13-7-004

ពលរដ្ឋ​រស់​មិន​ទាន់​ចាកចេញ​ស្នើរសុំ​សំណង​បន្ថែម​ទៀត

ប្រភព ៖ RFA

ភាគច្រើននៃពលរដ្ឋរស់នៅអគារប៊ូឌីង បានចាកចេញទៅរស់នៅកន្លែងផ្សេងក្រោយពីយល់ព្រមទទួលសំណង ប៉ុន្តែនៅសល់អ្នកមិនព្រមចាកចេញយ៉ាងតិចជាង ១០គ្រួសារទៀត ដោយសារមិនទាន់ពេញចិត្តចំនួននៃសំណង។ ប៉ុន្តែភាគីក្រសួងដែនដី ថាគ្មានគោលការណ៍ផ្តល់សំណងបន្ថែមឡើយ។

ក្រុមពលរដ្ឋដែលស្នើសុំសំណងបន្ថែមមានទាំងពលរដ្ឋមានបន្ទប់រស់នៅលើអគារប៊ូឌីង និងពលរដ្ឋគ្មានបន្ទប់ដែលរស់នៅលើដីចំណីផ្លូវ។ ក្រុមពលរដ្ឋលើកឡើងថា ពួកគេមិនប្រឆាំងការអភិវឌ្ឍទេ គ្រាន់តែចង់បានថវិកាខ្លះ និងអ្នកខ្លះសុំថវិកាបន្ថែមមុននឹងចាកចេញ។

ពលរដ្ឋរស់នៅអគារប៊ូឌីងដែលមិនទាន់សម្រេចចិត្តចាកចេញ លោកស្រី ឈុំ សាគន ឲ្យដឹងថា ក្រៅពីលោកស្រី ក៏មានពលរដ្ឋម្ចាស់បន្ទប់ ៦គ្រួសារផ្សេងទៀតដែលអាជ្ញាធរទទួលស្គាល់ មិនទាន់យល់ព្រមទទួលទឹកប្រាក់ដែលក្រសួងកំណត់តម្លៃទិញបន្ទប់ពួកគេ។ លោកស្រីបន្តថា ដោយសារក្រុមគ្រួសារលោកស្រីមានផ្ទៃក្រឡាបន្ទប់តូច និងមានសមាជិកគ្រួសារច្រើន ដូច្នេះទឹកប្រាក់ដែលបានពីការលក់បន្ទប់ មិនគ្រប់គ្រាន់ឲ្យគ្រួសារលោកស្រីរស់នៅសមរម្យទេ៖ «សុំឯកឧត្តមទេសរដ្ឋមន្ត្រីធ្វើយ៉ាងម៉េចឲ្យលោកជួយធ្វើម៉េចបានផ្ទះមួយនៅភ្នំពេញ មិនមែនថានៅហ្នឹងក្នុងន័យប្រឆាំងអីទេ រាល់ថ្ងៃសុំសរសើរគាត់ (លោក ជា សុផារ៉ាដែលគាត់ដោះស្រាយអគារប៊ូឌីងបាន»

ក្រៅពីនេះ ក៏មានពលរដ្ឋ ៤គ្រួសារដែលគ្មានបន្ទប់ ប៉ុន្តែពួកគេបានតដំបូលចេញមកក្រៅរស់នៅមុខអគារប៊ូឌីងជាច្រើនឆ្នាំមកហើយ ដែលអ្នកទាំងនេះមាន ៤គ្រួសារជាអ្នកលក់ដូរបាយសម្ល និងគ្រឿងភេសជ្ជៈ។ ពលរដ្ឋទាំងនោះឲ្យដឹងដូចៗគ្នាថា ពួកគេមិនទទួលបានប្រាក់សំណងជាថ្នូរនៃការចាកចេញទេ។

លោកស្រី ប៉ោ គន្ធា ថាពួកគេស្នើទៅរដ្ឋមន្ត្រីក្រសួងដែនដី លោក ជា សុផារ៉ា ផ្តល់សំណងខ្លះដើម្បីមានដើមទុនបន្ថែមទៅរស់នៅកន្លែងថ្មី៖ «បើរាជរដ្ឋាភិបាលគាត់ដោះស្រាយមានតែអរគុណគាត់ អ៊ីមិនទៅជំទាស់ទៅប្រឆាំងអីទេ គោលការណ៍រដ្ឋទៅម៉េច អ៊ីក៏ទៅចឹងដែរ»

ក្រសួងដែនដី បានចេញផ្សាយសេចក្តីប្រកាសព័ត៌មានថា នៅថ្ងៃទី១៧ ខែកក្កដា ខាងមុខ នឹងរុះរើអគារប៊ូឌីង ឬហៅថាអគារស ដូច្នេះទាមទារឲ្យពលរដ្ឋរស់នៅតំបន់នេះ និងអ្នកធ្វើដំណើរមានការប្រុងប្រយ័ត្ន។ ក្រោយពេលពលរដ្ឋជាង ៩០ភាគរយយល់ព្រមលក់បន្ទប់របស់ខ្លួនក្នុងតម្លៃ ១.៤០០ដុល្លារក្នុងមួយម៉ែត្រការ៉េដែលក្រសួងកំណត់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក ជា សុផារ៉ា យកថ្ងៃទី៦ ខែមិថុនា ឲ្យពលរដ្ឋរើអីវ៉ាន់ចេញពីអគារ។

អ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក សេង ឡូត ឲ្យដឹងថា នៅពេលនេះមានតែពលរដ្ឋចំនួន ៧គ្រួសារ ឬស្មើនឹង ១ភាគរយប៉ុណ្ណោះមិនទាន់ចាកចេញ។ ប៉ុន្តែលោកអះអាងថា ព័ត៌មានចុងក្រោយដែលក្រសួងទទួលបាន ពួកគេកំពុងត្រៀមខ្លួនចាកចេញ។ រីឯករណីពលរដ្ឋរស់នៅលើដីចំណីផ្លូវ ៤គ្រួសារ ដែលស្នើសុំសំណងខ្លះពីក្រសួងនោះ លោកថាការផ្តល់សំណង គឺផ្អែកលើគោលការណ៍នៃការវាស់វែងត្រឹមត្រូវរួចហើយ ដូច្នេះអ្នកទាំងនោះ ក្រសួងគ្មានការផ្តល់សំណងបន្ថែមទៀតទេ៖ «ទោះជានៅផ្ទាល់ដី ឬកន្លែងលើ ចំណុចណាដែលអាចវាស់វែង ខាងជំនាញ និងបងប្អូនប្រជាពលរដ្ឋបានព្រមព្រៀងគ្នាអស់ហើយ អ្វីដែលលើសពីហ្នឹង មិនអាចធ្វើបានទៀតទេ»

របាយការណ៍របស់ក្រសួងដែនដី បង្ហាញថា ពលរដ្ឋរស់នៅអគារប៊ូឌីងមានចំនួន ៤៩៣គ្រួសារ។ អគារនេះមាន ៦ប្លុក ពីអា (A) ដល់អែហ្វ (F)។ ក្រុមហ៊ុនរបស់ជប៉ុន ឈ្មោះ អារ៉ាកាវ៉ា (Arakawa) ទទួលបានសិទ្ធិសាងសង់អគារកម្ពស់ ២១ជាន់នៅទីតាំងអគារប៊ូឌីង ដែលត្រូវចំណាយពេលប្រមាណ ៤ឆ្នាំ ក្នុងទំហំទឹកប្រាក់ជាង ៨០លានដុល្លារសហរដ្ឋអាមេរិក។

នាយកប្រតិបត្តិនៃអង្គការក្រុមការងារពិសេសសិទ្ធិលំនៅឋាន លោក សៀ ភារម្យ យល់ថា រដ្ឋមន្ត្រីក្រសួងដែនដី គួរមានគោលនយោបាយបន្ថែមដល់ពលរដ្ឋដែលមិនទាន់ចាកចេញ ជៀសវាងក្រុមទាំងនេះក្លាយជាឧបសគ្គនៃការអភិវឌ្ឍតំបន់នេះ៕

Leave a Reply