30-6-044

សម្ដេច ស ខេង ប្រាប់​អភិបាល​រាជធានី​ភ្នំពេញ ចាត់វិធានការ​ឲ្យ​បាន​តឹងរ៉ឹង​លើ​សំណង់​អគារ​

ប្រភព ៖ ថ្មីៗ

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេច ស ខេង ប្រាប់ឲ្យអភិបាលរាជធានីភ្នំពេញ ចាត់វិធានការឲ្យបានតឹងរ៉ឹងចំពោះការសាងសង់សំណង់អគារនៅក្នុងទីក្រុង។ ការណែនាំរបស់សម្ដេច ស ខេង នេះ ធ្វើឡើងនៅក្នុងពិធីចូលកាន់អភិបាលរាជធានីភ្នំពេញរបស់លោក ឃួង ស្រេង កាលពីថ្ងៃទី២៨ មិថុនា។

ក្នុងពិធីសំណេះសំណាលនេះ សម្ដេច ស ខេង បានលើកឡើងយកបញ្ហាសន្តិសុខ ,គ្រឿងញៀន, និងការបម្រើផលប្រយោជន៏ជូនប្រជាពលរដ្ឋ ណែនាំទៅលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងមន្ត្រី អាជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលត្រូវរួមគ្នាដោះស្រាយបញ្ហាទាំងនេះឲ្យបានត្រឹមត្រូវ។

បន្ថែមពីលើនេះរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានប្រាប់ឲ្យអភិបាលរាជធានីភ្នំពេញ គ្រប់គ្រងនិងចាត់វិធានការឲ្យបានតឹងរឹងលើសំណង់អគារ ដែលកំពុងរីកដុះដាលក្នុងទីក្រុងផងដែរ។ ជាពិសេសបញ្ហាសំណង់អគារខុសច្បាប់។ សម្ដេច ស ខេង បានបញ្ជាក់ដូច្នេះថា៖«អាជ្ញាធររាជធានីភ្នំពេញ និងសមត្ថកិច្ចជំនាញនានា ត្រូវគ្រប់គ្រងសំណង់នានាឲ្យបានត្រឹមត្រូវតាមប្លង់ដែលបានអនុញ្ញាត និងបទដ្ឋានបច្ចេកទេស សំដៅធានាគុណភាព និងសុវត្ថិភាពលើសំណង់គ្រប់ប្រភេទ។ ចំណុចនេះយើងមិនត្រូវមើលស្រាលទេ ព្រោះបើជាយើងមិនបានត្រួតពិនិត្យបានដិតដល់ គឺអាចនឹងកង្វះបច្ចេកទេស ហើយអាចបង្កឲ្យប៉ះពាល់ដល់សុវត្ថិភាពប្រជាពលរដ្ឋ។ អាជ្ញាធរត្រូវបង្កាទប់ស្កាត់លើសំណង់ដែលគ្មានច្បាប់អនុញ្ញាត និងមានវិធានឲ្យបានសមស្របចំពោះសំណង់ដែលសង់រួចគ្មានច្បាប់អនុញ្ញាត»។

អាជ្ញាធររាជធានីភ្នំពេញ បានព្រមានចាត់វិធានការលើ ការដ្ឋានសាងសង់របស់ក្រុមហ៊ុនចិនមួយកន្លែង ដែលបានរំលោភយកចំណីផ្លូវ មកដាក់សម្ភារសំណង់ និងរថយន្តដឹកខ្សាច់ ក្រឡុកស៊ីម៉ង់ត៍ ចតនៅខាងមុខការដ្ឋាននេះ ដែលបណ្ដាឲ្យមានការកកស្ទះចរាចរណ៍ជាដើម។ ជាពិសេសការដ្ឋាននេះ ក៏បានបង្ហូរទឹកកខ្វក់មកលើផ្លូវ ដែលជាហេតុធ្វើឲ្យផ្លូវខូចទៀតផង ។ អភិបាលរងរាជធានីភ្នំពេញ លោក អៀង អូននី និយាយថា បើក្រុមហ៊ុនចិន (CHINA CONTRUCTION FOURTH ENGINEERING DIVISION CORP.LTD ) នៅតែរំលោភលើចិញ្ចើមផ្លូវសាធារណៈទៀតនោះ អាជ្ញាធរនឹងចាត់វិធានការតាមផ្លូវច្បាប់៕

29-6-002

28-6-026

 

 

Leave a Reply