្រាប់ការពង្វាងចរាចរណ៍ និងការចែករំលែកព័ត៌មានទាក់ទងនឹងផ្លូវវាងផ្សេងទៀតជាដើម ។ល។

តាមសេចក្តីប្រកាសឱ្យដឹងទៀតថា ក្រសួងសាធារណការនិងដឹកជញ្ជូន និងរដ្ឋបាលរាជធានីភ្នំពេញបានសុំការអធ្យាស្រ័យ និងយោគយល់ពីសំណាក់ប្រជាពលរដ្ឋចំពោះការរំខានទាំងឡាយណាដែលនឹងកើតមានក្នុងកំឡុងពេលនៃការជួសជុលស្ពាននេះ ។ ហើយក៏សូមថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅផងដែរចំពោះការយោគយល់ និងកិច្ចសហប្រតិបត្តិការរបស់ប្រជាពលរដ្ឋទាំងអស់ ហើយបើអាចសូមចៀសវាងការធ្វើដំណើរទៅកាន់ទីតាំងរង្វង់មូលស្ពាន ជាពិសេសនៅក្នុងម៉ោងមមាញឹក ។

សូមជម្រាបផងដែរថា ការស្តារឡើងវិញស្ពានជ្រោយចង្វាចាស់នេះ គឺជាការឆ្លើយតបទៅនឹងសំណើសុំបន្ទាន់របស់រាជរដ្ឋាភិបាលកម្ពុជាទៅកាន់រដ្ឋាភិបាលជប៉ុន ដោយហេតុថា ស្ពាននេះមានសភាពទ្រុឌទ្រោមខ្លាំង ដែលមិនមានសុវត្ថិភាពសម្រាប់ការដឹកជញ្ជូនសាធារណៈឆ្លងកាត់ទន្លេ ។ គម្រោងជួសជុលស្តារឡើងវិញនេះត្រូវបានគាំទ្រដោយហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុនក្នុងទឹកប្រាក់ចំនួន៣.៣៤៣លានយ៉េន ប្រមាណជា៣៣លានដុល្លារអាមេរិក ។ ការជួលជុលស្តារឡើងវិញនៃស្ពាននេះនឹងប្រើរយៈពេលប្រមាណជា២១ខែ រហូតដល់ខែមិថុនា ឆ្នាំ២០១៩ ៕

Leave a Reply