ការក្រើនរំលឹកសុវត្ថិភាពដើម្បីការពារអ្នកដំណើរពីគ្រោះថ្នាក់នៅតាមការដ្ឋានស្ថាបនា និងជួសជុលផ្លូវក្នុងទីក្រុងភ្នំពេញ
Posted On : ឧសភា, 31, 2016 | By សំឡេងទីក្រុង

photo_2016-05-31_14-27-14

រាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញផែនការរយៈពេលវែងដើម្បីធ្វើឲ្យប្រសើរឡើងវិស័យហេដ្ឋារចនាសម្ព័ន្ធ ក្នុងគោលដៅបំពេញតម្រូវការកំណើនខាងផ្នែកសេដ្ឋកិច្ច ។   ជាការពិត បណ្តាញផ្លូវគមនាគមន៍នៅរាជធានីភ្នំពេញ ដើរតួនាទីជាសរសៃឈាមប្រកបដោយសក្តានុពលតភ្ជាប់ច្រកទ្វារសេដ្ឋកិច្ចនានារបសើកម្ពុជាដើម្បីជម្រុញការធ្វើសមាហរណកម្មក្នុងតំបន់ ។ ខណៈដែលរដ្ឋាភិបាលកម្ពុជានៅមានកង្វះធនធានហិរញ្ញវត្ថុសម្រាប់ផ្តល់ជាមូលនិធីដល់គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនេះ ភាពជាដៃគូជាមួយវិស័យឯកជនគឺពិតជាមានសារសំខាន់ ។ បន្ថែមពីលើនេះ មានករណីជាច្រើន ដែលបណ្តាញផ្លូវគមនាគមន៍សំខាន់ៗជាច្រើនត្រូវបានសាងសង់ដោយទទួលជំនួយពីបរទេស និងដែលគួរឲ្យកត់សម្គាល់គឺជំនួយពីប្រទេសចិន និងជប៉ុន ។

ការចាក់បញ្ចូលនូវមូលធនរាប់ពាន់លានដុល្លារជារៀងរាល់ឆ្នាំពីការវិនិយោគដោយផ្ទាល់ពីបរទេសក្នុងវិស័យសាងសង់ ដោយរាប់ចាប់ពី ការពង្រីកនគររូបនីយកម្ម ការសាងសង់ខុនដូទំនើបៗ រហូតដល់គម្រោងស្ថាបនាទីក្រុងរណប រាជធានីភ្នំពេញត្រូវបានគេចាត់ទុកថាជាទៅដៅដែលមានការរីកលូតលាស់លឿនបំផុតមួយ ដោយបានប្រែក្លាយខ្លួនជាបណ្តុំថ្មីនៃសេដ្ឋកិច្ចតំបន់ វិនិយោគលើវិស័យសេវាកម្ម ហិរញ្ញវត្ថុ និង វប្បធម៍ និងទិសដៅទាក់ទាញទេសចរណ៍ ។ ស្របពេលនឹងមានការវិវឌ្ឍ រាជធានីភ្នំពេញក៏ពើបប្រទះបញ្ហានៃការគ្រប់គ្រងនៅមានភាពទន់ខ្សោយនៃហេដ្ឋារចនាសម្ព័ន្ធ ដែលក្នុងនោះរួមមានចរាចរណ៍ ការគ្រង់គ្រងកាកសំណល់ អគ្គិសនី និងការបំពុលបរិស្ថាន ជាដើម ។ល។

នៅពេលថ្មីៗនេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរិះគុណខ្លាំងៗចំពោះមន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញចំពោះភាពអសកម្មក្នុងការការជួសជុល និងថែរក្សាផ្លូវនានាដែលបានទទួលរងការខូចខាតដោយសារកត្តាផ្សេងៗនៅក្នុងទីក្រុង ។ ក្រោយការរិះគុណនេះ មន្ទីរសាធារសាធារណៈការ និងដឹកជញ្ជូនបានចាត់វិធានការឆ្លើយតបភ្លាមៗ ធ្វើការជួសជុលក្រហុក អ៊ុតកៅស៊ូ និងចាក់បំពេញបន្ថែមជាដើម ។ល។ យោងតាមគោលនយោបាយជាតិសាធារណៈការ និងដឹកជញ្ជូន ការជួសជុល ថែរក្សា ពង្រីក និងស្ថាបនាឡើងវិញ គឺជាគោលដៅរយៈពេលមធ្យមរបស់រាជរដ្ឋាភិបាលកម្ពុជាដើម្បីលើកកម្ពស់ការប្រើប្រាស់បណ្តាញប្រព័ន្ធដឹកជញ្ជូនផ្លូវគោកពាសដោយផ្សារភ្ជាប់គ្នាពេញផ្ទៃប្រទេស ។ ប៉ុន្តែអ្នកប្រើប្រាស់ផ្លូវមានការរិះគន់យ៉ាងខ្លាំងចំពោះកង្វះខាតបទដ្ឋានការការពារសុវត្ថិភាពអ្នកធ្វើដំណើរតាមដងផ្លូវនានាដែលកំពុងតែមានការដ្ឋានជួសជុល ឬស្ថាបនាថ្មី ។

លើកកម្ពស់លទ្ធភាពក្នុងការក្រើនរំលឹកអ្នកដំណើរពីសុវត្ថិភាពដើម្បីបង្ការហានិភ័យមួយចំនួនដែលអាចទប់ស្កាត់បាន៖ សាលារាជធានីភ្នំពេញ និងភាគីពាក់ព័ន្ធជាពិសេសក្រសួងសាធារណៈការ និងដឹកជញ្ជូន រួមនឹងភាគីក្រុមហ៊ុនឯកជនដែលទទួលកិច្ចសន្យាសាងសង់គួររៀបចំឲ្យមានបទដ្ឋានសុវត្ថិភាពថ្នាក់ជាតិដើម្បីការពារអ្នកដំណើរពីគ្រោះថ្នាក់ជាយថាហេតុនានា ប៉ុន្តែការណ៍នេះអាចការពារហានិភ័យបាន ។ ការអនុវត្តនៅការដ្ឋានស្ថាបនាផ្លូវនានាក្នុងទីក្រុងភ្នំពេញ នាពេលបច្ចុប្បន្នបង្កជាការលំបាក និងការប្រឈមផ្នែកសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់ផ្លូវជាច្រើន ។ ជាការអនុវត្តជាក់ស្តែង ក្នុងគោលបំណងដើម្បីកាត់បន្ថយការលំបាក និងការបារម្ភនានាស្តីពីសុវត្ថិភាពអ្នកដំណើរ យើងនឹងធ្វើការរៀបរាប់ពីបទដ្ឋានសុវតិ្ថភាពនានាដែលគួរត្រូវបានលើកយកមកផ្តល់ជាអនុសាសន៍ដូចខាងក្រោម ៖

១. ផែនការគ្រប់គ្រងការធ្វើដំណើរនៅតាមផ្លូវដែលមានការដ្ឋានសាងសង់៖ នៅកន្លែងដែលមានការដ្ឋានលើដងផ្លូវ យើងឃើញមានសម្ភារៈសាងសង់ធន់ធ្ងន់ តួយ៉ាងដូចជា រថយន្តធំៗ គ្រឿងចក្រ ឡានដឹកស៊ីម៉ង់លាយស្រាប់ និងកម្មករសំណង់ ជាដើម ។ល។ ចំនុចសំខាន់ មុនពេលចាប់ផ្តើមគម្រោងសាងសង់ផ្លូវ ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសក្រុមហ៊ុនឯកជនដែលម្ចាស់ម៉ៅការគម្រោង ត្រូវរៀបចំផែនការមេសម្រាប់គ្រង់គ្រងចរាចរណ៍បណ្តោះអាសន្ន ដែលការណ៍នេះក៏ដើម្បីការពារកម្មកររបស់ខ្លួនផង និងបង្កភាពងាយស្រួលដល់អ្នកដំណើរជុំវិញបរិវេណការដ្ឋានសាងសង់ ជាពិសេសគឺក្នុងពេលដែលចរាចរណ៍មានការមមាញឹកខ្លាំងពេលដែលមនុស្សម្នាចេញទៅការិយាល័យនាពេលព្រឹក និងពេលដែលគាត់ចេញពីធ្វើការនៅពេលល្ងាច ។

២. ដាក់ផ្លាកសញ្ញាចរាចរណ៍ និងសញ្ញាដាល់តឿននានាដើម្បីប្រាប់ពីគ្រោះថ្នាក់នៅខាងមុខ និងជាការក្រើនរំលឹកអ្នកដំណើរ៖ នៅតាមបណ្តោយផ្លូវដែលកំពុងមានការដ្ឋានសាងសង់ ក្រុមហ៊ុនឯកជនដែលជាអ្នកម៉ៅការការសាងសង់គួរតែដាក់ផ្លាកសញ្ញាគ្រោះថ្នាក់ និងសញ្ញាក្រើនរំលឹកឲ្យបានគ្រប់គ្រាន់ដើម្បីប្រាប់ពីស្ថានភាពផ្លូវដែលអ្នកដំណើរកំពុងឆ្លងកាត់ ការផ្លាស់ប្តូរទិសទៅចរាចរណ៍ ឧបករណ៍សម្រាប់ចែកទ្រូងផ្លូវ ទិសចរាចរណ៍វាងត្រង់តំបន់ការដ្ឋាន និងផ្លូវធ្វើដំណើរ ដែលគួរតែបង្ហាញឲ្យបានច្បាស់បំផុត (ទាំងពេលថ្ងៃ និងយប់) ។ ជាការពិតណាស់នៅក្នុងចំនុចសាងសង់ មានឧបករណ៍ការដ្ឋានជាគ្រឿងចក្រធន់ធ្ងន់ដូចជា ឡានដឹកដី រីឡូ ប្រដាប់កាយដី និងឧបករណ៍ដំណើរការផ្សេងៗ ។ នៅក្នុងករណីនេះ ឧបករណ៍បច្ចេកទេសតួយ៉ាងមានដូចជា កញ្ចក់ ជំនួយបន្ថែមសម្រាប់ការមើលផ្លូវ និងពន្លឺ គួរត្រូវបានដាក់ឲ្យដំណើរការយ៉ាងល្អបំផុតដើម្បីជាជំនួយដល់ការថែរក្សាសុវតិ្ថភាពអ្នកដំណើរ ។

៣. ចេញសេចក្តីណែនាំអំពីកម្មវិធីសុវត្ថិភាពនៅនឹងកន្លែងការដ្ឋាន៖ ជាកម្មវិធីជាក់លាក់ដែលបង្ការ និងបកស្រាយពីវិធីសាស្ត្រការពារគ្រោះថ្នាក់ចរាចរណ៍ដែលរួមមានការលើកកម្ពស់ការយល់ដឹងអំពីគ្រោះថ្នាក់ សុខភាព និងការអប់រំពីសុវត្ថិភាពដល់ប្រជាជនដែលរស់នៅតាមបណ្តោញផ្លូវដែលកំពុងមានការដ្ឋានសាងសង់ ។ ក្រុមហ៊ុនម៉ៅការឯកជនគួររៀបចំសម្ភារៈជំនួយសង្គ្រោះបឋម ជំនួយសង្គ្រោះបន្ទាន់ នៅក្នុងករណីមានគ្រោះថ្នាក់ជាយថាហេតុកើតឡើង ហើយត្រូវមានការហ្វឹកហ្វឺនអនុវត្តន៍ជាក់ស្តែងដល់កម្មករ ។ បន្ថែមពីលើនេះ កម្មវិធីនេះគួរតែធ្វើការណែនាំពីតារាងពេលវេលាដែលខ្លួនត្រូវសម្រួល ស្ថានភាពបត់បែននៃចរាចរណ៍ដើម្បីគ្រប់គ្រងនូវចលនាបំលាស់ទីនៃយានយន្តក្នុងគោលដៅកាត់បន្ថយនូវគ្រោះថ្នាក់ជាយថាហេតុនានា ។

មន្ទីរសាធារណៈការ និងដឹកជញ្ជូនមានតួនាទីសំខាន់ខ្លាំងណាស់ក្នុងការពិនិត្យតាមដាន ហើយខ្លួនក៏មាននាទីជាអ្នកអនុវត្តន៍ ដោយមានកិច្ចសហប្រតិបត្តិការជាមួយអ្នកម៉ៅការគម្រោងពីក្រុមហ៊ុនឯកជន និងភាគីដែលពាក់ព័ន្ធនានា ដើម្បីលើកកម្ពស់ការការពារប្រព័ន្ធសុវត្ថិភាពតាមផ្លូវ ។ លទ្ធផលនឹងចេញផ្លែផ្កាជាវិជ្ជមានក្នុងន័យធ្វើឲ្យមានសោភ័ណ្ឌភាពក្នុងទីក្រុង និងការកាត់បន្ថយនូវស្ថានភាពស្ទះចរាចរណ៍រញ៉េរញ៉ៃនៅក្នុងទីក្រុង ។ ដើម្បីរៀបចំទីក្រុងឲ្យមានការអភិវឌ្ឍប្រកបដោយចេរភាព និងមានការចូលរួមពីភាគីពាក់ព័ន្ធ ទីក្រុងភ្នំពេញកំពុងតែពិចារណាការលើកម្ពស់ហេដ្ឋារចនាសម្ព័ន្ធដើម្បីសម្រួលដល់ជីវភាពរស់នៅប្រជាពលរដ្ឋ ជៀសវៀងការកកស្ទះចរាចរណ៍ និងការបំពុលបរិស្ថាន ។

photo_2016-05-31_14-25-52 photo_2016-05-31_14-28-08

Related Posts

សំឡេងទីក្រុង!

សំឡេងទីក្រុង!