SGPD ចំណាយ​ប្រាក់​ ១០០ ​លាន​ដុល្លារ​សង់​អគារ​ The Skyline
Posted On : March, 26, 2015 | By សំឡេងទីក្រុង

ដោយ៖ ស៊ីវ ម៉េង, ភ្នំពេញប៉ុស្ដិ៍,  ថ្ងៃទី២៦ខែមីនា ឆ្នាំ២០១៥

ភ្នំពេញ: អគារ​ពាណិជ្ជកម្ម និង​លំនៅឋាន​ប្រកប​ដោយ​ក្តីស្រមៃ និង​មហិច្ឆតា The Skyline ​កម្ពស់​ ៣៩ ​ជាន់​ដែល​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន​វិនិយោគ SGPD Corporation Co., Ltd ក្រោម​ទឹកប្រាក់​​ ១០០ ​លាន​ដុល្លារ ស្ថិត​នៅ​កណ្តាល​រាជធានី​ភ្នំពេញ គ្រោង​នឹង​បង្ហាញ​វត្តមាន​នៅក្នុង​ឆ្នាំ​ ២០១៨​ ខាង​មុខ​នេះ។

លោក​ Justin Yeo នាយកប្រតិបត្តិ​ក្រុមហ៊ុន SGPD Development Co., Ltd សាខា​ប្រទេស​សិង្ហបុរី បាន​និយាយ​ថា ខុនដូ The Skyline និង​ Skyline Mall នឹង​បង្ហាញ​រូបរាង​របស់​ខ្លួន​ជាមួយ​សំណង់​ដែល​មាន​គុណភាព​កម្រិត​ស្តង់ដារ​។ The Skyline នឹង​ក្លាយ​ជា​គម្រោង​អភិវឌ្ឍន៍​ដ៏​ទាន់​សម័យ​មួយ​ដែល​ជួយ​ផ្លាស់ប្តូរ​មុខមាត់​រាជធានី​ភ្នំពេញ​។ ​សកល​ភាវូបនីយកម្ម​ និង​នគរូបនីយកម្ម បាន​ដើរ​តួនាទី​យ៉ាងសំខាន់​ក្នុង​ដំណើរ​​រីកចម្រើន​របស់​រាជធានី​ភ្នំពេញ ស្រប​ពេល​ដែល​តម្រូវការ​លំនៅឋាន​កំពុង​មាន​ការ​កើនឡើង​។

លោក Justin Yeo មាន​ប្រសាសន៍​ថា​៖ «ខ្ញុំ​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា The Skyline នឹង​អាច​ឆ្លើយតប​ទៅ​នឹង​តម្រូវការ​កន្លែង​រស់នៅ​ដែល​មាន​គុណភាព​លំដាប់​អន្តរជាតិ»។

The Skyline ជា​គម្រោង​សាងសង់​​អគារ​កម្ពស់​ ៣៩ ប្រកប​ដោយ​ប្រណីត ភាព​ដោយ​មាន​អគារ​សម្រាប់​ស្នាក់​នៅ​ចំនួន​ ២ ​កម្ពស់​ ២៩ ​ជាន់ ចំណតរថយន្ត​ចំនួន​ ៦ ជាន់ និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ចំនួន​ ៣ ​ជាន់ និង​កន្លែង​​កម្សាន្ត​ ១ ​​​ជាន់​សម្រាប់​អ្នក​រស់​នៅក្នុង​អគារ​។

The Skyline មាន​ទីតាំង​នៅ​ផ្លូវ​លេខ​ ១៣៤ ​​កែង​ជាមួយ​ផ្លូវ​លេខ​ ១៣៧ ក្នុង​សង្កាត់​វាលវង់ ខណ្ឌ​ ៧ ​មករា​។ ទីតាំង​នេះ​ស្ថិត​នៅ​ជិត​ផ្សារធំថ្មី ផ្សារ​ទំនើប​សូរិយា មន្ទីរពេទ្យ សាលារៀន ធនាគារ អគារ​ការិយាល័យវឌ្ឍនៈ កាណាឌីយ៉ា សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង និង​សាកលវិទ្យាល័យ​វិទ្យាសាស្រ្ត​សុខាភិបាល​ផង​ដែរ​។

គម្រោង​អភិវឌ្ឍន៍ The Skyline មាន​ប្រភេទ​ ១ ​បន្ទប់​គេង​ចំនួន​ ៥៦០ ​យូនីត ប្រភេទ​ ២ ​បន្ទប់គេង មាន​ចំនួន​ ២២៤ ​យូនីត ប្រភេទ​ ៣ ​បន្ទប់​គេង មាន​ចំនួន​ ៦ ​យូនីត និង​ប្រភេទ​ ៤ ​បន្ទប់គេង​មាន​ចំនួន​ ២ យូនីត។

លោក​បាន​អះអាង​ថា​​៖«​បើ​ទោះបី​ជា​មិន​ទាន់​បើក​លក់​ជា​ផ្លូវការ​ក៏ដោយ​ក៏​មាន​អតិថិជន​ជនជាតិ​តៃវ៉ាន់​មួយ​ចំនួន​បាន​កក់​រួច​មក​ហើយ​ផង​ដែរ​។ ខ្ញុំ​រីករាយ​ណាស់​ចំពោះ​លទ្ធផល​នេះ ដែល​វា​ជា​ការ​បង្ហាញពី​សញ្ញា​ទីផ្សារ​ដ៏ល្អ​មួយ​។​ ក្នុង​ការ​សាងសង់​គម្រោង​នេះ​ក្រុមហ៊ុន​របស់​យើង​បាន​ផ្តោត​ជា​សំខាន់​ទៅលើ​គុណភាព​សំណង់​»។

លោក វ៉ន ចាន់ថន អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ ថោន ស៊ីធី បាន​និយាយ​ថា ការ​មាន​ខុនដូ​កាន់តែ​ច្រើន​កាន់តែ​ល្អ បច្ចុប្បន្ន​​មាន​ខុនដូ​ខ្លះ​មិន​សូវ​ល្បីឈ្មោះ​ទេ​តែ​លក់​បាន​ជោគជ័យ​ជាង​ខុនដូ​ដែល​ល្បី​ឈ្មោះ​ទៀត​ផង​ដោយសារ​ខុនដូ​មិន​សូវ​ល្បីឈ្មោះ​ស្ថិត​នៅ​ទីតាំង​ល្អ​។

PK 002

ទិដ្ឋភាព​ប្លង់​ឌីហ្សាញ​ផ្នែក​ខាង​ក្នុង​នៃ​គម្រោង The Skyline។ សហការី

លោក​បាន​ប្រាប់​ថា​៖ «​ការផ្គត់ផ្គង់​ខុនដូ​នា​ពេល​នេះ​មិន​លើស​តម្រូវការ​ទេ។ ការ​ដែល​ខ្ញុំ​ហ៊ាន​អះអាង​បែប​នេះ​ព្រោះ​មាន​ហេតុផល​មួយ​ចំនួន​ដូចជា​ចំនួន​ប្រជាជន​បាន​កើនឡើង​ មនុស្ស​វ័យក្មេង​កម្ពុជា​ចាប់អារម្មណ៍​ចំពោះ​ការ​រស់នៅ​តាម​ខុនដូ ចំនួន​ជនបរទេស​ចូល​មក​កម្ពុជា​កាន់តែ​ច្រើន​ និង​ការ​កកស្ទះ​ចរាចរណ៍​ក៏​ជា​ចំណែក​មួយ​ធ្វើឲ្យ​ចំណង់​ចំណូលចិត្ត​នៃ​ការ​រស់នៅ​តាម​ខុនដូ​កើនឡើង​ផងដែរ​»។

លោក ចាន់ថន បន្ត​ថា ខុនដូ​ស្ថិត​នៅ​កណ្តាល​ក្រុង​ដូច Skyline ពិតជា​ល្អ​ណាស់ ព្រោះ​ជនជាតិ​សិង្ហបុរី ជប៉ុន និង​តៃវ៉ាន់ ដែល​មក​កម្ពុជា​ភាគច្រើន​មិនមែន​មក​ធ្វើការ​ឲ្យ​គេ​នោះ​ទេ​ គឺ​ពួកគេ​ភាគច្រើន​ជា​ម្ចាស់​ក្រុមហ៊ុន​។ ពួកគេ​ភាគច្រើន​ជួល​ផ្ទះ​​​នៅ​កណ្តាល​ក្រុង​ដូច្នេះ​បើ​មាន​គម្រោង​នៅ​កណ្តាល​ក្រុង​បែប​នេះ​ពួកគេ​នឹង​ងាក​មក​ទិញ​ខុនដូ​ជា​ជាង​ជួលផ្ទះ​គេ​ច្រើន​ជាង​។

លោក ចេង ខេង អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​កម្ពុជា ស៊ីភីអិល បាន​ថ្លែង​ថា ធម្មតា​អ្នកវិនិយោគ​គេ​ឃើញ​ឱកាស​ចំណេញ​ប្រាក់​ច្រើន​ទើប​គេ​មក​អភិវឌ្ឍ។​ ពួកគេ​យក​លុយ​រាប់រយ​លាន​ដុល្លារ​មក​ដាក់​ទុន​វិនិយោគ ដោយសារ​ពួកគេ​មើល​ឃើញ​ឱកាស​ចំណេញ​នៅ​ទីនេះ​។

លោក​បាន​បន្ត​ថា បើ​គេ​មើល​ទៅ​ប្រទេស​ជិត​ខាង​ គឺ​អ្វី​ដែល​កម្ពុជា​មាន​សព្វថ្ងៃ​នេះ​មិន​បាន​ ១០ ​ភាគរយ​នៃ​អ្វី​ដែល​គេ​មាន​នោះ​ទេ​ អ៊ីចឹង​ការផ្គត់ផ្គង់​បច្ចុប្បន្ន​នេះ​មិន​មាន​អ្វី​គួរ​ឲ្យ​ព្រួយបារម្ភ​ទេ។ តែ​ទោះបី​ជា​យ៉ាងណា​លោក​សំណូមពរ​ឲ្យ​អ្នក​អភិវឌ្ឍន៍​ទាំងអស់​គួរគិត​ពី​គុណភាព​ផង ចៀសវាង​គិត​តែ​ប្រាក់ចំណេញ​។

លោក​មាន​ប្រសាសន៍​ថា​៖ ​«​គម្រោង​មួយ​ដែល​ធ្វើ​យុទ្ធសាស្រ្ត​ទីផ្សារ​ល្អ និង​ចាប់​ដៃគូ​សហការ​បាន​ត្រឹមត្រូវ គម្រោង​នោះ​នឹង​ទទួល​ជោគជ័យ​»។

លោក​បាន​បន្ត​ថា​៖ ​​«​មនុស្ស​កើន​រហូត​ដោយ​គ្រាន់តែ​​​​នៅ​រាជធានី​ភ្នំពេញ​ មាន​គ្រួសារ​ថ្មី​ចំនួន​​ប្រហែល​ ២០០០០​ គ្រួសារ​ បាន​កើនឡើង​ជា​រៀងរាល់​ឆ្នាំ ខណៈ​​​ការ​ផ្គត់ផ្គង់​ខុនដូ និង​លំនៅឋាន​មិន​បាន​ឆ្លើយតប​តាម​ចំនួន​គ្រួសារ​ថ្មី​ដែល​កើនឡើង​នោះ​ទេ​»៕

Urban Voice Cambodia

Urban Voice Cambodia