អ្នក​ពាក់​ព័ន្ធ​ពិភាក្សា​ពី​ការ​ធ្វើ​ផ្លូវ​នៅ​តំបន់​អភិវឌ្ឍន៍​ជ្រោយ​ចង្វារ
Posted On : ធ្នូ, 18, 2014 | By សំឡេងទីក្រុង

ដោយ​ ភ្នំពេញប៉ុស្ដិ៍ ថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ​២០១៤

ភ្នំពេញៈ អាជ្ញាធរ ខណ្ឌ​ជ្រោយចង្វារ ពលរដ្ឋ​និង​ក្រុម​ហ៊ុន អូស៊ីអាយស៊ី (OCIC) កាល​ពី​ព្រឹក​ម្សិល​មិញ បាន​បើក​កិច្ច​ប្រជុំ​មួយ​ធ្វើ​ការ​ពិភាក្សា​លើ​គម្រោង​សាង​សង់​ផ្លូវ​មួយ​ ខ្សែ ដែល​រត់​ស្រប​គ្នា​ជាមួយ​ផ្លូវ​ជាតិ​លេខ ៦ និង​ផ្លូវ ៨ ខ្សែ​ផ្សេង​ទៀត​នៅ​ក្នុង​តំបន់​គម្រោង​អភិវឌ្ឍន៍​ទីក្រុង​រណប​ជ្រោយ​ចង្វារ។

កិច្ច​ប្រជុំ​នេះ មាន​ការ​ចូល​រួម​ពី​ប្រជា​ពលរដ្ឋ​ប្រមាណ​ជាង ២០០ គ្រួសារ​ដែល​មាន​ផ្ទះ​និង​ដី​លំនៅឋាន​ជាប់​ឬ​នៅ​ក្នុង​តំបន់​អនុវត្ត​គម្រោង ដែល​មិន​ទាន់​ត្រូវ​បាន​ដោះ​ស្រាយ​ផង​ដែរ។

លោក ណន អូនី មន្ត្រី​សម្រប​សម្រួល​ផ្នែក​ច្បាប់​នៃ​ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅឋាន ដែល​បាន​ចូល​រួម​ស្ដាប់​ក្នុង​កិច្ច​ប្រជុំ​នោះ​បាន​ឲ្យ​ដឹង​ថា គម្រោង​សាង​សង់​ផ្លូវ​មួយ​ខ្សែ​ស្រប​តាម​បណ្ដាយ​ផ្លូវ​ជាតិ​លេខ ៦ និង​ដែល​ស្ថិត​នៅ​ចំណុច​កណ្ដាល ផ្ទៃ​ដី​នៃ​គម្រោង​អភិវឌ្ឍន៍​នោះ គឺ​មាន​ការ​គាំទ្រ​ពី​ពលរដ្ឋ​យ៉ាង​ពេញ​ទំហឹង​ដោយ​ពួក​គាត់​យល់​ថា នៅ​ពេល​ផ្លូវ​នោះ​កើត​ចេញ​ជា​រូបរាង វា​នឹង​បាន​ជា​ប្រយោជន៍​សម្រាប់​ទាំង​អស់​គ្នា។

លោក​បន្ត​ថា៖ «ទោះ​ជា​បែប​ណា​ក្ដី ទំហំ​និង​ប្រវែង​ផ្លូវ​មួយ​ខ្សែ​ថ្មី​នេះ ព្រម​ទាំង​សំណង​នៃ​ផល​ប៉ះពាល់​មិន​ត្រូវ​បាន​គេ​លើក​យក​មក​ពិភាក្សា ឬ​ប្រាប់​ឲ្យ​ដឹង​នោះ​ទេ»។

តំណាង​ពលរដ្ឋ​ក្នុង​សហគមន៍​ព្រែក​លៀប លោក ឆេង យឿន ដែល​បាន​ចូល​រួម​នៅ​ក្នុង​កិច្ច​ប្រជុំ​នោះ​បាន​និយាយ​ថា នៅ​ក្នុង​គម្រោង​ស្ថាបនា​ផ្លូវ​ថ្មី​នេះ គឺ​ភាគី​ក្រុម​ហ៊ុន ក៏​ដូចជា​អាជ្ញាធរ​បាន​គ្រោង​កំណត់​យក ១០០ ម៉ែត្រ​វាស់​ចេញ​ពី​អ័ក្ស​ផ្លូវ​ជាតិ​លេខ ៦ មក​ភាគ​ខាង​លិច ដែល​ជា​ទីតាំង​ដី​នៃ​គម្រោង​អភិវឌ្ឍន៍​ប៉ុន្តែ​ក្នុង​គម្លាត​នេះ​មិន​ទាន់​ មាន​ការ​ឯកភាព​គ្នា​នៅ​ឡើយ​ទេ។

លោក​ថ្លែង​ថា៖ «ពលរដ្ឋ​យើង​ខ្ញុំ​ឯកភាព​ចំពោះ​គម្រោង​អភិវឌ្ឍន៍​ផ្លូវ​មួយ​ខ្សែ​ថ្មី​នេះ​ ប៉ុន្តែ សូម​ឲ្យ​មាន​ការ​វាស់​វែង និង​សិក្សា​វាយ​តម្លៃ​ពី​ផល​ប៉ះពាល់​ព្រម​ទាំង​សំណង​ជា​មុន​សិន មុន​ពេល​ចាប់​ផ្ដើម​ដំណើការ​ឈូស​ឆាយ​ដី»។

ពាក់​ព័ន្ធ​ទៅ​នឹង​បញ្ហា​នេះ ទាំង​ក្រុម​ហ៊ុន និង​អាជ្ញាធរ​បាន​អះអាង​ថា នឹង​ខិត​ខំ​រិះរក​គ្រប់​មធ្យោបាយ​ដើម្បី​កាត់​បន្ថយ​ផល​ប៉ះពាល់​ឲ្យ​ស្ថិត​ មក​រក​កម្រិត​តិច​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ដោយ​ធានា​ថា នឹង​មិន​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​ស្រក់​ទឹក​ភ្នែក​ដូច​នៅ​តំបន់​បុរីកីឡា និង​បឹងកក់​នោះ​ឡើយ។

លោក ឃ្លាំង ហួត អភិបាល ខណ្ឌ​ជ្រោយចង្វារ បាន​ថ្លែង​ថា ការ​សាង​សង់​ផ្លូវ​ថ្មី​ស្រប​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ ៦ និង​ផ្លូវ​កាត់​ទទឹង​ចំនួន ៨ ខ្សែ​ទៀត​ក្នុង​តំបន់​អភិវឌ្ឍន៍​ទីក្រុង​រណប​ជ្រោយ​ចង្វារ គឺ​ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ចរាចរណ៍។

លោក​បន្ត​ថា៖ «យើង​មិន​ទាន់​ដឹង​ច្បាស់​ថា តើ​ក្រុម​ហ៊ុន​អាច​ជួយ​ស្ថាបនា​ផ្លូវ​មួយ​ខ្សែ​ថ្មី​នេះ​បាន​ក្នុង​កម្រិត​ ណា​ទេ ប៉ុន្តែ​យើង​ចង់​បាន​ទំហំ​ធំ​និង​បណ្ដោយ​កាន់​តែ​វែង​កាន់​តែ​ល្អ»។

លោក​បាន​បញ្ជាក់​ថា៖ «ប្រសិន​បើ​ការ​វាស់​វែង​រួច​រក​ឃើញ​ថា មាន​ផល​ប៉ះ​ពាល់​លំនៅឋាន​ពលរដ្ឋ​ច្រើន​នោះ ក្រុម​ហ៊ុន​និង​អាជ្ញាធរ​រាជធានី​អាច​នឹង​កំណត់​គោល​ដៅ​ថ្មី ដែល​អាច​នឹង​កំណត់​យក​គម្លាត​លើស​ពី ១០០ ម៉ែត្រ​ចេញ​ពី​អ័ក្ស​ផ្លូវ​ជាតិ​លេខ ៦»។

លោក ទូច សំណាង តំណាង​ក្រុម​ហ៊ុន OCIC បាន​ថ្លែង​កាល​ពី​ម្សិល​មិញ​ថា ផ្លូវ​ស្រប​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ ៦ នោះ​ក្រុម​ហ៊ុន គ្រោង​នឹង​ស្ថាបនា​ក្នុង​ទំហំ ១៥ ម៉ែត្រ គិត​ទាំង​ចិញ្ចើម​ផ្លូវ ២,៥ ម៉ែត្រ​អម​សង​ខាង​ផ្លូវ​និង​មាន​បណ្ដោយ​ជាង ៦០០០ ម៉ែត្រ៕

 

សំឡេងទីក្រុង!

សំឡេងទីក្រុង!