Scott Neeson៖ យើងនឹងធ្វើឲ្យតំបន់គំនរសំរាមស្ទឹងមានជ័យ ក្លាយជាសាលាបច្ចេកវិទ្យាល្អបំផុតរបស់កម្ពុជា
Posted On : មករា, 27, 2017 | By Vantha

លោក Scott Neeson ដែលជាតារាភាពយន្តហូលីវូត កំពុងតែមានសកម្មភាពយ៉ាងសកម្ម នឹងការងារមនុស្សធម៌នៅកម្ពុជា បានរំលឹកកាលពីខែឧសភា ឆ្នាំ២០១៥ ឆ្នាំដែលលោកបាន ប្រកាសថា លោកនិងក្រុមលោក នឹងធ្វើឲ្យអតីតតំបន់គំនរសំរាមស្ទឹងមានជ័យ ក្លាយជាសាលាបណ្តុះបច្ចេកវិទ្យាល្អបំផុតនៅកម្ពុជា។

ម្សិលមិញ លោក Scott Neeson បានប្រកាសថា សុបិនដែលលោកចង់ឃើញនោះបានក្លាយជា ការពិតហើយ។ បីសប្តាហ៍ទៀត លោកនឹងកាត់ខ្សែបូដាក់សម្ពោធន៍អគារសាលា ដែលនឹងជួយ ជនក្រីក្រ ដែលធ្លាប់តែធ្វើការលើគំនរសំរាម បានមានឱកាសចូលរៀនបច្ចេកវិទ្យាផ្សេងៗ ដើម្បីឲ្យ ជីវិតពួកគាត់អាចជៀសផុតពីភាពក្រីក្រ។

អគារសាលានោះត្រូវបានបំពាក់ដោយ សទ្បា ដើម្បីផ្គត់ផ្គង់អគ្គីសនី ហើយអ្វីដែលពិសេសជាងនេះទៅទៀតគឺ សួនច្បារ នៅពីលើអគារនេះ ដែលនេះនឹងធ្វើឲ្យ បរិដ្ឋានរបស់សាលាបច្ចេកទេសនេះ ខុសនឹងសាលាផ្សេងទៀតទាំងអស់នៅកម្ពុជា។ លោក Scott Neeson បានលើកទ្បើងថា ប្រជាជនខ្មែរ ដែលជាអ្នកក្រីក្រ ធ្លាប់ធ្វើការលើគំនរសំរាម សុទ្ធតែជាមនុស្សដែលមានសមត្ថភាព និងឆន្ទៈខ្ពស់ ហើយសាលានេះនឹងធ្វើឲ្យសមត្ថភាពពួកគាត់ ជោគជ័យក្នុងជីវិតបាន។

គួរបញ្ជាក់ថា លោក Scott Neeson បានបោះបង់ការងារគាត់ជាអ្នកផលិតភាពយន្ត ដែលលោក អាចរកចំណូលបាន១លានដុល្លារក្នុង១ឆ្នាំ បោះបង់ការងារ មករស់នៅកម្ពុជា ជួយជនក្រីក្រ របស់កម្ពុជា។

កាលពីឆ្នាំ២០០៣ គាត់បានមកទស្សនាកម្ពុជាជាលើកដំបូងដែលពេលនោះ គាត់បានសំុឲ្យគេ នាំគាត់ទៅមើលតំបន់ក្រីក្របំផុតរបស់ភ្នំពេញ។ គាត់បានជួបក្មេងស្រីអាយុ១០ឆ្នាំ ដែលពេលនោះគាត់សំុជួបម្តាយរបស់ក្មេងស្រីនោះ ដែលពេលនោះហើយ ដែលធ្វើឲ្យគាត់ដក ចិត្តចេញពីកម្ពុជាមិនរួចទេ ព្រោះតែចង់ជួយក្មេងក្រីក្ររបស់កម្ពុជា។

ពាណិជ្ជកម្មកម្ពុជា សូមស្ងើចសរសើរចំពោះទឹកចិត្តរបស់បុរស បរទេសម្នាក់នេះ ដែលព្រម បោះបង់ការងារតម្លៃ១លានដុល្លារក្នុងឆ្នាំ មកធ្វើការលើគំនរសំរាម ជួយកុមារក្រីក្ររបស់កម្ពុជា៕

ប្រភព៖ business-cambodia.com

សំឡេងទីក្រុង!

សំឡេងទីក្រុង!