13-7-030

បន្ទប់តាមដានកាមេរ៉ាសុវត្ថិភាព​រួម​នឹងជួយសម្រួល​​​នៅ​ក្នុងការ​ឃ្លាំមើលបទល្មើស​ក្នុង​​​រាជធានី​​​

ប្រភព ៖ Cambodiadaily

ក្រុមមន្ត្រីបានលើកឡើងថា កាមេរ៉ាសុវត្ថិភាពដែលត្រូវបានដំឡើងនៅទូទាំងរាជធានីនឹងត្រូវតាមដានក្នុងពេលដំណាលគ្នាជាប់រហូតពីបន្ទប់តាមដានរួម ជាផ្នែកនៃការខិតខំឃ្លាំមើលបទល្មើសដែលមានការសហការរវាងសាលារាជធានី និងនគរបាលជាតិ។          

លោក  មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញបានលើកឡើងកាលពីម្សិលមិញ បន្ទាប់ពីកិច្ចប្រជុំជាមួយមន្ត្រីពាក់ព័ន្ធថា បន្ទប់តាមដានរួមនឹងបង្កើតឡើងនៅសាលារាជធានី ហើយតាមដានដោយបុគ្គលិកជំនាញមកពីសាលារាជធានី នគរបាលរាជធានី និងកងរាជអាវុធហត្ថដែលប្រចាំការ២៤ម៉ោង ដើម្បីតាមដានរាល់សកម្មភាពនៅទូទាំងរាជធានី ។

លោក ម៉េត មាសភក្ដី អ្នកនាំពាក្យសាលារាជធានីលើកឡើងថា ”គោលបំណងដែលយើងរៀបចំបំពាក់ឱ្យមានកាមេរ៉ាសុវត្ថិភាពតាមទីសាធារណៈហ្នឹង គឺដើម្បីបម្រើទៅលើការងារសន្តិសុខ សុវត្ថិភាព ក៏ដូចជាការងារចរាចរណ៍”។

លោកបានបន្ថែមថា “ជនខិលខូចគេដឹងថា បើសិនធ្វើសកម្មភាពនៅទីសាធារណៈ សមត្ថកិច្ចនឹងមានលទ្ធភាពក្នុងការកំណត់មុខសញ្ញា ឬក៏តាមដានចាប់នេះហ្នឹង ដែលចេញពីប្រភពប្រព័ន្ធកាមេរ៉ាសុវត្ថិភាពហ្នឹង”។ លោកបានបន្តថា “យើងនឹងអាចប្រើប្រាស់វាទុកជាភ័ស្តុតាង ឬជាឧបករណ៍សម្រាប់តាមដានឆែកឆេរនៃបទល្មើសទាំងអស់នោះ”។

លោកបានលើកឡើងទៀតថា បច្ចុប្បន្ន សាលារាជធានីមើលការខុសត្រូវលើកាមេរ៉ាសុវត្ថិភាពដែលបានដំឡើងរួចចំនួន៦០០គ្រឿង រីឯនគរបាលជាតិតាមដានចំនួន៤០០គ្រឿង ហើយគេរំពឹងថា ប្រទេសចិននឹងផ្ដល់២០០គ្រឿងបន្ថែមទៀតនាពេលអនាគត។

កាលពីឆ្នាំ២០១៥ ប្រទេសចិនបានផ្ដល់កាមេរ៉ាសុវត្ថិភាពចំនួន២០០គ្រឿងដំបូងដល់សាលារាជធានី ដែលគិតជាទឹកប្រាក់ប្រមាណ៣លានដុល្លារ នេះបើយោងតាមក្រុមមន្ត្រីដែលបានលើកឡើងនៅពេលនោះ។ មន្ត្រីនគរបាលធ្លាប់បានលើកឡើងថា កាមេរ៉ាសុវត្ថិភាពទាំងនេះបានជួយនៅក្នុងបង្ក្រាបបទល្មើសមួយចំនួន ដែលនគរបាលពិបាកស៊ើបអង្កេតពីមុនមក ដូចជាបទល្មើសចរាចរណ៍ និងការឆក់កាបូបជាដើម។

លោក ម៉េត មាសភក្ដី បានលើកឡើងទៀតថា ពេលវេលាបង្កើតបន្ទប់តាមដានរួមនៅមិនទាន់ដឹងច្បាស់នៅឡើយទេ។

លោក គៀត ច័ន្ទថារិទ្ធ អ្នកនាំពាក្យនគរបាលជាតិមិនអាចសុំធ្វើអត្ថាធិប្បាយបានទេ។

ទោះជាយ៉ាងណា លោក ខាល សេយ័រ(Carl Thayer) អ្នកជំនាញខាងយោធាតំបន់អាស៊ីអាគ្នេយ៍នៅបណ្ឌិត្យសភាកងកម្លាំងការពារជាតិអូស្ត្រាលីបានព្រមានថា ប្រព័ន្ធថ្មីនេះអាចនាំឱ្យមានការចាប់យកសកម្មភាពរបស់ពលរដ្ឋធម្មតាដែលគេមិនចង់បាន។

លោកបានមានប្រសាសន៍ថា “គិតត្រឹមតែមួយជ្រុង ពួកគេអាចដោះស្រាយបទល្មើសតូចតាចបាន”។ លោកបានបន្តថា “ប៉ុន្តែស្របពេលដំណាលគ្នានេះ ខ្ញុំមិនជឿថា អាជ្ញាធរដែលទទួលបានព័ត៌មានទាំងនោះនឹងការពារសិទ្ធិពលរដ្ឋទាំងអស់នោះឡើយ”។

លោកបានបន្ថែមថា ឧទាហរណ៍ដូចជាមានការតវ៉ាជាសាធារណៈ “វាអាចជាឧបករណ៍សម្រាប់ការជ្រៀតជ្រែកផ្នែកនយោបាយ”។ លោកបានបន្ថែមទៀតថា ច្បាប់និងនគរបាលមិនអាចរួចផុតពីការជ្រៀតជ្រែកពីមន្ត្រីគណបក្សប្រជាជនកម្ពុជាទេ។ ខ្ញុំហ៊ាននិយាយថា គេចមិនផុតពីមានការរំលោភបំពាននោះឡើយ”៕

Leave a Reply