6april

កំណាត់​ផ្លូវជាតិ​លេខ​៦ តម្លៃ​ទឹកប្រាក់​ជាង ៧០​លាន​ដុល្លារ ត្រូវបាន​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ

ប្រភព ៖ ថ្មី ៗ

ប្រមុខរដ្ឋាភិបាលសម្ដេច ហ៊ុន សែន នៅព្រឹកថ្ងៃទី០៦ មេសា ឆ្នាំ២០១៧ នេះ បានចូលរួមក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៦ ដែលមានប្រវែង៤០គីឡូម៉ែត្រ ចាប់ពីសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដល់ថ្នល់កែង ក្នុងឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម។

 
តាមរយៈការថ្លែងសន្ទរកថា របស់រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនលោក ស៊ុន ចាន់ថុល បានប្រាប់ឲ្យដឹងថា កំណាត់ផ្លូវជាតិលេខ៦នេះ ជាប្រភេទផ្លូវបេតុងកៅស៊ូ AC ស្តង់ដារផ្លូវកម្រិតទី១ តាមគំរូ បទដ្ឋានបច្ចេកទេស នៃសាធារណរដ្ឋប្រជាមានិតចិន មានទទឹងសរុបប្រវែង ២៦ម៉ែត្រ ។ ចំណែកផ្លូវក្នុងក្រុងមានដាំបង្គោលអគ្គីសនីមួយជួរលើសួនកណ្តាលទ្រូងផ្លូវ និងមានលូ បង្ហូរទឹកភ្លៀង។

លោក ស៊ុន ចាន់ថុល បានបន្តទៀតថា កំណាត់ផ្លូវនេះ បានចំណាយថវិកាសាងសង់សរុប ៧០,២៥លានដុល្លារអាមេរិក ដែលក្នុងនោះជាហិរញ្ញប្បទានសម្បទាន ពីរដ្ឋាភិបាលចិន និងថវិកាបដិភាគ របស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ដោះស្រាយផលប៉ះពាល់ និងបោសសម្អាតយុទ្ធភ័ណ្ឌមិនទាន់ផ្ទះ ។ កំណាត់ផ្លូវជាតិលេខ៦នេះ បានចាប់ផ្ដើមសាងសងតាំងពីខែមករា ឆ្នាំ២០១២ រហូតដល់ដើមឆ្នាំ២០១៧ ដោយក្រុមហ៊ុនសំណង់ Shanghai Group និង ត្រួតពិនិត្យបច្ចេកទេស ដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស Guangzhou Wanan (Guangzhou Wanan Construction Supervision Co.,Ltd.) របស់សាធារណរដ្ឋប្រជាមានិតចិន ។

កំណាត់ផ្លូវជាតិលេខ៦ នេះ មានប្រវែងសរុបជាង ៤០គីឡូម៉ែត្រ ចាប់ពីសង្កាត់ព្រែកលៀប ត្រង់ចំណុចគីឡូម៉ែត្រលេខ៦+០០៨ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដល់ឃុំសំបូរ (ថ្នល់កែង) ត្រង់គីឡូម៉ែត្រលេខ៤៦+៥០០ ចំណុចបំបែកផ្លូវជាតិលេខ៦១ ស្ថិតក្នុងស្រុកបាធាយ ខេត្ដកំពង់ចាម ។ កំណាត់ផ្លូវនេះ បានសាងសង់ស្ពានថ្មីចំនួន ២៦កន្លែង ប្រវែងសរុប ១,៣៧០ម៉ែត្រ សាងសង់លូគ្រប់ប្រភេទចំនួន ០៩កន្លែង ប្រវែងសរុប ២៣៨ម៉ែត្រ សង់ស្ពានរំលង ០១កន្លែង និងផ្លូវតភ្ជាប់ប្រវែង ១,០០០ម៉ែត្រ ។ នេះជាការបញ្ជាក់របស់លោក ស៊ុន ចាន់ថុល ដែលបានបន្ថែមថា កំណាត់ផ្លូវជាតិលេខ៦នេះ ជាចំណែកមួយជួយដល់ការរីកចម្រើនរបស់សេដ្ឋកិច្ចជាតិ និងគោលនយោបាយកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ ហើយក៏ជួយសម្រួលដល់ចរាចរណ៍ឲ្យមានភាពងាយស្រួលជាងមុនផងដែរ ៕

Leave a Reply