5-5-007

ផ្លូវ​មួយ​ចំនួន​នៅ​ភ្នំពេញ​នឹងហាម​មិន​ឲ្យឃោស​នាបោះ​ឆ្នោត

ប្រភព ៖ VOD

សាលារាជធានីភ្នំពេញឲ្យដឹងថា មហាវិថីមួយចំនួននៅក្នុងរាជធានីភ្នំពេញ នឹងមិនត្រូវបានអនុញ្ញាត្តិឲ្យធ្វើការឃោសនាបោះឆ្នោតនោះទេ ដោយថា ការឃោសនាទាំងនោះ អាចនាំឲ្យមានការកកស្ទះចរាចរណ៍នៅពេលហែក្បូន។

អ្នកនាំពាក្យសាលារាជធានីភ្នំពេញលោក ម៉េត មាសភក្តី បានឲ្យវីអូឌីដឹងនៅរសៀលថ្ងៃទី៤ខែឧសភានេះថា សាលារាជធានីភ្នំពេញបានដាក់លិខិតស្នើទៅកាន់គណកម្មាធិការជាតិរៀបចំការបោះឆ្នោត ដើម្បីសុំឲ្យគោលការណ៍ពីគណកម្មាធិការជាតិ ដើម្បីហាមមិនឲ្យមានការឃោសនាបោះឆ្នោតនៅលើមហាវិថីសំខាន់ៗ និងផ្លូវមួយចំនួនដើម្បីបញ្ជៀលនូវការកកស្ទះចរាចរណ៍។

លោកបានឲ្យដឹងថា មហាវិថីមួយចំនួននោះមានដូចជា មហាវិថីនរោត្តម មហាវិថីសហព័ន្ធរុស្ស៊ី និងផ្លូវជុំវិញផ្សារនានានៅរាជធានីភ្នំពេញ។

លោកថា៖ « ព្រោះយើងដឹងហើយថាទោះបីជាមិនមានក្បូននៃយុទ្ធនាការឃោសនាបោះឆ្នោត យើងទទួលស្គាល់ថាក្រុភ្នំពេញរបស់យើងនេះកំពុងប្រឈមនឹការកកស្ទះចរាចរណ៍ថ្ងៃធម្មតាយើងគ្រាន់តែជិះចូលទៅក្នុងផ្សារតំបន់ដែលខ្ញុំនិយាយអំបាញ់មិញនេះក៏វាមានការកកស្ទះរួចទៅហើយ »

ទោះជាយ៉ាងណាលោកថា ការស្នើនេះ នៅមិនទាន់មានការឆ្លើយតបជាយ៉ាងណានោះទេពីគ.ជ.ប។

គួរបញ្ជាក់ផងដែរថាការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់សម្រាប់អណត្តិទី៤ឆ្នាំ២០១៧ នេះនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី២០ឧសភា ដល់ថ្ងៃទី២មិថុនាឆ្នាំ២០១៧។ ចំណែកឯការបោះឆ្នោតនឹងប្រព្រឹត្តទៅថ្ងៃទី៤មិថុនាឆ្នាំ២០១៧៕

Leave a Reply