urbanvoice-6

ផ្លូវ ៤៣០ កំពុងត្រូវបានជួសជុល(video)

រដ្ឋបាលសាលារាជធានីភ្នំពេញ និងក្រសួងសាធារណៈការ និងដឹងជញ្ជូន បាននឹងកំពុងស្ថាបនាជួសជុលផ្លូវ៤៣០ ដែលការជួសជុលនោះមានប្រវែងប្រមាណជា ២គីឡូម៉ែត្រ ចាប់ពីស្ថានីយ៍ប្រេងឥន្ធនៈតូតាល់ រហូតដល់រង្វង់មូលផ្សារដើមថ្កូវ ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ។

urbanvoice-4

បើតាមប្រជាពលរដ្ឋរស់នៅ និងធ្វើដំណើរតាមផ្លូវនេះបានឲ្យដឹងថា ផ្លូវមួយខ្សែនេះខូចជាយូរមកហើយ ពិបាកក្នុងការធ្វើដំណើរ បើមេឃភ្លៀងដក់ទឹកតាមគ្រលុកជ្រៅៗ រអិល ភក់ជ្រាំ តែបើរាំងវិញ ហុយផង រលាក់ផង ហើយការកក់ស្ទះចរាចរណ៍ផងដែរ ដោយសារតែផ្លូវនេះមានសភាពតូចចង្អៀត និងមានចរចរ មមាញឹកខ្លាំងមិនចាញ់ផ្លូវធំៗប៉ុន្មានទេ។

urbanvoice-2

តាមមន្ត្រីក្រសួងសាធារណៈការម្នាក់ សូមមិនបញ្ចេញឈ្មោះបានឲ្យដឹងថា ផ្លូវនេះបានចាប់ផ្ដើមបើកការដ្ឋានសាងសង់ចាប់តាំងពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៧មកម្ល៉េះ ហើយនៅមិនទាន់ដឹងច្បាស់ទេនូវកាលបរិច្ឆេទបញ្ចប់ការជួសជុលផ្លូវនេះដែរ បើតាមគម្រោងការស្ថាបនាផ្លូវនេះនឹងត្រូវធ្វើចាប់ពីផ្លូវបំបែកជា៥ (ស្ថានីយ៍ប្រេងឥន្ធនៈតូតាល់) រហូតដល់រង្វង់មូលផ្សារដើមថ្កូវ ហើយផ្លូវនេះនឹងត្រូវជំនួសមកវិញដោយផ្លូវបេតុងកំរាស់ ២តឹក ដែលក្នុងពេលបច្ចុបប្បន្ននេះក៏បានចាក់បេតុងបានប្រហែលជិត៥០ម៉ែត្រ ម្ខាងនៃផ្លូវផងដែរ។

urbanvoice-5

ទោះជាយ៉ាងណា ប្រជាពលរដ្ឋរស់នៅតាមបណ្ដោយផ្លូវនេះក៏មានចិត្តសប្បាយរីករាយ ដែលរដ្ឋបាលរាជធានីភ្នំពេញបានគិតគូរអំពីសុខទុក្ខប្រជាជន តែក៏សូមសំណូមពរអោយជួយពន្លឿនការសាងសង់ ពីព្រោះក្នុងកំឡុងពេលសាងសង់នេះ ក៏មានការលំបាកក្នុងការធ្វើដំណើរណាស់ដែរ និងគិតគូរអំពីផលប៉ះពាល់នៃការពង្រីកផ្លូវ ការឈូសឆាយ ដល់មុខផ្ទះពួកគាត់ ក៏ដូចជាបញ្ហាខ្សែភ្លើងជាដើម។

urbanvoice-1

អ៊ុំស្រីម្នាក់មានវ័យ ជាង៥០ឆ្នាំ សូមមិនបញ្ចេញឈ្មោះបានបង្ហើបថា« ខ្ញុំមិនជំទាស់ទេនឹងការធ្វើផ្លូវ ពង្រីកផ្លូវ តែសុំអោយគិតនិងយល់ពីអ្នកដែលមានផ្ទះជាប់ផ្លូវ ដែលត្រូវគេប្រើគ្រឿងចក្រ គាស់ខឿនមុខផ្ទះខ្លួនឯង ហើយបើគាស់សុំគាស់អោយស្មើរភាពគ្នា កុំឲ្យគាស់កាយផ្ទះជាច្រើនតែមានមុខផ្ទះមួយចំនួនបែរជារំលង អញ្ចឹងហើយចិត្តគេចិត្តយើង សាកគិតមើលមានអារម្មណ៍បែបណា»

urbanvoice-3

Leave a Reply