fn

សម្តេចក្រឡាហោម ស​ ខេង អំពាវនាវឲ្យអ្នកប្រើប្រាស់​ផ្លូវគោរព​គោលការណ៍​បើកបរ ១០ ចំណុច​ដើម្បីបង្ការគ្រោះថា្នក់ចរាចរណ៍ ក្នុងឱកាសបុណ្យចូលឆ្នាំ

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋដែល ធ្វើដំណើលើផ្លូវទាំងអស់សូមគោរពតាមគោលការណ៍បើកបរ ១០ ចំណុចដើម្បីបង្ការគ្រោះថ្នាក់ចរាចរណ៍ ដែលកើតមានឡើងជាយថាហេតុ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នាពេលខាងមុខនេះ ។

ដើម្បីបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ចរចរណ៍ ផ្លូវគោកក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិនេះ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សូមធ្វើការអំពាវនាវដល់សាធារណជនជាអ្នកប្រើប្រាស់ផ្លូវ ដូចខាងក្រោម ៖

១-      ត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តជានិច្ច ពិសេសត្រួតពិនិត្យកង់ ចង្កូត ហ្រ្វាំង ភ្លើងបំភ្លឺ ។ល។
២-      សូមកុំផ្ទុកអ្នកដំណើរ ឬទំនិញលើសច្បាប់កំណត់ ។ ចំពោះរថយន្តដឹកអ្នកដំណើរ ឬដឹកកម្មករ មិនត្រូវផ្ទុកអ្នកដំណើរ ឬ                កម្មករលើដំបូល និងសូមមេត្តាកុំតម្លើងថ្លៃធ្វើដំណើរក្នុងឱកាសនេះ ។
៣-     ត្រូវពាក់មួកសុវត្ថិភាពជានិច្ច ក្នុងពេលធ្វើដំណើរតាមទោចក្រយានយន្ត ។
៤-      ត្រូវពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពជានិច្ច ។
៥-      ត្រូវគោរពសិទ្ធិអាទិភាព គោរពសញ្ញាចរាចរណ៍ និងប្រកាន់ស្តាំជានិច្ច ។
៦-     មិនត្រូវបើកបរលើសល្បឿនកំណត់ជាដាច់ខាត ។
៧-     មិនត្រូវបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងដាច់ខាត ។
៨-     មិនត្រូវបត់ ឬជែង ក្នុងភាពប្រថុយប្រថាន ។
៩-     មិនត្រូវបើកបរក្នុងស្ថានភាពងងុយដេកជាដាច់ខាត ។
១០-   ត្រូវបើកបរក្នុងស្មារតីប្រុងប្រយ័ត្នជានិច្ច ប្រកបដោយសីលធម៌ យោគយល់ អធ្យាស្រ័យ ។

គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សូមសំដែងនូវសេចក្តីសង្ឃឹម និងជឿជាក់លើស្មារតីចូលរួមគោរពអនុវត្តច្បាប់ក៏ដូចអនុវត្តសេចក្តីអំពាវនាវនេះពីសំណាក់អ្នកប្រើប្រាស់ផ្លូវគ្រប់រូបដើម្បីនាំមកនូវសុវត្ថិភាព និងសេចក្តីរីករាយជាមួយក្រុមគ្រួសារ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ ៕

Leave a Reply